សង្ឃឹមក្រោយជំនួបដើមសប្តាហ៍ក្រោយវិស័យឯកជននឹងទទួលពន្លឺដើម្បីកំណើនជាថ្មី
តាមការគ្រោងទុកនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃចន្ទ សប្តាហ៍ក្រោយសម្តេចធិបតីហ៊ុន ម៉ាណែត ជួបជាមួយនឹងមេដឹកនាំវិស័យឯកជន សេដ្ឋកិច្ចកម្ពុជានឹងស្ទុះឡើងដោយសារតែចំណាត់ការត្រូវបានដាក់ចេញចំបញ្ហា។
វិស័យឯកជននៅពេលនេះបានកំពុងតែជួបនូវបញ្ហាជាច្រើន ដែលសង្ឃឹមថា ពួកគេនឹងទទួលបានការឆ្លើយតបមួយដ៏វិជ្ជមាន ក្រោយពេលដែលពួកគេបានជួបនិងរងផលប៉ះពាល់ជាបន្តបន្ទាប់ចាប់តាំងពីការរីករាលដាលនៃមេរោគកូវីដ ១៩ ជាពិសេសគឺវិស័យទេសចរណ៍ សំណង់និងអចលនទ្រព្យ សេវាកម្ម ហិរញ្ញវត្ថុជាដើម។
មកដល់ពេលនេះយើងនៅតែមិនទាន់ដឹងថា តើខាងវិស័យឯកជននឹងលើកបញ្ហាអ្វីខ្លះ ហើយខាងរដ្ឋាភិបាលបានឆ្លើយតបយ៉ាងណានៅឡើយទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមការងារវិស័យឯកជន ដែលមានទាំងអស់១៤ ក្រុម គឺបានធ្វើការនិងពិភាក្សាជាបន្តបន្ទាប់ជាមួយនឹងស្ថាប័នពាក់ព័ន្ធតាមជំនាញ តាមវិស័យ ដើម្បីរកដំណោះស្រាយ និងបើកមុខបញ្ហា នៅមុនជំនួបដែលបានគ្រោងនឹងធ្វើ។
ជាក់ស្តែង កាលពី រសៀលថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ថ្មីៗនេះ សម្តេចធិបតី ក៏បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្នែករាជរដ្ឋាភិបាល និងផ្នែកឯកជន ពិភាក្សាការងារលើវិស័យទេសចរណ៍កម្ពុជា នៅវិមានសន្តិភាព ដែលវិស័យនេះ គឺជាវិស័យដ៏ចំបងបំផុត ហើយរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារ តែកូវីដ ១៩។
ក្រៅពីវិស័យទេសចរណ៍ វិស័យសំណង់និងអចលនទ្រព្យក៏រងសំពាធមិនធម្មតាដែរមួយរយៈពេលនេះ ហើយសម្តេចធិបតីក៏បានបង្ហើបរួចហើយកាលពីពេលថ្មីៗនេះថា លោកនឹងដាក់ចេញនូវគោលនយោបាយមួយដែលឆ្លើយតបនឹងបញ្ហានៅថ្ងៃទី ១៣ ខាងមុខដែរ ខណៈដែល ពេលនេះមានសេចក្តីរាយការណ៍ថា មានការស្នើសុំអោយបើកសិទ្ធិអោយជនបរទេសមានសិទ្ធិទិញអចលនទ្រព្យចាប់ពីជាន់ផ្ទាលដីឡើង ខណៈពេលមុន គឺអនុញ្ញាតអោយទិញតែអគាខុនដូ ដែលមានកម្មសិទ្ធិត្រឹមជាន់ទីមួយ ឡើងប៉ុណ្ណោះ។
កាលណាទេសចរណ៍ធ្លាក់ ហើយវិស័យសំណង់ និងអចលនទ្រព្យមិនសូវស្រួល ស្ថានភាពទីផ្សារប្រព័ន្ធហិរញ្ញវត្ថុនិងធនាគារក៏មានបញ្ហាផងដែរ ដូច្នេះវាក៏ទាក់ទងគ្នា ដោយឡែកវិស័យផ្សេងៗទៀតក៏ទំនងជានឹងបានត្រៀមអស់ហើយដើម្បីដាក់ជូននាយករដ្ឋមន្រ្តី ។
សរុបមកវិញយើងខ្ញុំសង្ឃឹមថា រដ្ឋាភិបាលនិងវិស័យឯកជននឹងរកឃើញបញ្ហាអវិជ្ជមានរួមគ្នា ហើយដាក់ចេញនូវយុទ្ធសាស្រ្តឈ្នះៗទាំងអស់គ្នាពោលគឺធ្វើយ៉ាងណាអោយក្រុមហ៊ុន បន្តចំណេញ ហើយរដ្ឋក៏មានចំណូល តែសំខាន់ចំណូលនោះចូលជាតិកុំចូលបុគ្គល៕