សង្ឃឹមថាកម្ពុជាកាន់តែសកម្មប្រឆាំងនឹងអំពើជូញដូរមនុស្ស

ការបង្រ្កាបការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទរបស់ប្រទេសកម្ពុជានៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤​គឺបង្ហាញពីការខិតខំរបស់កម្ពុជានៅក្នុងការទប់ស្កាត់អំពើដ៏លាមករំលោភលើសិទ្ធិសេរីភាពរបស់មនុស្សជាតិ ។​

យោងតាមគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្សបានឲ្យដឹងថា នៅក្នុងរយៈពេលនេះ អាជ្ញាធរកម្ពុជាបានស៊ើបអង្កេតនិងចាតិវិធានការបង្រ្កាបករណីចំនួន ១០៤ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១៣៤ នាក់ ក្នុងនោះមានជនបរទេស ៤នាក់។

ក្រោយការអនុវត្តច្បាប់ អាជ្ញាធរបានជួយសង្គ្រោះជនរងគ្រោះចំនួន ២៩០នាក់នៅក្នុងនោះ ២៤១ នាក់ជាស្រ្តី​ហើយ នៅក្នុងចំណោមនោះ ១៣៤ នាក់ ឫ ៤៦ ភាគរយ​គឺជាអនិតិជន ។​

ជោគជ័យនេះបង្ហាញពីការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ដែលជាបញ្ហាដែលបានញាំញីក្នុងតំបន់ជាយូរមកហើយ។ ការសង្គ្រោះអនិតិជន ចំនួន ១៣៤នាក់បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការបន្តការយកចិត្តទុកដាក់លើការការពារប្រជាជនដែលងាយរងគ្រោះ ជាពិសេសអនីតិជនដែលប្រឈមនឹងហានិភ័យបំផុតនៃការកេងប្រវ័ញ្ចនិងការជួញដូ ហើយ ការរកឃើញការពាក់ព័ន្ធរបស់ជនបរទេសក្នុងចំនោមជនសង្ស័យបានគូសបញ្ជាក់អំពីទំហំអន្តរជាតិនៃបណ្តាញជួញដូរមនុស្ស ដោយបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាសកលក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មនេះ។

អំពើជួញដូរមនុស្សគឺជាអំពើដ៏លាមកបំផុត ដែលមិនគួរកើតមាន ហើយសង្ឃឹមថា អាជ្ញាធរកម្ពុជាគ្រប់កម្រិតនិងលំដាប់ថ្នាក់នឹងបន្តខិតខំប្រឹងប្រែងបន្ដែមទៀត ដើម្បីបន្តស្វែងរកក្រុមមេខ្លោងនៃឧក្រិដ្ឋាកម្មនេះ ដើម្បីធានាថា សង្គមកម្ពុជាគឺជាសង្គមមួយ ដែលពិតជារំដោះខ្លួនចេញពីអំពើដ៏អាក្រក់នេះបន្ថែមទៀត ។​

ជនបង្ក និង ជនដែលពាក់ព័ន្ធជាពិសេសមេក្លោងនៃក្រុមឧក្រិដ្ឋជនដែលដឹកនាំបង្ករឧក្រិដ្ឋកម្មបែបនេះមិនគួរអត់ឱនអោយបានឡើយ ដូច្នេះកម្ពុជាត្រូវតែកសាងនូវសន្ទុះនេះទៅមុខបន្ថែមទៀត តាមការពង្រឹងការការពារផ្លូវច្បាប់ ការកែលម្អសេវាគាំទ្រជនរងគ្រោះ និងបង្កើនការយល់ដឹងជាសាធារណៈ ដើម្បីទប់ស្កាត់ការកេងប្រវ័ញ្ច មុនពេលវាកើតឡើង។

អំពើជួញដូរមនុស្សជាទូទៅវាច្រើនកើតមានឡើងនៅពេលដែលពលរដ្ឋក្រីក្រ កាលណាក្រីក្រមនុស្សងាយចាញ់ឧបាយកលគេបំផុត ដូច្នេះហើយសង្ឃឹមថា  អ្នកដែលពាក់ព័ន្ធនឹងបន្តខិតខំគៀងគរជំរុញការលុបបំបាត់ភាពក្រីក្រឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ។​

សរុបសេចក្តី កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការបង្រ្កាបករណីជួញដូមនុស្ស គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរ និងការកេងប្រវ័ញ្ច។ តាមរយៈការបន្តឱ្យជនល្មើសទទួលខុសត្រូវ និងជួយសង្គ្រោះជនរងគ្រោះ ប្រទេសកម្ពុជាយើងកំពុងបង្ហាញពីការប្តេជ្ញាចិត្តកាន់តែខ្លាំងក្នុងការការពារសិទ្ធិមនុស្ស ជាពិសេសស្ត្រី និងកុមារ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពប្រកបដោយនិរន្តរភាពគឺចាំបាច់ដើម្បីធានាបានជោគជ័យយូរអង្វែងក្នុងការលុបបំបាត់ការអនុវត្តដ៏អាក្រក់ទាំងនេះ។

Daily Program

Livesteam thumbnail