រៀនចប់សាលាចំណេះទូទៅហើយ តើគួរធ្វើអីបន្ត?
នេះគឺជាសំនួរដែលប្អូនៗដែលទើបតែប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកំពុងតែសួរមិនថាអ្នកដែលកំពុងតែសង្ឃឹមថានឹងជាប់ អ្នកមិនសង្ឃឹម និង អ្នកដែលចាក់ខ្សែ។
ការគិតបែបនេះគឺមិនមានអ្វីចម្លែក ហើយនេះគឺជាសញ្ជាតិញាណរបស់មនុស្សជាតិនៅក្នុងវ័យ នេះ។ ប្អូនៗរៀនចប់មានន័យថា ប្អូនៗបានចម្រើនវ័យខាងសតិបញ្ញា និងទទួលបានការអប់រំមួយដែលសឹងតែថា វាគ្រប់គ្រាន់សម្រាប់ជាទុនសម្រាប់អនាគតហើយ។
ប្អូនៗដែលរៀនចប់សាលាចំណេះទូទៅដែលមានវ័យ១៨ ឆ្នាំ ឡើងទៅ គឺច្បាប់អនុញ្ញាតអោយ ប្អូនៗអាចទទួលបានសិទ្ធិធ្វើការ សិទ្ធិរកស៊ី សិទ្ធិប្រកបរបរចិញ្ចឹមជីវិតបានដោយខ្លួនឯង ហើយ សង្គមក៏បានទទួលស្គាល់ប្អួនៗដែរហើយ ។
រៀនចប់ចំណេះទូទៅប្អូនៗអាចនឹងមានសិទ្ធិជ្រើសរើសបន្តការសិក្សាថ្នាក់បច្ចេកទេស វិជ្ជាជីវៈ ក៏បាន ថ្នាក់បរិញ្ញបត្ររងក៏បានទាំងអ្នកដែលជាប់ឫធ្លាក់អោយតែរៀនចប់ លើកលែងតែថ្នាក់បរិញ្ញាបត្រដែលគេតម្រូវអោយអនុញ្ញាតចូលរៀនតែអ្នកដែលប្រឡងឫមានសញ្ញាបត្រទុតិយភូមិ ឬបាក់ឌុប។
សិទ្ធិនៃការសម្រេចចិត្តគឺនៅលើប្អូនៗថា ចង់រៀនបន្តឫក៏រកការងារធ្វើ ឬក៏ចាប់ផ្តើមអាជីវកម្ម ប៉ុន្តែគ្រាន់តែថា នៅក្នុងសង្គមបច្ចុប្បន្នការដែលយើងរៀនចប់ត្រឹមវិទ្យាល័យហើយរកការងារធ្វើវាលំបាកបន្តិច ដោយការងារដែលរកបាន ជាប្រភេទការងារលំដាប់ទាប ប្រាក់ខែតិច ប៉ុន្តែប្រសិនបើ មានលទ្ធភាពគួរតែបន្តសិក្សាជំនាញបច្ចេកទេស ឬវិជ្ជាជីវៈសិន ចាំយកការងារធ្វើឬចេញទៅ ប្រកបរបរចិញ្ចឹមជីវិតពីព្រោះកម្រិតនេះ គឺមានជំនាញជាច្រើន និងមានបង្កប់នូវបច្ចេកទេស និងចំណុចលំអិតដែលមានលក្ខណៈពិសេសៗច្រើនថែមទៀតដែលយើងគួរតែសិក្សា ។
ការសិក្សាជំនាញទាំងបច្ចេកទេស និងវិជ្ជាជីវៈនេះ គឺគេទទួលទាំងអ្នកដែលធ្លាក់និងអ្នកដែលជាប់ ប៉ុន្តែរៀនរយៈពេលខ្លី មានសញ្ញាប័ត្រមានចំណេះអាចរកការងារធ្វើបាន ប្រាក់ខែក៏សមរម្យ ហើយយើងក៏អាចនឹងមានឱកាសទៅបន្តការសិក្សាបរិញ្ញបត្របន្តទៀតបាន ទាំងអ្នកដែលមានសញ្ញាបត្រទុតិយភូមិ និងអ្នកដែលមិនមាន ឲ្យតែយើងចប់ថ្នាក់បច្ចេកទេស និង បរិញាបត្ររងរួចហើយ។
ការសម្រេចចិត្តរបស់ប្អូនៗគឺផ្អែកនៅលើកត្តាជាច្រើន នៅក្នុងនោះ មានកត្តាជីវភាព ធនធាន ចំណង់ចំណូលចិត្ត ទេពកោសល្យ កាយសម្បទា គោលបំណងគ្រួសារ គោលបំណងខ្លួនឯងតាំងពីតូច មកជាដើម។
នៅក្នុងការសម្រេចចិត្តមិនថា កត្តាណាមួយទេ កាលណាយើងដាក់ចិត្តធ្វើហើយសូមធ្វើដោយ ការខំប្រឹង ដោយការខិតខំ និងជំនៈតស៊ូ ដាក់ចិត្តដាក់កាយដើម្បីសម្រេចអោយបាននូវគោលដៅដែលយើងចង់ សូមកុំបោះបង់ បញ្ហាគ្រាន់តែជាការរំខាន សំខាន់គឺប្រើគ្រប់មធ្យោបាយដែលសមស្របតាមច្បាប់សង្គម និងប្រពៃណី ដើម្បីសម្រេចគោលដៅនោះ៕