រឿងព្រំដែន! សូមកុំចង់បានសង្រ្គាម ប៉ុន្តែកុំញញើតនឹងការការពារជាតិមាតុភូមិ

នៅក្នុងនាមជាយុវជនដែលមានទំនួលខុសត្រូវចំពោះជាតិ ប្រជាជន និង មាតុភូមិ សូមកុំចង់ បានសង្រ្គាម ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយប្រសិនបើមានសង្រ្គាមផ្ទុះឡើង សូមកុំញញើតនឹង ការចូលរួមការពារខ្លួននិងការការពារជាតិប្រឆាំងនឹងការឈ្លានពាន។
សភាពការណ៍នៅព្រំដែនរវាងកម្ពុជានិងថៃ ជាពិសេសគឺនៅតំបន់ដ៏រសើប៤ ដែលមាន ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី គឺឡើងជាបន្តបន្ទាប់ គ្រាន់តែនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥រាងថយកំដៅបន្តិចក្រោយភាគីទាំងពីបានយល់ព្រមកែសម្រួលកម្លាំងនៅតំបន់មុំបី។
កំដៅកើនឡើងខ្លាំងកាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោយពេល រដ្ឋាភិបាលថៃ ដែលក្រុមប្រឆាំងនៅក្នុងស្រុកនោះចោទថា ស្និទនឹងគណបក្សកាន់អំណាចនៅកម្ពុជា បានរលាស់ខ្លួនចេញពីបញ្ហានេះ ហើយប្រគល់សិទ្ធិស្វ័យសម្រេចជូនកងទ័ពនៅនឹងកន្លែងជាអ្នកសម្រេចលើវិធានការតាមសភាពការជាក់ស្តែងតាមបណ្តោយព្រំដែន។
ការអះអាងរបស់រដ្ឋាភិបាលថៃបែបនេះ គឺក្រោយពេលដែល មានការជួបគ្នាទ្វេភាគី នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ រវាង នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក ភូមថាម វីឆាយ៉ាឆៃ ( Phumtham Wechayachai) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន ដែលបានប្រព្រឹត្តទៅនៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។
នៅក្នុងកិច្ចប្រជុំនោះ ថៃទាមទារឲ្យកម្ពុជាដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបីដែលប្រយុទ្ធគ្នាកាលពីថ្ងៃទី២៨ ឧសភាកន្លងទៅ ប៉ុន្តែភាគីកម្ពុជាបដិសេធមិនទទួលយកការស្នើសុំនោះទេ ព្រោះទីតាំងខាងលើ ជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមក។ ភាគីកម្ពុជា មិនអាចថយពីទីតាំងដែលកងទ័ពកម្ពុជាបានឈរជើងជាយូរណាស់មកហើយ និងដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា បានឡើយ។
ក្រោយជំនួបនៅថ្ងៃទី៨ ខែមិថុនា កងទ័ពកម្ពុជានិងថៃបានប្រកាសកែសម្រួលកម្លាំងនៅម្តុំមុំបីនោះ ក្រោយការជំនួបជាថ្មី ជាហេតុនាំឲ្យស្ថានភាពហាក់ធូស្រាលបន្តិចត្រឹមយប់ថ្ងៃទី ០៨ ដល់ ព្រឹកថ្ងៃទី ០៩ ខែមិថុនា។
នៅក្នុងស្ថានភាពនេះ យើងគួរប្រុងប្រយ័ត្នពាក្យសម្តី និងការចែករំលែកតាមបណ្តាញសង្គម ដើម្បីកុំអោយស្ថានភាពវាឈានដល់ការផ្ទុះសង្រ្គាម។ សង្រ្គាមមិនល្អឡើយ ហើយវាផ្ទុយពីអ្វីដែល មនុស្សជាតិចង់បាន ប៉ុន្តែបើស្ថានភាពវាមកដល់បែបនោះ យើងត្រូវតែពង្រឹងស្មារតីហើយ លើកកំពស់ភាពក្លាហាន ដើម្បីចូលរួមការពារជាតិមាតុភូមិតាមគ្រប់រូបភាព និងលទ្ធភាព ដែលយើងអាចធ្វើបាន៕
Daily Program
