រោងចក្រស្រាបៀរនៅកម្ពុជាពិតជាច្រើនមែន !
រោងចក្រស្រាបៀរនៅកម្ពុជាពិតជាច្រើនមែន ដូច្នេះវាគឺជារឿងត្រឹមត្រូវបំផុតដែលប្រមុខរាជរដ្ឋាភិបាលប្រកាសបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណបន្ថែមទៀត ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានប្រកាសថា រាជរដ្ឋាភិបាលបានសម្រេចបញ្ឈប់ការផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនផលិតស្រាបៀរ សម្រាប់ការចែកចាយនៅក្នុងស្រុក ទៀតហើយ លើកលែងតែ ផលិតសម្រាប់ការនាំចេញ ។
សម្តេចធិបតីបានប្រកាសជាចំហរថា មកដល់បច្ចុប្បន្ននេះ អាជ្ញាប័ណ្ណផលិតស្រាបៀរគឺត្រូវបានរាជរដ្ឋាភិបាលប្រគល់ជូន៧ក្រុមហ៊ុនគឺគ្រប់គ្រាន់ ។ សម្តេចបានបន្ថែមថា ការប្រកាសបែបនេះគឺជាការតម្រង់ទិសរបស់រាជរដ្ឋាភិបាល ជុំវិញសំណើរបស់វិស័យឯកជន ដោយសារតែទីផ្សារកម្ពុជាមិនតម្រូវឲ្យមានរោងចក្រស្រាបៀរផលិតដើម្បីបម្រើទីផ្សារនៅក្នុងស្រុកបន្ថែមទៀតឡើយ។
ការបញ្ឈប់ផ្តល់អាជ្ញាប័ណ្ឌអោយក្រុមហ៊ុនផលិតស្រាបៀរ ក្រុមហ៊ុនធ្វើអាជិវកម្មរ៉ែឫព្រៃឈើនៅតំបន់ដែលរងផលប៉ះពាលដូចជាព្រៃឡង់ ក៏ដូចជាអាជ្ញារប័ណ្ណកាស៊ីណូ ដែលសម្តេចបានប្រកាសកន្លងមក គឺជារឿងត្រឹមត្រូវ ពីព្រោះអាជ្ញាបណ្ណទាំងនេះ ច្រើនពេកវាមិនល្អសម្រាប់សង្គមឡើយ ។
ការចេញសារបែបនេះគឺវាស្របនឹងប្រពៃណីនិងវប្បធម៌ខ្មែរ ពីព្រោះស្រា ល្បែង និង ការធ្វើការកេងប្រវ័ញ្ញគឺសុទ្ធសឹងតែជារបរដែលប្រពៃណីនិងសាធារណៈជនមិនសូវគាំទ្រឡើយ។ ស្រានិងល្បែងគឺនៅក្នុងបម្រាមមួយដែលចាស់បុរាណហាមឃាត់ ។
ក្រៅពីនេះនៅលើទិដ្ឋភាពសង្គមនិងសុខភាពវិញក៏មិនសូវជាមានការគាំទ្រដែរ ពីព្រោះវាសុទ្ធសឹងតែជាប្រភពនៃការបំផ្លាញសីលធម៌ ប្រភពបង្កបញ្ហា ហិង្សា បញ្ហគ្រោះថ្នាក់ដល់សង្គមនិងធម្មជាតិ ។
នៅក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាគឺសូមរីករាយ ស្របពេលដែលពេលនេះគ្រឿងស្រវឹងកំពុងតែបំពុលសង្គម ជាពិសេសគឺយុទ្ធសាស្រ្តទីផ្សារថ្មីៗដែលអាចប៉ះពាល់ដល់សេចក្តីថ្លៃថ្នូនិងសុខភាពពលរដ្ឋ ។ ដោយឡែកកាស៊ីណូវិញ គឺជាប្រភពនៃការបាត់បង់ទ្រព្យសម្បត្តិ ភាពក្រីក្រ និងឧក្រិដ្ឋកម្ម ជាដើម ។ រីឯការធ្វើអាជីវកម្មរ៉ែនៅតំបន់រងផលប៉ះពាល់វិញគឺវាអាចធ្វើឲ្យខូចបរិស្ថាន ប៉ះពាល់ជីវិតសត្វនិងរុក្ខជាតិ ជាពិសេសគឺមនុស្សជាតិ ។
សរុបមកវិញ ការប្រកាសរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីពាក់ព័ន្ធនឹងការបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនផលិតស្រាបៀមិនអោយលើសពី ៧ នៅកម្ពុជានេះគឺជាសារមួយបង្ហាញពីការទំនួលខុសត្រូវខាងសង្គមនិងសុខភាពរបស់ពលរដ្ឋ ពីព្រោះគ្រឿងស្រាបៀរគឺជាផលិតផលដែលមិនសូវផ្តល់ផលផ្នែកសុខភាពនិងសង្គមដល់ពលរដ្ឋច្រើនប៉ុន្មានឡើយ។ សារធាតុស្រវឹងដែលមាននៅក្នុងផលិតផលស្រាបៀ គឺវាអាចបង្កបញ្ហាច្រើនប្រសិនបើមនុស្សញៀននិងប្រើប្រាស់វាហូសបរិមាណកំណត់៕