រដ្ឋាភិបាល​គួរ​ពង្រឹងនិងលើកកំពស់សហគ្រាសធុនតូចនិងមធ្យម

នាដំណាក់កាលនេះប្រសិនបើស្ថាប័នពាក់ព័ន្ធជាពិសេសគឺក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អាចរៀបចំយុទ្ធសាស្រ្តពង្រឹងសហគ្រាសធុនតូចនិងមធ្យមហើយអាចលើកកំពស់សមត្ថភាពនិងផលិតកម្មរបស់ពួកគេបានវាគឺជារឿងប្រសើរបំផុតសម្រាប់កម្ពុជា។

មកដល់ពេលនេះចន្លោះប្រហោងនៃផលិតផលដែលធ្លាប់តែកាន់កាប់ដោយចំណែកទីផ្សារផលិតផលមកពីប្រទេសថៃធ្លាក់ចុះ ហើយកំពុងតែបំពេញដោយទំនិញពីប្រទេសផ្សេងមានម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម ចិន ជាដើម មួយចំណែកនោះគឺសហគ្រាសផលិតកម្មនៅក្នុងស្រុក ប៉ុន្តែប្រសិនបើយើងអាចចេះក្តាប់ឱកាសជួយនិងជំរុញសហគ្រាសធុនតូចនិងមធ្យមឲ្យមានកម្លាំងហក់ចូលនៅក្នុងសង្វាន​ផលិតកម្ម ហើយអាចផលិតផលិតផលបំពេញចន្លោះប្រហោងនោះ​ គឺរឹតតែប្រសើរបំផុតសម្រាប់កម្ពុជា។

បើផ្អែកតាមរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅ​កម្ពុជា ឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិ​នៃក្រសួងផែនការ​ កម្ពុជាមានសហគ្រាសធុនតូច និងមធ្យមចំនួនជាង ៧៥ម៉ឺន​ ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។

មកដល់បច្ចុប្បន្ននេះ ស្ថិតិនេះអាចច្រើនជាងមុន ដូច្នេះប្រសិនបើយើងមានការលើកទឹកចិត្ត និង​ជួយសម្រួល​កាត់បន្ថយការចំណាយ បង្កើនកញ្ចប់ទុនវិនិយោគ វាអាចជាឱកាសមួយដ៏ប្រសើរដើម្បីឲ្យពួកគេពង្រឹងខ្លួន អាចបង្កើតសមត្ថភាពនិងកែច្នៃសង្វាក់ផលិតកម្ម ដាក់ចូលបង្រ្គប់និងបំពេញទីផ្សារ។​

ជាការពិតកិច្ចការនេះ មិនមែនជារឿងងាយស្រួលនោះទេ ដូច្នេះអ្នកជំនាញចាំបាច់ត្រូវធ្វើការជាមួយគ្នា​រកចំណុចខ្លាំង ត្រូវបង្កើនប្រសិទ្ធភាព ហើយរកចំណុចខ្សោយដើម្បីលុបបំបាត់​ រួចបំពាក់នូវអ្វីដែលជាកម្លាំងរុញផលិតកម្មពួកគេឲ្យទៅមុន​ដូច្នេះអ្វីៗនឹងប្រសើរ។​

ជាការពិតការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម​ ដើម្បីជំរុញការអភិវឌ្ឍ ឱ្យក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជាវាពិបាក ប៉ុន្តែគួរតែជំនះពេលនេះឲ្យហើយ ពីព្រោះនៅពេលនេះកម្លាំងចិត្តកំពុងតែពុល ហើយឱកាសក៏កំពុងបើកចំហរ ដែលយើងគួរតែលើកកំពស់ការខំប្រឹងប្រែងជួយផលិតករនៅក្នុងស្រុកយើងឲ្យដំណើរការ។​

នៅពេលនេះស្ថាប័ននានាកំពុងតែគិតគូរ ប៉ុន្តែសូមកុំគិតគូរយូរពេក ប្រយ័ត្នឱកាសវាកន្លងទៅបាត់។ អ្នកដែលពាក់ព័ន្ធគួរអង្គុយជាមួយនឹងពួកគេហើយធ្វើការជាមួយគ្នា ហើយរួមដាក់ចេញសកម្មភាពដើម្បីឲ្យវិស័យសហគ្រាសធុនតូចនិងមធ្យមអាចមានឱកាសពង្រីកផលិតកម្មជួយជាតិបន្ថែមមួយកម្រិតទៀត៕

 

Daily Program

Livesteam thumbnail