សង្ឃឹមថា ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននឹងកាន់តែក្តៅគគុកថែមទៀត

កំណើននៃការប្រយុទ្ធប្រឆាំងនិងបង្រ្កាបគ្រឿងញៀននៅកម្ពុជាគឺកាន់តែកើនឡើង ហើយនៅក្នុងឆ្នាំ២០២៥នេះសង្ឃឹមថា វានឹងកើនឡើងបន្ថែមទៀត ហើយជាមួយនឹងកំណើននេះយើងសង្ឃឹមថា បញ្ហាវានឹងកាត់បន្ថយពីស្រុកយើង ។
តាមរបាយការណ៍ ដែលសមត្ថកិច្ចបានធ្វើការផ្សព្វផ្សាយនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបង្ហាញថា នៅឆ្នាំ២០២៤ ករណីគ្រឿងញៀនដែលបង្ក្រាបបានមានចំនួនដល់ទៅ១០.៦៣០ករណី កើនឡើង ២.៥៦៧ករណី ស្មើរ៣១,៨៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣។
របាយការណ៍ដដែលក៏បានបន្ថែមទៀតថា សម្រាប់ការឃាត់ខ្លួនជនសង្ស័យគឺមានចំនួនដល់ទៅ២៧.០៧១នាក់ កើន ៣៥,៥៣ភាគរយ មិនតែប៉ុណ្ណោះ គ្រឿងញៀនដែលសមត្ថកិច្ចបានរឹបអូសយកមានចំនួនជិត១៥តោន កើនឡើងដល់ទៅ ៤ដង បើធៀបឆ្នាំ២០២៣។
របាយការណ៍បានគូសបញ្ជាក់ទៀតថា គ្រឿងញៀនដែលរឹបអូសគឺមានដូចជាប្រភេទមេតំហ្វេតាមីន, កេតាមីន, ហេរ៉ូអ៊ីន កូកាអ៊ីន និងអ៊ិចស្ដាស៊ីដោយគ្រឿងញៀនទាំងនោះគឺមកចម្រុះពោលគឺពីតំបន់ត្រីកោណមាស និងមកពីអាមេរិកខាងត្បូង។
នេះគឺជាសមិទ្ធផលការងារកាលពីឆ្នាំ២០២៤ទើបតែកន្លងទៅជិត៣ខែប៉ុណ្ណោះ ប៉ុន្តែតាមស្មារតីនិងការលើកឡើងរបស់ថ្នាក់ដឹកនាំនៅក្នុងឱកាសសន្នបាតនេះ យើងរំពឹងថា សមរភូមិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៅក្នុងឆ្នាំនេះនឹងកាន់តែផុលផុសបន្ថែមទៀត ។
ជាក់ស្តែង លោក ស សុខា ឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងក្នុងសន្និបាតខាងលើថា សម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺលែងឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាលទៀតហើយ ពោលគឺរាជរដ្ឋាភិបាល រួមទាំងក្រសួងមហាផ្ទៃ នឹងចាត់វិធានការវះកាត់សាច់ស្អុយចោលតែម្ដង។
ប្រមុខក្រសួងមហាផ្ទៃ ក៏បានថ្លែងដោយ ត្រង់ៗថា បញ្ហាគ្រឿងញៀននៅកម្ពុជា បើមិនមានការពាក់ព័ន្ធនឹងមន្ត្រីជាអ្នកអនុវត្តច្បាប់មួយចំនួននោះទេ ប្រាកដណាស់បញ្ហានេះមិនធំដុំដូចបច្ចុប្បន្នឡើយ ហើយ ក៏បានស្នើឲ្យមន្ត្រីមានសមត្ថកិច្ចទាំងអស់ឲ្យខិតខំពន្លាតការស្រាវជ្រាវដោយផ្តោតទាំងមុខសញ្ញាអ្នកដែលប្រព្រឹត្ត និងមុខសញ្ញាដែលពាក់ព័ន្ធជាខ្នងបង្អែក។
ប្រសិនបើអ្វីៗនឹងប្រពឹត្តទៅដូចជាការលើកឡើងដោយលោកឧបនាយករដ្ឋមន្រ្តីមែននោះ វាគឺជារឿងដ៏ប្រសើរបំផុត ហើយពលរដ្ឋនឹងគាំទ្រ ។ ក្រៅពីគាំទ្រហើយពលរដ្ឋក៏កាន់តែកក់ក្តៅ ពីព្រោះបញ្ហាគ្រឿងញៀនឥឡូវនេះ វាចាក់ឫចូលជ្រៅរួចទៅហើយទៅក្នុងសង្គមកម្ពុជា ប៉ុន្តែប្រសិនបើអ្វីៗដំណើរការដូចដែលការប្តេជ្ញាចិត្តមែនគឺបញ្ហានឹងអាចកាត់បន្ថយបន្តិចម្តង ហើយរាស្រ្តនឹងបន្តចូលរួមគាំទ្រជាស្មារតីនិងទឹកចិត្តបន្ថែមទៀតនោះកិច្ចការនេះនឹងកាន់តែប្រសើរ ។
Daily Program
