សង្ឃឹមថា កម្ពុជានឹងអាចបន្តទាក់ទាញគម្រោងវិនិយោគបន្ថែមទៀត!
បើដូចជាអ្វីដែលលោក ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរំពឹងមែននោះ វាពិតជាក្តីសង្ឃឹមដ៏ធំសម្រាប់កម្ពុជាពីព្រោះនេះគឺជាសមិទ្ធផលថ្មីដែលកម្រមានសម្រាប់ កម្ពុជា ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា ដែលគេហៅថាប្រព័ន្ធ cdcIPM នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា កន្លងទៅនេះលោក ស៊ុន ចាន់ថុល បាន រំពឹងថា នៅដំណាច់ឆ្នាំ២០២៤ខាងមុខនេះ គម្រោងវិនិយោគប្រមាណ៤០០គម្រោង ឬលើសនេះ នឹងត្រូវអនុម័ត ដែលជាប្រវត្តិថ្មីមិនធ្លាប់មាន សម្រាប់កម្ពុជា ពីមុនមក។
តាមអ្វីដែលលើកឡើង គិតមកទល់ពេលនេះ រាជរដ្ឋាភិបាលបានអនុម័តគម្រោងវិនិយោគចំនួន ៣៧៩គម្រោង ដែលមានទុនវិនិយោគប្រមាណ ៦ពាន់លានដុល្លារ កើនឡើង ១២៩គម្រោង បើធៀបនឹងឆ្នាំ២០២៣ ដែលមានតែ ២៦៨គម្រោង មានទំហំ ៤.៩ពាន់លានដុល្លារ ។
គម្រោងនេះវាកើនឡើងស្រាប់ទៅហើយ ប៉ុន្តែនៅសល់ជាង១ខែទៀតទើបដាច់ឆ្នាំ ហើយបើដូចលោកឧបនាយករដ្ឋមន្រ្តីសង្ឃឹមមែននោះ វាគឺពិតជសមិទ្ធផលដ៏មហាសាលសម្រាប់កម្ពុជា ។
កម្ពុជាសង្ឃឹមច្រើនណាស់ ជាពិសេសគឺក្រោយពេលដែលគណប្រតិភូកម្ពុជាបានធ្វើដំណើរទៅគោះទ្វាវិនិយោគិនបរទេសនៅប្រទេសជាច្រើននៅក្នុងឆ្នាំនេះគឺំមានតាំងពីនៅអឺរ៉ុប អាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូងជាដើម ។ តាមក្តីរំពឹងនោះ ក្រុមហ៊ុនដែលអាចនឹងមកកម្ពុជា នៅក្នុងមកពីសហរដ្ឋអាមេរិក កាណាដា អឺរ៉ុប ខណៈដែលចិនបានកំពុងតែមកស្រាប់ ហើយជប៉ុនខ្លះនៅក្នុងស្រុកក៏បាន ពង្រីក ប្រតិបង្តិការអាជីវកម្មនៅកម្ពុជា ប៉ុន្តែក៏យើងត្រូវរៀបចំផ្ទះយើងឱ្យស្អាត។
គម្រោងវិនិយោគទាំងនោះ គឺក្រៅពីគម្រោងវិនិយោគដែលមានស្រាប់ ដូចជា ឧស្សាហកម្មកាត់ដេរសម្លៀក បំពាកនិងទំនិញដែលធ្វើដំណើង វិនិយោគិនដែលថ្មីគឺមានដូចជា វិស័យអេឡិចត្រូនិក មេកានិក កែច្នៃកសិផល ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងថាមពលជាដើម ដែលនេះគឺសុទ្ធសឹងតែជាវិស័យដែលកម្ពុជាចង់បាន ពីព្រោះកម្ពុជាបានកំពុងតែដាក់គោលដៅប្រែក្លាយពីឧស្សាហកម្មធុនស្រាលដែលមានកាត់ដេរ នៅទីជាឧស្សាហកម្មធុនមធ្យម ។
ការបង្ហើបនេះគឺជារឿងដែលគួរឲ្យអបអរ ប៉ុន្តែក្រៅពីការអបអរហើយនោះ យើងក៏ចាំបាច់គួរតែគិតគូរធ្វើ យ៉ាងណាបន្តគាំពារនិងទំនុកបម្រុងនិងបរិយាកាសកាន់តែអំណោយផលដល់ពួកគេបន្ថែមទៀត ។
ការដែលពួកគេមកដាក់ទុននៅកម្ពុជាគឺជារឿងលំបាកមួយ ប៉ុន្តែការថែរក្សានិងលើកទឹកចិត្តឲ្យពួកគេបន្ត ពង្រីកផលិតកម្មនៅក្នុងប្រទេសរិតតែសំខាន់ថែមទៀត បើមិនដូច្នេះទេ គេអាចលើកកញ្ជើដើរចេញពីកម្ពុជាក៏បាន។
សរុបមកវិញ ការទាក់ទាញវិនិយោគិនគឺជារឿងដែលយើងត្រូវតែបន្តធ្វើ តែការគាំពារនិងលើកទឹកចិត្តក៏កាន់តែសំខាន់និង យកចិត្តទុកដាក់បន្ថែមទៀត ដើម្បីកុំអោយគេមក ហើយគេខកចិត្តដើរចេញទៅវិញ នោះ៕