រថយន្តទំនើបៗនិងថ្មីៗបានកំពុងតែសម្រុកបញ្ចុះថ្លៃតើយើងគួរទិញជិះឬទេ ?

នៅពេលនេះតម្លៃរថយន្តថ្មីៗទំនើបៗជាច្រើនបានកំពុងតែហូរចូលមកកាន់ទីផ្សារនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងតម្លៃកាន់តែសមរម្យ ហើយក៏លក្ខខណ្ឌនៃការលក់នោះគឺក៏កាន់តែងាយស្រួល។ នៅក្នុងស្ថានភាពនៅពេលបច្ចុប្បន្ននេះតើយើងគួរទិញឬមិនគួរ ?
នៅពេលនេះនៅលើទីផ្សារនៅកម្ពុជាក្រុមហ៊ុនខ្លះក៏បានបានដួល ហើយក្រុមហ៊ុនថ្មីខ្លះក៏បានហូរចូលមក ប៉ុន្តែរថយន្តទំនើបៗជាច្រើនម៉ូដែលនិងប្លែកៗ គឺមានកាន់តែច្រើន។ ក្រុមហ៊ុនទាំងនេះបានកំពុងតែប្រណាំងប្រជែងគ្នាឃោសនានិងធ្វើកម្មវិធីទីផ្សារតាមយុទ្ធសាស្រ្តនិងយុទ្ធវីធីអាជីវកម្មដើម្បីដណ្តើមអតិថិជនរៀងៗខ្លួន។
ក្រុមហ៊ុនរថយន្តដែលកំពុងតែធ្វើទីផ្សារនៅកម្ពុជាគឺមានតាំងពីរថយន្តជជុះ ដែលមានអ្នកលក់ជាច្រើននាក់ រថយន្តថ្មីចិន ដែលមានមូដែលជាច្រើន ក្រុមហ៊ុនអឺរ៉ុប ក្រុមហ៊ុនអាមេរិក ក្រុមហ៊ុនជប៉ុន។ តម្លៃនៃរថយន្តថ្មីទាំងនោះមានតម្លៃធូរថ្លៃជាងកាលពី៣ទៅ៤ឆ្នាំមុខចន្លោះពី ១ម៉ឺន៥ពាន់ដុល្លាររហូតដល់ ៤ឬ៥ពាន់ដុល្លារនៅក្នុងមួយគ្រឿងតាមមូដែល។
នៅពេលនេះក្រៅពីតម្លៃមានភាពទាក់ទាញហើយនោះ បច្ចេកវិទ្យានិងឧបករណ៍ដែលបំពាក់នៅលើរថយន្ត ទាំងនោះកាន់តែទំនើបនិងទាន់សម័យដែលធ្វើឲ្យយើងដែលមានលុយមានលទ្ធភាពអាចនឹងឈ្លក់រង្វេង ហើយអាចនឹងសម្លឹងមួយគ្រឿងដើម្បីទុកជិះបម្រើសេចក្តីត្រូវការ និងបម្រើឲ្យការចង់មានចង់បានចង់ បង្ហាញនូវប្រណីតភាពនៃជីវិតរបស់យើងម្នាក់ៗមែន។
បើបងប្អូនមានសូមទិញហើយប្រើទៅចុះ ប៉ុន្តែប្រសិនបើមិនមានទេ ដកឃ្លារសិន ហើយរិះគិតឲ្យច្បាស់ លាស់កុំយកខ្លួនទៅលង់នឹងជីវិតរស់នៅក្នុងសង្គមសំភារៈនិយមនេះអីវាគ្រោះថ្នាក់។ នៅក្នុងករណីដែលយើងមានការងារល្មមៗ ប៉ុន្តែយកខ្លួនទៅលង់នឹងបំណុលពីព្រោះតែចង់បានភាពហ៊ឺហារគឺជាការប្រថុយប្រថានមួយដ៏គ្រោះថ្នាក់។
នៅក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ ការចំណាយគឺកាន់តែច្រើន ប៉ុន្តែចំណូលវិញគឺកាន់តែពិបាករក ដូច្នេះប្រសិនបើយកនៅសុខៗយកខ្លួនយើងដែលកំពុងតែរស់នៅក្នុងបំណុលស្រាប់ ឬ ក៏មិនជាប់បំណុលទៅ ឡូកឡំនឹងជីវិតបំណុលគឺពិតជាហានិភ័យមួយ។
គិតឲ្យច្បាស់លាស់ លុយក៏របស់អ្នក បំណុលក៏របស់អ្នក ហើយទុក្ខលំបាកក៏របស់អ្នក ដូច្នេះចង់ទិញឬមិនទិញគឺជាសិទ្ធិសម្រេចរបស់អ្នក ហើយអ្វីដែលយើងអាចនិយាយបានគឺគ្រាន់តែមុននឹងកាន់លុយទាំងបាច់ៗទៅចំណាយលើសំភារៈនិយមបែបនេះ គួរតែថ្លឹងថ្លែងឲ្យគ្រប់ជ្រុងជ្រោយ សព្វយ៉ាង ដើម្បីកុំអោយការ សម្រេចចិត្តរបស់យើងក្លាយជាបញ្ហារបស់យើង ប៉ុន្តែបើការសម្រេចចិត្តនោះត្រូវសូមចូលរួមអបអរ៕
Daily Program
