រឿងយោធាគួរតែកុំផុសផ្តេសផ្តាស ជាពិសេសនៅក្នុងស្ថានភាពតានតឹង !

រឿងយោធាគួរតែកុំបន្តផ្សព្វផ្សាយផ្តេសផ្តាសនៅលើបណ្តាញសង្គមនានា ជាពិសេសគឺនៅក្នុងស្ថានភាពដែលកំពុងតែមានភាពតានតឹង រហូតដល់មានទាហានកម្ពុជាមួយរូបបានបាត់បង់ជីវិតកាលពីព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅនេះ។
រឿងប៉ះទង្គិចគ្នារហូតដល់មានយុទ្ធជនពលីគឺពិតជាបានកើតមានឡើងពិតប្រាកដដោយខាងក្រសួងការពារជាតិក៏បានបញ្ជាក់ដែរ។
ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាននៅរសៀលថ្ងៃកើតហេតុនេះ អំពីហេតុការណ៍ប៉ះទង្គិចគ្នាមួយរយៈពេលខ្លីរវាងកងទ័ពកម្ពុជា និង ថៃ។
ក្រសួងការពារជាតិបានអះអាងថា ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើង នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់។
ក្រសួងការពារជាតិបានឱ្យដឹងថា ការប៉ះទង្គិចគ្នានេះមិនមែនជាជម្រើសដែលកម្ពុជាចង់បាននោះទេ ហើយយើងនឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងការធ្វើ ឱ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញឱ្យបានឆាប់រហ័ស និងបង្ការកុំឱ្យស្ថានភាពនេះកើតឡើងសាជាថ្មីម្តងទៀត។
ក្រសួងបានអះអាងថា កម្ពុជាប្រកាន់ខ្ជាប់នូវមធ្យោបាយការទូត និងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងការរក្សាព្រំដែនរបស់ ខ្លួនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ឱ្យ គ្នាទៅវិញទៅមក។ កម្ពុជាប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ។
ក្រសួងការពារជាតិបានអំពាវនាវឱ្យសាធារណជនទាំងអស់មេត្តាកុំជឿ និងផ្សព្វផ្សាយនៅតាម បណ្តាញ ទំនាក់ទំនងសង្គមនូវព័ត៌មានមិនពិត ដែលអាចរុញច្រានស្ថានការណ៍នៅតាមបណ្តោយព្រំដែនឱ្យមានអស្ថិរភាព និង អសន្តិសុខ ព្រមទាំងបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរបស់កងទ័ព ការប្រព្រឹត្តទៅនៃជីវភាពធម្មតារបស់ប្រជាពលរដ្ឋ ក៏ ដូចជារបស់ប្រទេសជាតិទាំងសងខាង ហើយក៏សូមស្នើឱ្យសាធារណជនទាំងអស់ ទទួលយកតែព័ត៌មាន ដែលមានប្រភពច្បាស់លាស់ និងផ្លូវការ ជាពិសេសការប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ។
ក្រសួងការពារជាតិបានបំភ្លឺករណីនេះហើយ ដូច្នេះរឿងនេះគឺកើតមានឡើងពិតប្រាកដ ដូច្នេះស្ថានការណ៍អាចតានតឹង។ នៅក្នុងស្ថានភាពបែបនេះ យើងគួរតែប្រុងប្រយ័ត្ន ជាពិសេសគឺការផ្សព្វផ្សាយ ការចែករំលែក ផ្តេសផ្តាស ពីព្រោះសកម្មភាពរបស់យើងវាអាចបម្រើឲ្យកលយុគរបស់គេ ហើយក៏អាចនឹងធ្វើឲ្យ ប៉ះពាល់ដល់វិស័យការពារជាតិយើងដែរ ។នៅក្នុងស្ថានភាពបែបនេះ សូមពង្រឹងវិជ្ជាជីវៈនិងក្រមសីលធម៌ ហើយព្យាយាមស្វែងកអ្វីដែលជាប្រភពផ្លូវការដើម្បីវិភាគឲ្យចំស្ថានភាព៕
Daily Program
