សង្ឃឹមថា ប្រព័ន្ធសុខាភិបាលកម្ពុជានឹងលែងមានរឿងមន្ទិល
ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមគ្រួសារអ្នកជំងឺដែលបានទទួលមរណៈដោយសារតែអ្នកជំងឺដាច់សរសៃឈាមខួរក្បាលកាលពីថ្ងៃទី ២៦ ខែ មករា ឆ្នាំ២០២៤ និង ការបកស្រាយបំភ្លឺរបស់ខាងមន្ទីរពេទ្យគឺនៅតែបន្តធ្វើអោយមហាជនមានមន្ទិល។
ករណីនេះគឺជាករណីដ៏រសើប ពាក់ព័ន្ធនឹងវិស័យសុខាភិបាលនៅកម្ពុជាដែលកំពុងតែត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងពង្រឹង។
ក្រោយពេលដែលរឿងនេះបានផ្ទុះឡើងសមាជិកក្រុមគ្រួសារជនរងគ្រោះ បានបង្ហោះសារនៅលើបណ្តាញសង្គមហើយត្រូវបានសារព័ត៌មានបកស្រាយទាំងទៅជនរងគ្រោះនិងចេញលិខិតបកស្រាយនិងអត្ថបទសារព័ត៌មានដែលបានធ្វើសេចក្តីរាយការណ៍នេះ ។
ក្រុមគ្រួសារជនរងគ្រោះបានរិះគន់ក្រុមបុគ្គលិកសុខាភិបាលនៅក្នុងមន្ទីរពេទ្យលើករណីចំណាត់ការយឺតយ៉ាវខាងសេវាកម្មសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ រឿងករណីតថ្លៃរថយន្តសង្រ្គោះ ជាដើម ប៉ុន្តែខាងមន្ទីរពេទ្យបានបកស្រាយថា អ្នកជំងឺមានសភាពធ្ងន់ធ្ងរខ្លាំង ហើយខាងក្រុម គ្រូពេទ្យក៏បានព្យាយាមជួយសង្រ្គោះអស់ពីលទ្ធភាព ក្រោយពីបានធ្វើការពិនិត្យ និងវិភាគអមវេជ្ជសាស្រ្តទៅតាមលក្ខណៈបច្ចេកទេស ដើម្បីរកមូលហេតុអោយបានច្បាស់លាស់រួចមក លទ្ធផលបង្ហាញថា អ្នកជំងឺដាច់សរសៃឈាមខួរក្បាលបណ្តាលឲ្យហូរឈាមក្នុងខួរក្បាលធ្ងន់ធ្ងរ ។
ខាងមន្ទីរពេទ្យក៏បានបន្តថា ក្រុមគ្រូពេទ្យផ្នែកសង្រ្គោះបន្ទាប់ បានពិភាក្សាជាមួយនឹងក្រុមគ្រួសារពេទ្យផ្នែកឯកទេសវះកាត់ខួរក្បាលនិងបានពន្យល់ពីស្ថានភាពរបស់អ្នកជំងឺ ដែលហូសពីលទ្ធភាពក្នុងការជួយសង្រ្គោះ តាមមធ្យោបាយវេជ្ជសាស្រ្តផ្សេងៗរួមទាំងការវះកាត់ខួរក្បាលផងដែរ ។
ប្រភពខាងមន្ទីពេទ្យក៏បានពន្យល់ទៀតថា ដោយក្រុមគ្រួសារអ្នកជំងឺបានសម្រេចចិត្តសូមយកអ្នកជំងឺទៅព្យាបាលនៅប្រទេសវៀតណាម ហើយក្រុមគ្រួសារអ្នកជំងឺក៏បានទំនាក់ទំនងមកផ្នែករថយន្តសង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យ ដើម្បីពិភាក្សាពីការបញ្ជូនអ្នកជំងឺបន្តទៅវៀតណាម ប៉ុន្តែក្រុមគ្រួសារអ្នកជំងឺបានសម្រេចចិត្តជ្រើសរើសយកសេវារថយន្តសង្រ្គោះបន្ទាន់ខាងក្រៅដោយខ្លួនឯង ហើយមន្ទីរពេទ្យបានសម្របសម្រូលអនុញ្ញាតិឲ្យចេញទៅ ព្យាបាលបន្តនៅ ប្រទេសវៀតណាម។
ទោះជាមានការបកស្រាយបែបនេះ ក៏ខាងគ្រួសារអ្នកជំងឺនៅតែលើកឡើង ពីបញ្ហាដោយសង្កត់ធ្ងន់ចំណុចសំខាន់ៗមួយចំនួន ដែលរួមមាន បញ្ហាមន្ទីរពេទ្យគ្មានអ្នកប្រចាំការគ្រាប់គ្រាន់ មានការយឺតយ៉ាវក្នុងការបញ្ជូនអ្នកជំងឺទៅបន្ទប់សង្គ្រោះបន្ទាន់ ត្រូវរង់ចាំពេទ្យខលដាស់គ្នា មិនមានការសង្គ្រោះបឋមត្រឹមត្រូវនិងការយកចិត្តទុកដាក់ ...។ល។
នៅលើបណ្តាញសង្គមក្រុមគ្រួសារអ្នកជំងឺបានបន្តចែករំលែកទៀតថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ក្រុមការងារក្រសួងសុខាភិបាល ក៏ដូច ក្រុមការងារមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានអញ្ជើញមកដល់គេហដ្ឋានអ្នកជំងឺនិងបានអុចធូបសុំខមាទោសដល់សព និងបាននាំយកបច្ច័យនិងគ្រឿងឧបភោគបរិភោគមកចូលបុណ្យ ដល់គេហដ្ឋាន ហើយខាងមន្ទីរពេទ្យនឹងបង្កើតក្រុមប្រឹក្សាវិន័យ ដើម្បីដាក់វិន័យទៅលើបុគ្គលដែលបានប្រព្រឹត្តខុសតាមច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវីល និងច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជា។
សរុបមក នេះគឺជាហេតុការណ៍ពាក់ព័ន្ធនឹងមន្ទិលខាងប្រព័ន្ធសុខាភិបាលកម្ពុជា ដូច្នេះសង្ឃឹមថា ខាងមន្ទីរពេទ្យនិងក្រសួងសុខាភិបាលនឹងបន្តយកចិត្តទុកដាក់លើរឿងនេះ ហើយក៏សង្ឃឹមថា រឿងនេះបញ្ហានេះនឹងមិនកើតឡើងនៅមន្ទីរពេទ្យផ្សេងទៀត៕