ល្មមឈប់វែកញែកហើយករណីអតីតឧកញ៉ា ស្រី ស៊ីណា
ករណីឃាតកម្មដ៏សាហាវដែលមានទាំងសាក្សីនិងមានទាំងភស្តុតាយ៉ាងជាក់ស្តែងបានបង្កកំហឹងនឹងការវែកញែកឡើងព្រោងព្រាធតាមបណ្តាញសង្គមជាច្រើនច្រកច្រើនកម្មវធី រហូតដល់ភ្ញាក់ផ្អើលដល់នាយករដ្ឋមន្រ្តីហើយឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចេញមុខបកស្រាយច្បាប់ថែមទៀត ។
ផ្អែកតាមការសង្កេតចាប់តាំងពីថ្ងៃកើតហេតុជាងសប្តាហ៍មកនេះករណីនេះគឺជារឿងដែលផ្ទុះការចាប់អារម្មណ៍ខ្លាំងបំផុត ហើយក៏ផ្ទុះការវែកញែកនិងបញ្ចេញយោបល់ច្រើនបំផុត រហូតដល់នាយករដ្ឋមន្រ្តីបញ្ជាឱ្យធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌដើម្បីដាក់ទោសទណ្ឌបន្ថែមលើអំពើបាញ់ប្រហារដ៏សាហាវ ។
ហើយដើម្បីឲ្យសាធារណៈមតិកាន់តែយល់ច្បាស់បន្ថែមទៀតនោះ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុតិ្តធម៌ក៏បានចេញមុខបកស្រាយបន្ថែមទៀតកាលពីថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ២០២៤កន្លងទៅ ។
លោកឧបនាយករដ្ឋមន្រ្តក៏បាន សម្តែងការខកចិត្តចំពោះការផ្សព្វផ្សាយប្រៀបធៀបរវាងករណីនេះនឹងករណីដ៏ទៃរហូតដល់មហាជន មានការភាន់ច្រឡំ និងបញ្ឆេះការឈឺចាប់នៅក្នុងសង្គម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដោយគ្មានការទទួលខុសត្រូវ។
លោកបានបញ្ជាក់ថា អ្វីដែលជាការពិតលើទិដ្ឋភាពច្បាប់ ករណីនៃការបាញ់ប្រហារត្រូវបានចោទប្រកាន់ក្នុងពីរសំណុំរឿងដាច់ដោយឡែកពីគ្នា ហើយសំណុំរឿងនីមួយៗ អាចប្រឈមនឹងការដាក់ពន្ធនាគារពី១០ ទៅ១៥ឆ្នាំ ដូច្នេះជនសង្ស័យដែលមានភស្តុតាងដ៏ប្រត្យក្របែបនេះនឹងទទួលរងទោសជាប់ពន្ធនាគាររយៈពេលវែង។
បន្ទាប់ពីចាប់ខ្លួន អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោកស្រី ស៊ីណា ក្នុងសំណុំរឿងចំនួន ២ដាច់ពីគ្នា នៅក្នុងបទល្មើសចំនួន៣ រួមមាន៖ បទឃាតកម្ម បទប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធខុសច្បាប់។
នៅក្នុងសំណុំរឿងចំនួន២នេះ ជនល្មើសស្រី ស៊ីណា នឹងត្រូវកាត់ទោសដោយសាលក្រមចំនួន២ដាច់ដោយឡែកពីគ្នាដែរហើយរយៈពេលត្រូវជាប់ទោសមិនខ្លីនោះទេ ។
នេះគឺជាការពន្យល់របស់មន្រ្តីកំពូលអ្នកច្បាប់មួយរូប ដូច្នេះសូមស្ងប់ចិត្តហើយរង់ចាំមើលថា ករណីនេះនឹងវិវត្តន៍ទៅយ៉ាងណា ។ ស្តាប់អ្នកជំនាញហើយគួរតែស្ងប់ស្ងាត់ នឹងបន្តតាមដាន ដើម្បីទុកឲ្យសមត្ថកិច្ចនិងជំនាញ គេធ្វើការ ។ ការបញ្ចេញយោបល់ និង ទស្សនៈច្រើន គឺអាចនឹងនាំឲ្យមានការរំខានដល់អ្នកច្បាប់និងអ្នកជំនាញទៅវិញទេ ។