រឿងក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យកម្ពុជា និងឥទ្ធិពលពលរដ្ឋ
សេវាកម្មសុខភាព សមត្ថភាពក្រុមគ្រូពេទ្យ បូករួមតាំងសំភារៈនិងបរិក្ខាវេជ្ជសាស្រ្តក៏កាន់តែទំនើប ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក្រុមគ្រូពេទ្យកម្ពុជាសូមកុំភ្លេចរឿងក្រមសីលធម៌និងវិជ្ជាជីវៈពីព្រោះតែខុស គឺពលរដ្ឋត្អូញត្អែរនិងរិះគន់ហើយ។
នៅក្នុងយុគសម័យដែលបណ្ដាញសង្គមក្លាយជាវេទិកាសាធារណៈដ៏មានឥទ្ធិពល ពលរដ្ឋកាន់តែមានមធ្យោបាយនិងកាន់តែងាយស្រួលនៅក្នុងការបំពងការត្អូញត្អែររបស់ពួកគេ។ បណ្តាញសង្គមនៅពេលនេះ បានកំពុងតែធ្វើឲ្យមាត់ពួកគេកាន់តែធំហើយវែង ខណៈត្រចៀកវិញក៏ស្តាប់បានកាន់តែឭផងដែរ ដូច្នេះរាល់សកម្មភាពរបស់ក្រុមគ្រូពេទ្យ គឺតែងតែស្ថិតនៅក្រោមក្រសែភ្នែកនិង ការវាយតម្លៃពីអ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគេជានិច្ច។
មកដល់ពេលនេះការត្អូញត្អែល ការរិះគន់ និងការចែករំលែកបទពិសោធន៍អវិជ្ជមានតាមបណ្ដាញសង្គម កំពុងក្លាយជាបាតុភូតដែលកើតមានញឹកញាប់ ហើយបានប៉ះពាល់យ៉ាងខ្លាំងដល់ទំនុកចិត្តរបស់សាធារណជនលើប្រព័ន្ធសុខាភិបាល។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានដឹងអំពីបញ្ហានេះ ហើយបានលើកកំពស់ឲ្យក្រុម គ្រូពេទ្យទាំងរដ្ឋ និងឯកជន ឲ្យបន្តលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីជាការលុបបំបាត់ចំណុចខ្វះចន្លោះក្នុងការបម្រើសេវា ការប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ និងការសម្រេចចិត្តនៅក្នុងការព្យាបាល។
ក្រុមប្រឹក្សាគណគ្រូពេទ្យជាតិ បានលើកឡើងថា បញ្ហាជាច្រើនដែលផ្ទុះឡើងលើបណ្ដាញសង្គម មិនមែនសុទ្ធសឹងជាបញ្ហាបច្ចេកទេសវេជ្ជសាស្ត្រទេ ប៉ុន្តែភាគច្រើនពាក់ព័ន្ធនឹងអាកប្បកិរិយា ការយកចិត្តទុកដាក់ ការពន្យល់មិនច្បាស់លាស់ និងការខ្វះការគិតគូរផ្នែកសីលធម៌នៅពេលសម្រេចចិត្ត ដូច្នេះនៅពេលដែលអ្នកជំងឺ ឬក្រុមគ្រួសារ មានអារម្មណ៍ថាមិនត្រូវបានគោរព ឬមិនទទួលបានភាពយុត្តិធម៌ ពួកគេតែងជ្រើសរើសបណ្ដាញសង្គម ជាមធ្យោបាយបញ្ចេញសម្លេង។
សរុបទៅក្នុងបរិបទនេះ ក្រមសីលធម៌វិជ្ជាជីវៈ មិនគួរត្រូវបានមើលថាជាច្បាប់សរសេរនៅលើក្រដាសប៉ុណ្ណោះទេ ប៉ុន្តែគួរត្រូវបានប្រើជាត្រីវិស័យ នៃការគិត ការសម្រេចចិត្ត និងការប្រតិបត្តិការរៀងរាល់ថ្ងៃ របស់គ្រូពេទ្យ ចាប់ពីការធ្វើរោគវិនិច្ឆ័យ រហូតដល់ការព្យាបាល និងការប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ហើយប្រសិនបើក្រុមគ្រូពេទ្យយើងអនុវត្តបាន បូកផ្សំនិងការបំពាក់សំភារៈនិងឧបរណ៍វេជ្ជសាស្រ្តថ្មីៗហើយទំនើប រួមជាមួយនឹងជំនាញនិងបទពិសោធន៍ដែលមានស្រាប់ វិស័យសុខាភិបាលកម្ពុជាដឹងតែរីកចំរើនទៅមុខទៀតហើយ៕