រឿងស្នេហាគ្មានអ្វីបង្ការបានប្រសើរជាងភាពស្មោះត្រង់ឡើយ !

ថ្មីៗនេះឱសថសម្រាប់បង្ការមុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅកម្ពុជាហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយឱសថដែលបង្ការបញ្ហាដ៏មានប្រសិទ្ធបំផុតគឺគ្មានអ្វីក្រៅពីភាពស្មោះត្រង់នឹងគ្នាឡើយ។

ជាការពិត ឱសថឈ្មោះកាបូតេក្រាវៀ  ដែលជាប្រភេទ ឱសថចាក់ មានសកម្មភាពយូរ សម្រាប់បង្ការមុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ ដែលជាទូទៅគេដឹងថា គឺជាមេរោគដែលឆ្លងខ្លាំងបំផុតតាមការរួមភេទ និង ប៉ះពាល់ឈាមដែលមិនទាន់កក។

ជាទូទៅការដែលសង្គមយើងមានឱសថនេះវាពិតជាប្រសើរពីព្រោះយើងអាចបង្ការនិងការពារហានិភ័យនៃក្រុមមនុស្សរងគ្រោះដែលប្រឈមមុខខ្លាំងនឹងការឆ្លងមេរោគដែលប្រភពចម្លងខ្លាំងដូចដែលលើកឡើង ខាងលើ ពីព្រោះមេរោគអេដស៏ទោះបីជាវាស្ងប់ស្ងាត់ប៉ុន្តែវានៅតែឆ្លងហើយនៅតែមានអ្នកដែលរងគ្រោះ នៅកម្ពុជាមកដល់ពេលនេះ។​

យើងមានឱសថនេះល្អហើយ ប៉ុន្តែនៅក្នុងទំនាក់ទំនងស្នេហានិងភេទសម្ព័ន្ធយើងខ្ញុំជឿជាក់ថា ប្រសិនបើបុរសនិងនារីឫក៏ដៃគូស្នេហារប្រកាន់នូវទស្សនៈផ្អែកនៅលើភាពស្មោះត្រង់គឺវាកាន់តែមានប្រសិទ្ធភាព។

ស្មោះត្រង់វាមិនត្រឹមតែជាឱសថការពារមេរោគអេដស៏ប៉ុណ្ណោះទេ វាក៏ជាឱសថថែរក្សាទំនាក់ទំនងនិង​លើកកំពស់ទំនាក់ទំនងកាន់តែរឹងមាំ​។

ស្មោះត្រង់នេះវាគឺជាប្រភពដែលកើតពីការប្តេជ្ញាចិត្ត គោរព​និង ចេះអោយតម្លៃគ្នាទៅវិញទៅមក ហើយក៏ចេះជួយគ្នា ដឹងទុកធុរៈគ្នា ដូច្នេះវាពិតជាមានតម្លៃខ្លាំងណាស់​។​វាគឺជាប្រភពនៃថ្នាំសម្រាប់អារម្មណ៍និងព្យាបាលជំងឺសង្ស័យនិយម ដោយរួមទាំងប្រច័ណ្ឌដែលមកដល់ពេលនេះ​មានជនរងគ្រោះជាច្រើនកើត មានបញ្ហានេះឡើង។​

នៅពេលដែលយើងមិនទាន់មានទំនាក់ទំនងស៊ីជម្រៅជាមួយនរណាម្នាក់ដើម្បីការពារខ្លួនយើងអាចប្រើប្រាស់ឱសថនេះចុះ ប៉ុន្តែនៅពេលដែលយើងមានដៃគូដែលយើងគិតថា ជាដៃគូមួយជីវិត​ហើយនោះ គួរតែសាកល្បងប្រើប្រាស់ការរក្សានិងការពារភាពស្មោះត្រង់​។​

ជាទូទៅសម្រាប់ទំនាក់ទំនងជីវិតជាគូនេះ ប្រសិនបើគ្រួសារណាដែលអាចរក្សាបាននូវភាពស្មោះត្រង់ចំពោះគ្នា គឺជាគ្រួសារដែលពោរពេញដោយសុភមង្គល។

សរុបទៅដើម្បីឲ្យគ្រួសារមានសុភមង្គលពិតប្រាកដ គ្មានឱសថណាមានប្រសិទ្ធភាពពិតប្រាកដដើម្បីការពារខ្លួននិងការពារគ្រួសារប្រសើរជាងភាពស្មោះត្រង់នេះឡើយ ។ ចូរលើកកំពស់និងខិតខំគោរពភាពស្មោះត្រង់​៕

Daily Program

Livesteam thumbnail