យើងត្រូវរួបរួមបំបាត់​គ្រឿងញៀនទាំងអស់គ្នា

ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៅក្នុងប្រទេសយើងទាំងអស់គ្នាត្រូវតែបន្តរួបរួមគ្នាបន្ថែមទៀតហើយខំប្រឹងទាំងអស់គ្នា ដើម្បីសហគមន៍យើងគ្មានគ្រឿងញៀន។​

ឧក្រិដ្ឋកម្មគ្រឿងញៀននិងផលប៉ះពាល់របស់វាចំពោះសង្គមយើងមិនងាយលាងជម្រះឬកំចាត់ឲ្យអស់ណាស់ ប៉ុន្តែយើងក៏មិនត្រូវអស់សង្ឃឹមដែរ ពោលគឺយើងត្រូវតែបន្តខិតខំប្រឹងប្រែងបន្ថែមទៀត នៅក្នុងឆ្នាំ២០២៦ ដែលកំពុងតែមកដល់នៅពេលនេះ​។​

កាលពីឆ្នាំ២០២៥ ស្ថិតិពីសមត្ថកិច្ចជំនាញយើងឃើញសញ្ញាវិជ្ជមានខ្លះៗហើយ ដូច្នេះវាចាំបាច់ត្រូវតែបន្តចូលរួមឲ្យកាន់តែសកម្មនិងខ្លាំងក្លាបន្ថែមទៀត​ ហើយមិនអាចបង្អង់ ឬបង្អក់បានឡើយ ។

សមត្ថកិច្ចប្រឆាំងគ្រឿងញៀនកម្ពុជាបានអះអាងថា បរិមាណគ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសពីប្រតិបត្តិការ ប្រឆាំងនឹងការជួញដូរ និង ប្រើប្រាស់គ្រឿងញៀនកាលពីឆ្នាំ២០២៥ថយចុះជាអតិបរមា ប៉ុន្តែចំនួនជនសង្ស័យនៅបន្តកើនបន្តិចបន្តួច ។

ប្រភពដដែលបានអះអាងកាលពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០២៦ថា ប្រតិបត្តិការពេញមួយឆ្នាំ២០២៥កម្ពុជារឹបអូសគ្រឿងញៀនបានត្រឹម៥,៨៨ តោន ខណៈកាលពីឆ្នាំ២០២៤គឺបានដល់ទៅ ១៤,៧ តោន ។ គ្រឿងញៀនដែលរឹបអូសបាន គឺមានដូចជា កេតាមីន អេស្តាស៊ី ហេរ៉ូអ៊ីន គ្រីស្តាល់មេតំហ្វេតាមីន មេតំហ្វេតាមីនគ្រាប់ កូកាអ៊ីន ជាដើម ។ 

ប្រភពដដែលបានបន្ថែមថា ដោយឡែកជនសង្ស័យដែលឃាត់ខ្លួនគឺមានចំនួន ២៦.៤២១ នាក់កើនឡើង ១,៤៩ ភាគរយ នៅក្នុងនោះជនសង្ស័យចំនួន ១.១១៨ នាក់ជាជនបរទេសមាន ១៨សញ្ជាតិ។

ជាមួយនឹងលទ្ធផលនេះ សូមកុំត្រេកត្រអាលនឹងវា ហើយនេះមិនមែនជាសមិទ្ធផលដែលយើងចង់បាននោះទេ​​។ គោលដៅយើងចង់លុបបំបាត់ផលប៉ះពាល់ដោយគ្រឿងញៀនគឺវានៅឆ្ងាយពីគោលដៅណាស់ ដោយសារតែពេលនេះគ្រឿងញៀនវាបានរីករាលដាលជ្រៅនៅក្នុងមជ្ឈដ្ឋាននៃសង្គមទូទៅនៅកម្ពុជា ដែលយើងទាមទារនូវការខិតខំទាំងអស់គ្នាបន្ថែមទៀត​ដើម្បីធ្វើយ៉ាងណាក៏ដោយឲ្យប្រតិបត្តិការប្រឆាំងនឹងគ្រឿងញៀននេះបន្តមានការរីកចំរើនជាលំដាប់​។​

គ្រឿងញៀនមិនមែនជារឿងលេងសើចទេ ហើយ​ផលប៉ះពាល់របស់វាក៏មិនធម្មតាដែរ ។ សង្គមដែលមានពលរដ្ឋរងគ្រោះនឹងគ្រឿងញៀនច្រើននោះយើងនឹងមានបញ្ហាសង្គម និង សេដ្ឋកិច្ចមិនខាន ពីព្រោះអ្នកដែលញៀនគ្រឿងញៀនជាប្រភពនៃឧក្រិដ្ឋកម្មផ្សេងៗ​ដែលយើងចាំបាច់ត្រូវតែជួយពួកគេជាបន្ទាន់ ​។​

សរុបទៅ សូមកុំត្រេកត្រអាលនឹងសមិទ្ធផល នៃការបង្រ្កាបគ្រឿងញៀន ។ បញ្ហាគ្រឿងញៀននេះ គឺវាទូលំទូលាយណាស់ យើងចាំបាច់ត្រូវមានការប្តេជ្ញាចិត្តរួមគ្នាបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហានេះពីសង្គមរបស់យើង៕​

 

Daily Program

Livesteam thumbnail