រឿងឧក្រិដ្ឋកម្មអនឡាញអស់មេក្លោងធំ៣រូបហើយ !

រឿងរសេមរសាមនៃឧក្រិដ្ឋកម្មអនឡាញដែលនាំឲ្យប្រឡាក់ប្រឡូសកេរ្តិ៍ឈ្មោះកម្ពុជាកាលពីឆ្នាំ២០២៥ ត្រូវបានសមត្ថកិច្ចប្រឹងលាងជម្រះ ដោយកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ កម្ពុជាបានសម្រេចចិត្តធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ គឺការចាប់ខ្លួន លោក ចេន ហ្ស៊ី (Chen Zhi) និង ជនជាតិចិន២រូបទៀត។

ក្រសួងមហាផ្ទៃ បានប្រកាសកាលពីយប់ថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២៦ថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងផ្អែកតាមសំណើរបស់អាជ្ញាធរ មានសមត្ថកិច្ចចិន សមត្ថកិច្ចកម្ពុជា បានចាប់ខ្លួន លោក ចេន ហ្ស៊ី  និង ពលរដ្ឋចិនពីររូបទៀត  ឈ្មោះ  ជូ ជីលៀន (Xu Ji Liang) និងឈ្មោះ  សាវ ជី ហួរ (Shao Ji Hui)។

ប្រភពដដែលបានអះអាងថា ប្រតិបត្តិការចាប់ខ្លួននេះ បានធ្វើឡើង បន្ទាប់ពីសមត្ថកិច្ច កម្ពុជា និងសមត្ថកិច្ចចិន បានសហការស៊ើបអង្កេតរួមគ្នា អស់រយៈពេលជាច្រើនខែ។

ជាមួយគ្នានេះក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់ថា លោក ចេន ហ្ស៊ី ដែលមានសញ្ជាតិកម្ពុជាដែរនោះ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដកសញ្ជាតិហើយ ដោយផ្អែកតាមច្បាប់សញ្ជាតិនៃព្រះរាជាណាចក្រកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៥។

លោក ចេន ហ្ស៊ី ដែលជាពាណិជ្ជករកម្ពុជា ដើមកំណើតចិនត្រូវបានគេសង្ស័យថា មេក្លោងបើកប្រតិបត្តិការបើកមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញដែលរកចំណូលបានរាប់ពាន់លានដុល្លារ និងបង្កឲ្យមានជនរងគ្រោះយ៉ាងច្រើននៅជុំវិញពិភពលោក។ 

ក្រៅពីជាប់ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក ចេន ហ្ស៊ី ក៏ជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ដែលបាន និងកំពុងធ្វើប្រតិបត្តិការតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើននៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក ដូច្នេះនេះគឺជាការសម្រេចចិត្តវះកាត់មួយ ប្រឆាំងនឹងឧក្រិដ្ឋកម្មអនឡាញ ហើយសង្ឃឹមថា ចាប់ពីពេលនេះតទៅ បណ្តាញឧក្រិដ្ឋកម្មនេះ នឹងត្រូវកាត់ផ្តាច់ ហើយកេរ្តិ៍ឈ្មោះកម្ពុជានឹងត្រូវបានលាងជម្រះ ។

សរុបទៅការចាប់ខ្លួនលោក ចេន ហ្ស៊ី និងជនជាតិចិនពីររូបទៀត គឺជាជំហានដ៏សំខាន់ និងមានន័យជ្រាលជ្រៅក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជា។ ប្រតិបត្តិការនេះមិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តច្បាប់ដោយគ្មានការរើសអើងនោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។ ការដកសញ្ជាតិ និងការចាត់វិធានការតាមច្បាប់លើមេក្លោងធំៗដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម បង្ហាញថា កម្ពុជាមិនអត់ឱនចំពោះអំពើខុសច្បាប់ ដែលបំផ្លាញកេរ្តិ៍ឈ្មោះជាតិ និងបង្កគ្រោះថ្នាក់ដល់សង្គមពិភពលោកឡើយ។ ប្រសិនបើការអនុវត្តច្បាប់នេះត្រូវបានបន្តយ៉ាងតឹងរឹង និងជាប្រព័ន្ធ កម្ពុជាអាចរំពឹងថា បណ្តាញឧក្រិដ្ឋកម្មអនឡាញនឹងត្រូវកាត់ផ្តាច់ជាបន្តបន្ទាប់ ហើយយើងមានភាពជឿជាក់ថា សហគមន៍អន្តរជាតិនឹងយល់ពីកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងឧក្រិដ្ឋកម្មរបស់កម្ពុជា៕

Daily Program

Livesteam thumbnail