សង្ឃឹមថា ចាប់ពីខែមិថុនា សេវាកម្មដឹកជញ្ជូនតាមរថភ្លើងនឹងកែលំអ

តាមគម្រោងដែលគ្រោងក្រុមហ៊ុន រ៉ូយ៉ាល់ រ៉ៃវេកម្ពុជានឹងដាក់ឲ្យដំណើរការរថភ្លើងដែលខ្លួនបានបញ្ជាទិញពីជប៉ុននៅក្នុងរង្វង់ខែមិថុនាខាងមុខ ដូច្នេះយើងសង្ឃឹមថា ស្តង់ដា និងគុណភា​ពនៃសេវាកម្មដឹកជញ្ជូននេះនឹងកែលំអបន្ថែមមួយកម្រិតទៀត។

នៅមុនពេលដែលរថភ្លើងដែលក្រុមហ៊ុនបានបញ្ជាទិញពីជប៉ុនត្រូវដាក់ឲ្យដំណើរការ គណៈប្រ​តិភូក្រុមហ៊ុនមួយក្រុមបានចូលរាយការណ៍ជូន លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារ​ណ​កា​រ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ។

តាមសេចក្តីរាយការណ៍ដែលក្រសួងបានប្រកាសនៅក្នុងជំនួបនោះ លោក ប៉េង ពោធិ៍នា បានប្រាប់ទៅក្រុមហ៊ុន រ៉ូយ៉ាល់ រ៉ៃវេ កម្ពុជា ឲ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការធានានូវសុវត្ថិភាព និងផា​សុកភាពរបស់បងប្អូនអ្នកដំណើរ នៅពេលដែលទូរថភ្លើងទើបតែទិញពីជប៉ុនដាក់ឱ្យដំណើរការ។

លោករដ្ឋមន្រ្តីបានប្រាប់ គណៈប្រតិភូក្រុមហ៊ុន ដឹកនាំដោយលោក ចន ហ្គីរី (John Guiry) នា​យកប្រតិបត្តិក្រុមហ៊ុន ដោយផ្ទាល់នៅក្នុងជំនួបនោះ​ដោយ សង្កត់ធ្ងន់ លើការលើកកម្ពស់សុ​វត្ថិភាពនៃដំណើរប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន ទាំងការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងដល់សាធារណជន។ ការបណ្តុះបណ្តាលអ្នកបើកបរ ការបំពាក់ផ្លាកសញ្ញា និងរបារសុវត្ថិភាព ជាពិសេសនៅត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងតំបន់ទីប្រជុំជនដែលមានចរាចរណ៍មមា​ញឹក ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ ឱ្យអស់ពីលទ្ធភាព និងសមត្ថភា​ពដែលអាចធ្វើបាន។

នេះគឺជាការលើកឡើងដោយលោករដ្ឋមន្រ្តីខណៈដែលពេលនេះក្រុមហ៊ុន មានគម្រោងនឹង ដា​ក់ឲ្យដំណើរការនូវសេវាកម្មដឹកជញ្ជូននូវរថភ្លើងដែលទើបតែបញ្ជាទិញពីជប៉ុន ហើយបានដឹកមកដល់កម្ពុជា នៅក្នុងរង្វង់ខែមិថុនា។​

មកដល់ពេលនេះ នៅក្នុងចំណោសេវាកម្មដឹកជញ្ជូននានា របស់កម្ពុជាសេវាកម្មដឹកជញ្ជួនតាម រថភ្លើងជាសេវាកម្មដែលមានស្ថានភាពយ៉ាប់យឺនជាងគេ ដូច្នេះហើយបានជាគម្រោងពង្រីក​ស​ក្តានុពលនែសេវាកម្មនេះសំខាន់នឹងជាគោលដៅលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ។

ផ្អែកតាមអនុសាសន៍របស់លោករដ្ឋមន្រ្តី និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា យើងសង្ឃឹមថា ក្រុមហ៊ុនសម្បទានដែលទទួលសិទ្ធិគ្រប់គ្រងប្រតិបត្តិការដឹកជញ្ជូនតាមសេវាកម្មនេះនឹងយកចិត្តទុកដាក់ហើយពង្រឹងសកម្មភាពដូចដែលគេកំពុងតែលើកទឹកចិត្ត។ នៅក្នុ​ងករណីដែលសេវាកម្មមានការកែលំអរ នោះសេវាកម្មនេះនឹងទទួលការគាំទ្រនោះ វានឹងរីកចម្រើន៕

 

 

Daily Program

Livesteam thumbnail