រដូវវស្សាបែបនេះ! សូមប្រុងប្រយ័ត្នជំងឺមួយចំនួនណាបងប្អូន
ជាធម្មតាពពួកជំងឺដែលឧស្សាហ៍កើតមាននៅក្នុងអំឡុងរដូវវស្សា គឺមានច្រើនគួរសមដែរ ហើយជំងឺខ្លះក៏អាចសម្លាប់យើងបានថែមទៀត ដូច្នេះសូមលើកកំពស់ការប្រុងប្រយ័ត្នចំពោះសុខភាព និងអនាម័យផង។
តាមបទពិសោធកន្លងមក និងការតាមដានស្ថានភាពសុខភាពជាបន្តបន្ទាប់បានឲ្យដឹងថា ជាទូទៅនៅក្នុងអំឡុងរដូវវង្សាពីខែឧសភា ដល់ខែតុលា អ្នកដែលមានប្រព័ន្ធការពារមេរោគខ្សោយគឺងាយនឹងកើតជំងឺ និងឆ្លងមេរោគខ្លាំងបំផុត។
ជំងឺដែលងាយឆ្លងនិងគ្រោះថ្នាក់ ហើយបើមិនដល់ជីវិតក៏រំខានដល់ការប្រកបរបររកស៊ីចិញ្ចឹមជីវិត ខាតពេលវេលា និងអស់លុយកាក់នៅក្នុងការព្យាបាលគឺមានដូចជា ជំងឺរាគ ជំងឺគ្រុនពោះវៀន ជំងឺរលាថ្លើម A ពីព្រោះជំងឺទាំងនេះគឺវាច្រើនឆ្លងតាមមេរោគនៅក្នុងទឹកមិនស្អាត។
ពាក់ព័ន្ធនឹងទឹកនេះ យើងក៏សូមលើកកំពស់ការប្រយ័ត្នចំពោះជំងឺអាសន្តរោគ ទោះបីជាខានឃើញវាកើតមាននៅកម្ពុជាយើងក៏ដោយចុះ ។
ក្រៅពីនោះពពួកជំងឺដែលឆ្លងតាមរយៈសត្វល្អិតជាពិសេសគឺមានមូស គឺមានច្រើនគួរសមដែរដូចជាជំងឺគ្រុនចាញ់ គ្រុនឈាម គ្រុនហ្សីកា ជំងឺគ្រុនឈិក ដែលជំងឺទាំងនេះខ្លះគឺអាចស្លាប់បាន ហើយបើមិនស្លាប់ទេ ក៏យើងអាច គ្រុនក្តៅ ញាក់ ឈឺក្បាលធ្ងន់ធ្ងរ ឈឺខ្នងភ្នែក ឈឺសន្លាក់ និងសាច់ដុំ។
ដោយឡែកពពួកជំងឺដែលឆ្លងតាម មេរោគផ្លូវដង្ហើម ក៏ប្រហែសមិនបានដែរ ។ ពពួកជំងឺនេះមានតាំងពីគ្រុនផ្តាសាយ រលាកសួត ហើយជាពិសេសគឺជំងឺកូវីដ ១៩ ដែលឆ្លងនិងសម្លាប់មនុស្សសឹងតែពាយ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣កន្លងទៅ។
ហើយសម្រាប់ពពួកជំងឺសើស្បែកដូចជារមាស់ ស្រែង ត្រអក ក៏មិនអាចមើលស្រាលបានដែរទោះបីជាវាមិនសម្លាប់យើងក៏ដោយតែវារំខានខ្លាំងណាស់។
សរុបមកវិញដើម្បីបង្កានិងការពារជំងឹទាំងនេះ នៅក្នុងអំឡុងរដូវវស្សានេហ សូមរស់នៅស្អាតលើកកំពស់អនាម័យ ទាំងការហូបចុក ការថែទាំខ្លូន និងកន្លែងគេង ។ សូមលើកកំពស់និងចូលរួមសំអាតបរិស្ថានកំចាត់ជម្រកមូស បោកសំអាតសម្លៀកបំពាក់និងហាលឲ្យស្រួលល្អ ដូច្នេះតាមរយៈការប្រុងប្រយ័ត្នទាំងនេះ ហានិភ័យសុខភាពជាច្រើនដែលទាក់ទងនឹងរដូវវស្សាអាចត្រូវបានបានកាត់បន្ថយ៕