រឿងក្មេងទំនើង! តើយើងគួរតែប្រឈមមុខនឹងដោះស្រាយយ៉ាងណា?
ក្មេងទំនើងនៅក្នុងសង្គមយើង ហាក់ដូចជាបង្រ្កាបមិនចេះអស់មិនចេះហើយ ដោយផ្ទុះពីកន្លែ ងមួយទៅធ្លាយនៅកន្លែងមួយ រហូតដល់នាយករដ្ឋមន្រ្តីសម្តេចធិបតី ហ៊ុន ម៉ាណែតបានចេញ សារជាបន្តបន្ទាប់ហើយតែនៅតែបន្តឃើញទង្វើដ៏គឃ្លើនដដែល ។
នៅពេលដែលវាផ្ទុះនៅរាជធានីភ្នំពេញសមត្ថកិច្ចនៅរាជធានីបង្រ្កាបវាទៅផ្ទុះមួយក្រុមទៀតនៅតាកែវ ហើយដល់ពេលសមត្ថកិច្ចនៅតាកែវបង្រ្កាប វាអាចទៅលេច ឬផ្ទុះនៅខេត្តផ្សេងៗទៀតពីព្រោះវាគឺជាបញ្ហាសង្គមមួយដែលកំពុងតែចាក់ឫសគល់នៅក្នុងសង្គមយើងគួរសម ដែលយើងទាំងអស់គ្នាត្រូវតែចូលរួមទប់ស្កាត់និងបង្រ្កាប អប់រំ និងលើកកំពស់ការប្រយុទ្ធ ប្រឆាំងនឹងបញ្ហាក្មេងទំនើងនេះទាំងអស់គ្នា។
កន្លងមកបញ្ហាក្មេងទំនើងនេះ ត្រូវបានគេដាក់បន្ទោសថា មកពីគ្រួសារ សង្គម គ្រឿងស្រវឹង និងគ្រឿងញៀនជាដើម។ អ្នកជំនាញបានលើកឡើងថា ដោយសារតែគ្រួសារខ្វះភាពកក់ក្តៅ ឬយកចិត្តទុកដាក់បានធ្វើឲ្យក្មេងខ្វះភាពកក់ក្តៅ ហើយពេលខ្លះដោយសារតែឪពុកម្តាយនេះ ក៏ជាក្មេងទំនើងដែរ ក៏វាចេះតែបន្តអូសបន្លាយជាបន្តបន្ទាប់។
រឿងឪពុកម្តាយគ្រួសារគឺជារឿងមួយ ប៉ុន្តែសង្គម ដែលមានមិត្តភ័ក្រ និង កង្វះការអប់រំពីអ្នកដែលនៅជុំវិញខ្លួន មានចាស់ព្រឹទ្ធាចារ្យ និង លោកគ្រួអ្នកគ្រូក៏ជាកត្តាមួយរួមផ្សំ បន្ថែមទៀត ។
រឿងមួយដែលរិតតែត្រូវបានគេដាក់បន្ទុកថែមទៀតនោះ គឺពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន និង គ្រឿងស្រវឹង ។ រឿងគ្រឿងញៀនថ្វីត្បិតែពួកយុវវ័យងាយស្រួលនៅក្នុងការស្វែងរក ប៉ុន្តែដោយសារតែវាជារបស់ខុសច្បាប់ក៏មានការញញើតញញើមខ្លះៗ លើកលែងតែគ្រឿងស្រវឹង គឺបើកចំហរតែម្តង។
គ្រឿងស្រវឹងមានលក់ជាចំហរហើយក្មេងមិនថា ប៉ុណ្ណាទេ អោយតែមានលុយគឺអាចទៅទិញ បានយ៉ាងងាយស្រួល ដោយគ្មានរឿងសួរនាំ អ្វីនោះទេ ទាំងអស់នោះហើយដែលជា កម្លាំង ជំរុញធំធេងណាស់ដល់បញ្ហាក្មេងទំនើង។
ផ្អែកតាមទឡ្ហីករណ៍ទាំងនេះ យើងមិនគួរអង្គុយបន្ទោសគ្នាថា រឿងក្មេងទំនើងនេះវាកើតពីណានោះទេសំខាន់អ្វីដែលយើងគួរតែជជែកហើយចាត់វិធានការណ៍ឲ្យខានតែបាននោះ គឺ ធ្វើយ៉ាងណាឈប់ឲ្យវាលែងកើតមានយ៉ាងអនាធិបតេយ្យដូចជានៅពេលនេះ។
មិនថាឪពុកម្តាយ អាណាព្យាបាល ឬសង្គមនោះទេ គឺគ្រប់គ្នាសុទ្ធតែមានចំណែក ដូច្នេះគួរតែចាត់វិធានការ យ៉ាងណាបន្តប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀន ហើយបញ្ហាស្រាគួរតែពង្រឹងយន្តការគ្រប់គ្រង ការធ្វើទីផ្សារនិងពង្រឹងការគ្រប់គ្រងការលក់ឲ្យបានត្រឹមត្រូវ កុំចេះតែបើកចំហរ។
នៅក្នុងផ្ទះឪពុកម្តាយ និងអាណាព្យាបាលគួរតែអប់រំប្រៀនប្រដៅ និងបញ្រ្ជាបអំពីបញ្ហា ហើយនៅក្នុងសង្គម សាលារៀនក្តីឫចាស់ព្រឹទ្ធាចារ្យក្តីគួរតែ បន្តរំលឹកបញ្ជូនសារអំពីបញ្ហេនេះ ហើយប្រទេសគួរតែរិតបន្តឹងច្បាប់នានាដែលពាក់ព័ន្ធលើការគ្រប់គ្រងការប្រើប្រាស់គ្រឿងស្រវឹង ហើយនិយាយថា ទេនឹងគ្រឿងញៀន៕