រឿងគ្រោះថ្នាក់ចរាចរណ៍សូមកុំអាងលុយ លុយអាងអំណាច តែសូមអាងលើច្បាប់!

បើសង្គមនៅតែមិនប្រើច្បាប់ទេ បញ្ហាគ្រោះថ្នាក់ចរាចរណ៍គឺជារឿងដ៏រសើបហើយអាចនឹងរុញច្រានសង្គម ឈានទៅរកការបែងចែកវណ្ណៈនៃសង្គមដោយជៀសមិនរួច ។

ពាក់ព័ន្ធនឹងបញ្ហានេះ នៅលើបណ្តាញសង្គមរបស់លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មានហើយបច្ចុប្បន្នជាតំណាងរាស្រ្ត បានចែករំលែកនូវករណីគ្រោះថ្នាក់ចរាចរណ៍មួយកាលអំពីអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិកាលពីពេលថ្មីៗនេះ ។

លោក ខៀវ កាញារីទ្ធ មិនបានបញ្ចេញយោបល់អ្វីទាំងអស់គឺគ្រាន់តែចែករំលែកបន្តពីបណ្តាញសង្គមរបស់ បុគ្គលម្នាក់ដែលមានគណនីថា Sok San ។

នៅលើគណនីនេះ បានចែករំលែកថា ប៉ារបស់ខ្លួនបានស្លាប់កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៥ នៅពេលដែលបើករឺម៉កដឹកកូនក្មេង៨នាក់ និង ម្តាយរបស់ខ្លួន ក៏មាននារីម្នាក់បើក​រថយន្ត Lexus 200T ជិះបុកពីក្រោយ ​ធ្វើអោយប៉ារបស់ខ្លួនស្លាប់។​

គណនីនោះបានបន្តថា​ ស្ត្រី​អ្នកបើក​រថយន្ត​ដែល​បុក​ប៉ាគាត់ស្លាប់ គាត់បាន​ទូរស័ព្ទ​ទៅ​ឪពុកគាត់​មកដើម្បី​ដោះស្រាយ ហើយពេលនោះឪពុក​គាត់មកពាក់​ឯកសណ្ឋាន​ប៉ូលិសតែគាត់មិនបានដោះស្រាយ អ្វីទេ នឹងបានបញ្ចេញ ធ្វើខ្លួន ​ជាមនុស្សមាន​លុយ​និង​អំណាច ទាំងដែលកូនគាត់បើកឡានបុកប៉ាខ្លួន ស្លាប់ តែគាត់មិនបានខ្វល់ពីជីវិតប៉ារបស់ខ្លួនទេ។

គណនីនោះបានចែករំលែកបន្តថា បុរសម្នាក់នោះបារម្មណ៍តែពីឡានគាត់ខ្លាចឡានគាត់មានបញ្ហា  គាត់ថាឡាន គាត់តម្លៃរាប់ពាន់ដុល្លា ។

ម្ចាស់គណនីដដែលបានបន្តចែករំលែកទៀតថា ប៉ាលោកមិនបាន ប៉ះពាល់អីឡានគាត់នោះទេ គឺឡានកូនស្រីមន្រ្តីនោះទេដែលបុកប៉ាខ្លូន ហើយបានដាក់ជាសំនួរថា តើឡានគាត់មានតម្លៃជាង ជីវិតប៉ាខ្លួនមែនទេ?

ម្ចាស់គណនីបានបន្តថា ខ្លួន ឈឺចាប់ខ្លាំងណាស់ តើគេអាចយកលុយ -អំណាចនឹងទិញជីវិតប៉ាលោកមកវិញបានទេ , លោកមិនចង់បានអី ក្រៅពីជីវិតប៉ាខ្លួនមកវិញទេ ហើយលោក សង្ឃឹមថាច្បាប់នឹងជួយអន្តរាគមន៍រកយុត្តិធម៌ជូនប៉ាលោកផង ។

នេះគឺជាការចែករំលែកនិងបញ្ចេញទស្សនៈមួយ សង្ឃឹមថា ភាគីពាក់ព័ន្ធនឹងពិចារណាទាំងអស់គ្នា ។ យើងមិនវែកញែកនរណាខុសនរណាត្រូវទេ ។ ពេលខ្លះបុរសខាងរ៉ម៉កអាចខុស ពេលខ្លះខាងរថយន្តក៏ខុស ប៉ុន្តែខុសឫត្រូវយើងមិននៅក្នុងហេតុការណ៍ឡើយ ដូច្នេះសូមទុកឲ្យជំនាញនិងអ្នកច្បាប់ដោះស្រាយ ដោយយុត្តិធម៌  ។​

ដោយសំអាងនៅលើច្បាប់នៅលើភស្តុតាង ក៏ដូចជាវត្ថុតាង និង សាក្សី យើងសង្ឃឹមថា ភាគីទាំងពីរនឹង ទទួលយក ។ហើយនៅពេលដែលកើតមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសូមកុំយកទ្រព្យយកគ្នាយកបុណ្យសក្តិ បក្សពួក  មកដោះស្រាយ សូមដោះស្រាយដោយផ្អែកលើច្បាប់ជាគោល ។ ច្បាប់គឺជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នា ។ ទាំងអស់គ្នាត្រូវតែគោរពច្បាប់ បើមិនដូច្នេះទេ សង្គមនឹងកាន់តែបាត់បង់សណ្តាប់ធ្នាប់ បាត់ជំនឿ បាត់របាំង។ ​

Daily Program

Livesteam thumbnail