យើងទាំងអស់គ្នាគួរបន្តចែករំលែកនិងរួមគ្នាផ្សព្វផ្សាយសម្រាប់វីរកងទ័ពទាំង១៨រូប​

មកដល់ថ្ងៃទី២៦ខែកញ្ញា នេះ គឺជាថ្ងៃទី៥៩ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ ដូច្នេះយើងទាំងអស់គ្នា​ជាប្រជាពលរដ្ឋ​គួរតែរួបរួបគ្នាបង្កើនការផ្សព្វផ្សាយថែមទៀត ដើម្បីឲ្យសហគមន៍អន្តរជាតិដឹងអំពីបញ្ហានេះ រហូតដល់ភាគីថៃដោះលែងពួកគេដោយសុវត្ថិភាព។​

ពួកគេបានឃ្លាតចាកឆ្ងាយ និង ដាច់ការទាក់ទងពីគ្រួសារ៥៩ថ្ងៃហើយ ដូច្នេះយើងគួរតែនាំគ្នា​ធ្វើអ្វីៗគ្រប់យ៉ាង តាមច្បាប់ តាមជំហររបស់រាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណា​ឲ្យបងប្អូនវីរកងទ័ព​ទាំងអស់​អាចវិលត្រឡប់មកជួបជុំគ្រួសារវិញប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ហើយក៏កុំភ្លេចសុខទុក្ខក្រុមគ្រួសាររបស់ពួកគេ ជាពិសេសគឺអ្នកដែលមានជីវភាពទីទាល់លំបាក។​

មកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងបងប្អូនទាំង១៨នាក់បាន វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព ដូច្នេះយើង​ទាំងអស់គ្នា​ជា​ប្រជាពលរដ្ឋ​គួរតែចែករំលែក និង​គួរតែបង្កើនការផ្សព្វផ្សាយ ដើម្បីធ្វើយ៉ាងណា​ឲ្យបងប្អូន​អាចវិល​មក​មាតុ​ប្រទេស​វិញ។​

យើងទាំងអស់គ្នាដឹងថា រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ ដូច្នេះ​យើងទាំងអស់គ្នាចាំបាច់ត្រូវតែបន្តខិតខំប្រឹងប្រែងថែមទៀត ដើម្បីឲ្យសហគមន៍អន្តរជាតិ និងបង​ប្អូនជនជាតិថៃដែលស្រលាញ់សន្តិភាព យល់ពីស្ថានភាពពិត យល់អំពីបំណងពិតប្រាកដរបស់កម្ពុជា ដែលស្រលាញ់សន្តិភាព និង ការអភិវឌ្ឈ។

មកដល់ពេលនេះខាងក្រសួងការពារជាតិ​និងស្ថាប័ននានា គឺនៅតែបន្តផ្សព្វផ្សាយអំពី​ជោគវាសនា​របស់​បងប្អូនទាំង១៨ នាក់នៅឡើយ ដូច្នេះយើង​ទាំងអស់គ្នាក៏គួរតែនាំគ្នា​បង្កើនការផ្សព្វផ្សាយនិង​ចែក​រំលែក​សារ​អំពាវនាវនេះបន្តទៀត តាមគ្រប់បណ្តាញសង្គម ដែលយើងទាំងអស់គ្នាមានដើម្បី​ធ្វើយ៉ាង​ណា​ឲ្យ​សហគមន៍អន្តរជាតិដឹងកាន់តែច្បាស់ថា ពួកគេនៅតែបន្តគ្រប់គ្រងដោយភាគីថៃ។​

ក្រៅពីនោះនៅក្នុងស្ថានភាពដែលស្ថានការណ៍ព្រំដែននៅតែបន្តនៅក្នុងសភាពតានតឹងនៅឡើយ យើងក៏សូមឲ្យបងប្អូននៅជួរមុខលើកកំពស់ការប្រុងប្រយ័ត្ន និង គោរពបទបញ្ជារបស់ថ្នាក់លើ ជាពិសេស​គឺរាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាធានាបាននូវយន្តការដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែនៅ​តែ​បន្ត​ការពារ​ដែនដីនិងដែនអធិបតេយ្យភាពរបស់យើងដោយរឹងមាំ ដោយ​ឯកភាពគ្នាជាធ្លុងតែមួយ៕​

 

 

Daily Program

Livesteam thumbnail