រស់នៅក្បែរខាងគ្នា កុំចាំចាប់កំហុស
អ្នកជិតខាងនឹងគ្នាប្រសិនបើរវល់តែចាប់កំហុសគ្នានោះជីវិតនិងជីវភាពរស់នៅរបស់អ្នកទាំងអស់គ្នាពិតជាមិនអាចរស់នៅសុខស្រួលរីករាយនិងមានសុភមង្គលបានឡើយ ។
មកដល់ពេលនេះទំនាស់និងការគុំគូននឹងគ្នាគឺមានកាន់តែច្រើននៅក្នុងសង្គមដែលកើតមានឡើងនៅក្នុងចំណោមអ្នកជិតខាងនេះឯង ហើយករណីឃាតកម្មដ៏រន្ធត់ដែលបានកើតមានឡើងនៅបុរីប៉េងហួតបឹងស្នោថ្មីៗកន្លងទៅនេះក៏មួយផ្នែកទំនងជាមានដើមចមចេញមកដោយសារតែបញ្ហាជិតខាងមិនចុះសម្រុងគ្នានេះឯង ។
នៅក្នុងជីវភាពរស់នៅប្រសិនបើយើងរស់នៅចេះយកចិត្តគេមកដាក់ចិត្តយើង ហើយចេះជួយគ្នាទៅវិញទៅមកជីវិតនៅក្នុងសហគមន៍និងសុខស្រួល ហើយភាពជាអ្នកជិតខាងល្អក៏មានផល ប្រយោជន៍នឹងគ្នាទៅវិញទៅមកដែរ ។
ដើម្បីកុំអោយមានទំនាស់កើតមានឡើងសូមកុំរំលោភគ្នាទៅវិញទៅមកទៅវាចប់ហើយ ។ ការំលោភកន្លងគឺមានតំាងពីសត្វចិញ្ចឹម ការដាំដើមឈើ ការហាលសម្លៀកបំពាក់ ការចតយានយន្ត ការលក់ដូរ ការបំពុលដោយសម្លេងជាដើម។
ដោយឡែកភាពជាអ្នកជិតខាងល្អដែលធ្លាប់មានកន្លងមក គឺការចេះជួយយកអាសារគ្នា មានអីហូបចុកចេះចែករំលែកគ្នា ។ ការជួយគ្នាពេលមានទុក្ខធុរៈដូចជាពេលឈឺឫមានអាសន្នអន់ក្រពេលយប់ព្រលប់នឹងគ្នា ជាដើម ។
ដើម្បីបង្ការទំនាស់ប្រសិនបើមានអ្វីលើសខ្វះឫលើសលួសដោយប្រកាសណាមួយចេះសូមទោសគ្នា ហើយអត់អោនអោយគ្នាជាការស្រេច ។ ករណីចញ្ចឹមសត្វ សូមមើលថែរទាំងវាឲ្យបានត្រឹមត្រូវ កុំបញ្ចេញសម្លេង ឫព្រលែងទៅបន្ទោបង់ដាក់គេ ញយៗ ។ ករណីដើមឈើអី សូមកុំដាំល្អជាង ហើយបើដាំ មើលមែកមើលស្លឹកចូលផ្ទះគេផង ។
ភាពជាអ្នកជិតខាងល្អគួរតែជាគោលគំនិតដែលយើងទាំងអស់គ្នាត្រូវតែប្រកាន់យកទាំងអស់គ្នាហើយខិតខំកសាងវាឲ្យបាន ពីព្រោះផលប្រយោជន៍នៃការមានការរាប់អានល្អរវាងអ្នកជិតខាងគឺប្រៀបដូចជារបងការពារដ៏រឹងមាំសម្រាប់យើងទាំងអស់គ្នា ។
អ្នកជិតខាងនឹងគ្នា តែមានអ្នកមាននិងអ្នកក្រ ហើយក៏មានការលើសលួសគ្នាបន្តិចបន្តួចដោយជៀសមិនរួច ប៉ុន្តែយើងគួរតែយោគយល់គ្នាអធ្យាស្រ័យគ្នា ហើយជួយគ្នាទៅវិញទៅមកតាមលទ្ធភាព ប៉ុន្តែប្រសិនបើយើងកសាងទំនាស់ឫក៏មើលមុខគ្នាមិនចំ ហើយប្រកាន់គំនិតចង់សងសឹកឫចង់ឈ្នះចាញ់នៅសេចក្តីសុខនិងភាពស្ងប់ស្ងាត់គឺមិនមានសម្រាប់គ្រួសារទាំងពីរបានឡើយ ។