សង្ឃឹមឆ្នាំ២០២៥! វិស័យដឹកជញ្ជូនផ្លូវដែកកម្ពុជាដំណើរការប្រសើរនិងរលូន

វិស័យដឹកជញ្ជូនផ្លូវដែកនៅកម្ពុជានៅក្នុងឆ្នាំ២០២៤នេះ ឃើញសកម្មភាពរស់រវើកច្រើនជាពិសេសនៅប៉ុន្មានខែចុងឆ្នាំនេះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងនាមជាពលរដ្ឋកម្ពុជាគឺពិតជាចង់ឃើញ សេវាកម្មដឹកជញ្ជូនដ៏ចំណាស់នេះនឹងបន្តរីកចម្រើនបន្ថែមទៀតនៅក្នុងឆ្នាំ២០២៥ខាងមុខ។

ផ្លូវដែកពីរខ្សែដែលសាងសង់តាំងពីអំឡុងពេលសន្តិភាពសរុបប្រមាណជា​៦៥០ គីឡូម៉ែត្រដែលភ្ជាប់ពីប៉ោយប៉ែត ឆ្លងកាត់ក្រុងសិរីសោភ័ណ បាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង រាជធានីភ្នំពេញបន្តទៅតាកែវ កំពត និងខេត្តព្រះសីហនុ គឺពិតជាទ្រុធទ្រោមមែន តែក៏មានការជួសជុលដែរ ដូច្នេះសង្ឃឹមថា វានឹងអាចបន្តសកម្មភាពរស់វើកជាងមុន។

នៅក្នុងឆ្នាំ២០២៤ ដែលជិតដាច់ទៅហើយនេះ គេដឹងថា មានការនាំទូររថភ្លើងជជុះពីជប៉ុន ហើយកំពុងតែ​ដំណើរការខ្លះៗ និងការនាំចូលថ្មី និង​ជជុះពីប្រទេសមួយចំនួន ហើយ នៅថ្ងៃសុក្រទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ ទូរថភ្លើងដឹកទំនិញចំនួន ៣៦គ្រឿងទៀតពីប្រទេសចិនក៏បានមកដល់។

ទូររថភ្លើងដឹកទំនិញទាំងនេះត្រូវបានមកដល់និងលើកដាក់ចុះពីនាវាជោគជ័យហើយ ដើម្បីពង្រឹងបន្ថែមទៀតនូវសេវាកម្មដឹកជញ្ជូនតាមរថភ្លើងដោយមានប្រសិទ្ធភាពក្នុងប្រទេសកម្ពុជា។

គេដឹងថារថភ្លើងដឹកទំនិញថ្មីទាំងនេះ ត្រូវបានផលិតដោយក្រុមហ៊ុនដ៏ល្បីឈ្មោះមួយ នៃប្រទេសចិន។ វាត្រូវបានបង្កើតឡើងដោយសមត្ថិភាពពិសេសជាច្រើនសម្រាប់ការផ្គត់ផ្គង់ការដឹកជញ្ជូនដូចជាកុងតឺន័រ គ្រឿងចក្រ ឬសម្ភារៈសំណង់ ខ្សាច់ ឬទំនិញផ្សេងៗទៀតយ៉ាងជំនាញ។

ក្រុមហ៊ុនដែលកំពុងតែទទួលបានសិទ្ធិសម្បទានធ្វើអាជីវកម្មបានអះអាងថារថភ្លើងដឹកទំនិញទាំងនេះនឹងជាការឆ្លើយតបល្អប្រសើរទៅនឹងតម្រូវការដឹកជញ្ជូនតាមរយៈផ្លូវដែកក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវេ ខេមបូឌា (Royal Railway Cambodia) បានអះអាងថា មុនពេលចូលបម្រើសេវាកម្ម រថភ្លើងដឹកទំនិញទាំង ២៦គ្រឿង នឹងត្រូវបានធ្វើតេស្តប្រព័ន្ធហ្វ្រាំង និងប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀត ដើម្បីធានាសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់ក្នុងពេលបម្រើសេវាកម្មជូនដល់អតិថិជន រួចនឹងដាក់ឱ្យដំណើរសេវាកម្មចាប់ពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៤តែម្តង។

ក្រុមហ៊ុននេះបានលើកឡើងទៀតថា ក្រៅពីរថភ្លើងថ្មីផលិតពីចិននេះ រថភ្លើងដឹកទំនិញថ្មីចំនួន ៤គ្រឿងផ្សែងទៀតនឹងគ្រោងមកដល់កម្ពុជានៅដើមខែមករា ឆ្នាំ ២០២៥ ចំណែកទូកបន្ថែមផ្សេងៗទៀតនឹងមកដល់ក្នុងប៉ុន្មានខែបន្ទាប់។

សរុបទៅនេះគឺជាព័ត៌មានវិជ្ជមាន ហើយសង្ឃឹមថា ព័តមានទាំងនេះនឹងបន្តរីករាយហើយសកម្មភាពដឹកជញ្ជូនតាមរថភ្លើងនឹងកាន់តែមានការគាំទ្រ ស្របតាមការចង់បានរបស់រាជរដ្ឋាភិបាល។ សូមឲ្យឆ្នាំ២០២៥ សេវាកម្មរដឹកជញ្ជូនតាមផ្លូវដែកកម្ពុជា កាន់តែសកម្មនិងកាន់តែទទួលស្គាលពីពលរដ្ឋ ប៉ុន្តែបើចង់ឲ្យពលរដ្ឋស្គាល់តម្លៃគួរតែសមរម្យ ខណៈដែលពេលនេះ មានការលើកឡើងថា ការដឹកជញ្ជូននេះគឺនៅតែសកម្ម៕​

Daily Program

Livesteam thumbnail