រៀនអីក៏មិនអត់ប្រយោជន៍ អោយតែចេះប្រាកដ
នៅពេលនេះសាកលវិទ្យាល័យនិងស្ថាប័នឧត្តមសិក្សាទាំងសាធារណៈ និង ឯកជនជាង១០០កំពុងរង់ចាំ ប្អូនៗ សិស្សានុសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រទុតិយភូមិចុះឈ្មោះចូលរៀន។
ស្ថាប័នអប់រំកម្រិតឧត្តមសិក្សាទាំងអស់នេះបានកំពុងរៀបចំកម្មវិធីសិក្សាជាច្រើនឯកទេស ជាច្រើនជំនាញ ជាច្រើនវិស័យ ដែលសុទ្ធតែជាជីបចរនៃជីវភាព និងជីវិតសង្គមរបស់យើងទាំងអស់គ្នា ប៉ុន្តែបច្ចុប្បន្ននេះ ប្អូនៗខ្លះហាក់រើសអើងនឹងមុខវិជ្ជាមួយចំនួន ជាពិសេសមុខវិជ្ជាសម័យមុន ដោយលើកឡើងថា ជាមុខវិជ្ជាបែបប្រពៃណី ជាដើម។
ប្អូនៗយុវវ័យ មួយចំនួនគិតហើយវាយតម្លៃទាបលើមុខវិជ្ជាខ្លះថា វាមិនស៊ិចស៊ី ហើយពេលរៀនចប់ពិបាករកការងារធ្វើ ឬមានដែរតែជាប្រភេទការងារដែលមានប្រាក់ខែទាប ។ ពួកគេក៏មានអារម្មណ៏ថា រៀនមុខវិជ្ជាខ្លះហូសសម័យ សង្គមមិនអោយតម្លៃ។
នេះគឺជាផ្នត់គំនិតដែលកំពុងកើតមាននៅក្នុងចំណោមយុវវ័យខ្លះ ប៉ុន្តែការគិតបែបេនះគឺជាទស្សនៈមួយជ្រុង។ សូមប្អូនៗរិះគិតឡើងវិញ ។ នៅក្នុងសង្គមគឺត្រូវការ ប្អូនៗដែលមានចំណេះគ្រប់ជំនាញ គ្រប់មុខវិជ្ជា ។ ការដែលប្អូនៗអោយតម្លៃមុខវិជ្ជាខ្លះ ហើយមើលស្រាលមុខវិជ្ជាខ្លះ នាំអោយប្អូនៗ នាំគ្នាទៅសម្រុករៀនមុខជំនាញដែលប្អូនៗពេញចិត្ត ហើយមុខវិជ្ជាដែលទទួលការមើលស្រាលមានការចុះឈ្មោះចូលរៀនតិច ។
ប្អូនៗ សង្គមត្រូវការមនុស្សមានចំណេះជំនាញខុសៗគ្នាគ្រប់វិស័យ ដូច្នេះប្អូនៗចុះឈ្មោះរៀនមុខវិជា្ជអ្វីក៏ល្អ ក៏សំខាន់ ក៏មានតម្លៃ ក៏មានប្រយោជន៍ ទាំងអស់អោយតែប្អូនៗតាំងចិត្តរៀនពិតប្រាកដ។ កាលណាមានការតាំងចិត្តរៀនសូត្រ ប្អូនៗមានចំណេះមានជំនាញពិតប្រាកដចេះពិតប្រាកដ យើងមានសមត្ថភាពយើងអាចបំពេញការងារបាន យើងអាចធ្វើអ្វីក៏បាន។
កុំមើលស្រាលការៀនសូត្រ មុខវិជ្ជាប្រពៃណីដែលកំពុងបន្តនៅតែសកម្មហើយវានៅតែមានតម្រូវការនៅក្នុងសង្គមដែលមានតម្លៃមិនអាចកាត់ស្មានមិនបាន សំខាន់គឺប្អូនៗខ្លួនឯងប៉ុណ្ណោះដែលមើលស្រាលវា ។
ឧទាហរណ៍ប្អូនៗខ្លះមើលស្រាលទស្សនៈវិជ្ជា ប៉ុន្តែធាតុពិតមុខវិជ្ជានេះ គឺសិក្សាទូលំទូលាយ ហើយនៅពេលដែលប្អូនៗបានរៀនសូត្រនិងមានចំណេះពិតប្រាកដមានការងារជាច្រើនដែលប្អូនៗអាចរកបាន ។
អ្វីដែលប្អូនៗលើកឡើងអំពីកង្វះការងារធ្វើដោយសារតែរៀនមុខវិជ្ជានេះមុខវិជ្ជានោះ គឺដោយសារតែប្អូនៗស្ទើរទាំងចំណេះស្ទើរទាំងជំនាញ ។ ឲ្យតែចេះពិតប្រាកដ រៀបពិតប្រាកដការងារជាច្រើននៅរង់ចាំ ហើយប្អូនៗនឹងមានអនាគត់ល្អ ។ ពេលខ្លះរៀនមុខវិជ្ជាទាន់សម័យខ្លះក៏អាចពិបាកដែរបើប្អូនៗមិនចេះ មិនខំ មិនរៀន ។
សរុបសេចក្តីទៅឲ្យតែតាំងចិត្តហើយខំប្រឹងរៀនសូត្រទោះជាជំនាញណាក៏ដោយក៏មានតម្លៃមានការងារធ្វើដែរ ។ ទីផ្សារការងារមិនមែនមើលថា ប្អូនរៀនអីនោះទេ សំខាន់គឺអ្វីដែលប្អូនៗរៀននោះ តើប្អូនៗចេះឫក៏មិនចេះតែប៉ុណ្ណោះ ។ បើចេះគឺមានការងារធ្វើហើយ បើមិនចេះបានវាពិបាក៕