រឿងមិនគួរឲ្យកើតមាន! រឿងអាំងប៉ាវកើតមានហេតុការណ៍ស្លាប់៤របួស៥
រឿងសប្បរសប៉ុន្តែបានប្រែក្លាយទៅជារឿងទុក្ខសោកបានកើតមាននៅរាជធានីភ្នំពេញមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងនយោបាយរបស់ប្រទេសកម្ពុជាកាលពីថ្ងៃទី ២៣ ខែ មករា ឆ្នាំ២០២៥ ។
ហេតុការណ៍នេះបានកើតមានឡើងនៅតាមបណ្តោយមហាវិថីនរោត្តមនៅនឹងលំនៅស្ថានអ្នកឧកញ៉ា សុខ គង់ ដែលគេដឹងថា គឺជាកំពូលមហាសេដ្ឋីមានលុយរាប់សិបលានដុល្លារ និង កំពុងតែដឹកនាំមុខជំនួញជាច្រើនមានតាំងពីប្រេងឥន្ធនៈ សណ្ឋាគារ រីសត និង ការបណ្តាក់ទុនផ្សេងៗ ។
នៅក្នុងហេតុការណ៍នេះគេដឹងថា វាបានកើតមានឡើងនៅក្នុងអំឡុងពេលដែល អ្នកឧកញ៉ាបានរៀបចំ ពិធីចែកអាំងប៉ាវនៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីសហគមន៍ជនជាតិចិននិងវៀតណាម ។ ហេតុការណ៍នេះបានកើតមានឡើងនៅពេលដែលមនុស្សម្នាជាច្រើននាក់បានប្រជៀតគ្នាដណ្តើមអាំងប៉ាវ ដែលអ្នកឧកញ៉ា ចែក បណ្តាលឲ្យមានអ្នកស្លាប់និងរបួស ។
តាមសេចក្តីរាយការណ៍ដោយសារព័ត៌មានមួយចំនួនករណីនេះគឺមានមនុស្សច្រើនមែនទែនចាប់អារម្មណ៍ ហើយក៏កើតមានករណីមនុស្សស្លាប់និងរបួស។
ក្រោយហេតុការណ៍នេះបានកើតមានឡើង អ្នកឧកញ៉ា សុខ គង់ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភថវិកាសរុបដល់អ្នកស្លាប់ក្នុងហេតុការណ៍ទៅប្រជ្រៀតយកអាំងប៉ាវម្នាក់ចំនួន ១៥លានរៀល និងអ្នករបួសម្នាក់ចំនួន ៤លានរៀល។
នេះគឺជារឿងសោកសៅថ្មីនៅដើមឆ្នាំ២០២៥នៅកម្ពុជា ដូច្នេះសង្ឃឹមថា វានឹងមិនមានហេតុការណ៍បែបនេះកើតឡើងតទៅទៀតទេនៅពេលអនាគត ។
ការចែកអាំងប៉ាវនេះអាចថា ជាការធ្វើទានឫជាការធ្វើកុសលមួយរបស់អ្នកមានទ្រព្យដល់អ្នកខ្សត់ ដែល អ្នកដែលជាប់ខ្សែរស្រឡាយចិនឫវៀតណាមធ្វើនៅក្នុងអំឡុងពេលនេះ ហើយនៅពេលអនាគតនៅក្នុងករណីមានការរៀបចំបែបនេះ គួរតែកំណត់ចំនួន កំណត់គោលដៅថា ចែកអ្នកណាខ្លះឲ្យច្បាស់លាស់ ។ នៅក្នុងករណីដែលមិនបញ្ជាក់ អ្នកដែលដឹងយើងចង់បានគឺអាចកើតមានហេតុការណ៍ដណ្តើមគ្នា បាត់បង់សណ្តាប់ធ្នាប់សង្គម ហើយកើតមានបញ្ហាគួរឲ្យសោកស្តាយបែបនេះ ។
ក្រៅពីនោះ សកម្មភាពបែបនេះក៏វាធ្វើឲ្យស្ទះចរាចរណ៍ និង រំខានដល់ការធ្វើសេវាកម្មផ្សេងៗដែលឆ្លងកាត់តំបន់នោះ ។ ដូច្នេះសង្ឃឹមថា នៅពេលដែលមានការជួបជុំមនុស្សច្រើនគឺគួរតែមានការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងកើតមានហេតុការណ៍បែបនេះជាថ្មីម្តងទៀត ។