រឿងស្កេម ! ប្រយ័ត្នគេជូតមាត់ហើយ ទម្លាក់បន្ទុកលើយើង

ការបង្រ្កាបឧក្រិដ្ឋកម្មស្កេមអនឡាញកាន់តែសកម្មនិងខ្លាំងក្លាហើយក្តៅគគុក ដោយសមត្ថកិច្ចតាមបំបែកតាំងពីក្រុមធំៗនៅតាមអគារកប់ពពក រហូតដល់តាមផ្ទះវីឡា ហើយថ្មីៗនេះគឺរហូតដល់តាមលំនៅស្ថានថែមទៀត ។​

មកដល់ពេលនេះទោះមិនច្រើន​ ប៉ុន្តែនៅក្នុងបញ្ជីមានមន្រ្តីធំៗមួយចំនួនហើយដែលត្រូវអស់សក្តិអស់បុណ្យហើយមានពិរុទ្ធ ដូច្នេះសូមប្រុងប្រយ័ត្ន ។

ឧក្រិដ្ឋកម្មនេះបានធ្វើឲ្យអ្នកដែលទទួលផលពីសេដ្ឋកិច្ចខ្មៅនេះឆ្កែតឆ្អន់ហើយ ហើយអ្នកខ្លះក៏បានលាងខ្លួន ហើយការហូបចុកវិញក៏អ្នកពាក់ព័ន្ធខ្លះបានជូតមាត់ស្អាតអស់ហើយ នៅពេលដែលស្ថានភាពនៃការបង្ក្រាបកាន់តែក្តៅគគុក ។

នៅពេលនេះអ្នកដែលបានផលបានហូបចុកឆ្អែតឆ្អន់ខ្លះពីឧក្រិដ្ឋកម្មនេះ ខ្លះបានទម្លាក់បន្ទុកនេះចោល ហើយក៏មានអ្នកដែលរើសយកមកហូបចុកខ្លះបន្ត ។ អ្នកដែលរើសយកមកហូបចុក ហើយយកបញ្ហាស្កេមនេះមកអោយក្រោយពេលដែលគេបោះចោល យើងជាអ្នកទទួលសូមប្រយ័ត្នខ្លួនប្រយ័ត្នគេបូកករណីទាំងអស់ហើយដាក់បន្ទុកតែនៅលើយើងតែឯងឲ្យទទួលខុសត្រូវ។​

នៅក្នុងស្ថានភាពបែបនេះ យើងដែលមិនដឹងខ្យល់អីសូមប្រុងប្រយ័ត្ន ហើយកុំចេះតែត្របាក់ហើយឆ្ងាញ់នឹងសំណល់ដែលសល់ពីគេ ។

សូមប្រុងប្រយ័ត្នបងប្អូន ! កាលពេលគេហូបចុក ពោលគឺពេលដែលគេរកលុយជាមួយនឹងក្រុមនេះ គេមានគេបានគេសល់លុយវាល់លានដុល្លារ ដល់របស់រើសសល់ពីគេ ពេលគេឈប់ យើងបានផលមិនបានប៉ុន្មានផង តិចផលដែលបាននោះវាមិនគ្រាន់នឹងការខាតបង់ដែលយើងនឹងប្រឈមនៅពេលដែលបញ្ហាមកដល់ ។

នៅពេលនេះឧក្រិដ្ឋជនស្កេមអនឡាញកំពុងតែបែកសំបុក ដើរចែកគ្នារកកន្លែងជម្រក ហើយអាចកំពុងតែដើរជួលជម្រកជ្រកដើម្បីលាក់កំបាំង ហើយដល់យើងអត់ដឹង ពួកគេទម្លាក់លុយបន្តិចបន្តួច យើងសប្បាយចិត្តជួលឲ្យគេនោះគ្រោះអាចនឹងកើតមាន ។

ក្រៅពីលំនៅស្ថានេះពួកក្រុមឧក្រិដ្ឋជនទាំងនោះអាចស្វែងរកដៃគូផ្គត់ផ្គង់សេវាកម្មហូបចុក ជួលយានយន្ត រកសេវានេះសេវានោះផ្គត់ផ្គង់ដល់ពួកគេ ដើម្បីបិទបាំង។

សូមប្រុងប្រយ័ត្នបងប្អូនជាពិសេសគឺជាមួយនឹងក្រុមជនបរទេស ។ នៅក្នុងករណីទំនាក់ទំនងយើងត្រូវដឹងប្រវត្តិដឹងសាវតាគេ ហើយមានឯកសារមាន សក្ខីកម្មច្បាស់លាស់ នៅក្នុងករណីមិនមានអ្វីសោះកុំយកខ្លួនទៅប្រថុយ ប្រយ័ត្នយើងត្រូវបានគេទម្លាក់បន្ទុកទាំងអស់ ។​

ក្នុងស្ថានភាពដែលការបង្ក្រាបឧក្រិដ្ឋកម្មស្កេមអនឡាញកំពុងតែកើនឡើងយ៉ាងសកម្ម និងតឹងរ៉ឹង ក្រុមឧក្រិដ្ឋជនកំពុងបែកខ្ញែកស្វែងរកទីជម្រក និងមធ្យោបាយបិទបាំងសកម្មភាពរបស់ខ្លួន។ ដូច្នេះ ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការទាក់ទង ការជួលលំនៅស្ថាន ការផ្គត់ផ្គង់សេវាកម្ម ឬការសហការផ្សេងៗជាមួយជនដែលមិនស្គាល់ប្រវត្តិច្បាស់លាស់ ជាពិសេសជនបរទេស។ ការចង់បានផលប្រយោជន៍រយៈពេលខ្លី អាចនាំឲ្យប្រឈមមុខនឹងហានិភ័យផ្លូវច្បាប់ និងការខាតបង់ធ្ងន់ធ្ងរនាពេលក្រោយ។ ហេតុនេះ ត្រូវពិនិត្យឯកសារ អត្តសញ្ញាណ និងប្រភពសកម្មភាពឲ្យបានច្បាស់លាស់ មុននឹងពាក់ព័ន្ធ ឬផ្តល់ជំនួយណាមួយ ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសង្គមពីការរងផលប៉ះពាល់ដោយអចេតនា។

 ​

 

Daily Program

Livesteam thumbnail