យុវជន និងយុវនារីសូមកុំជ្រួលជ្រើមនៅសប្តាហ៍នេះ !

នៅពាក់កណ្តាលសប្តាហ៍នេះ ថ្ងៃបុណ្យនៃក្តីស្រលាញ់នឹងមកដល់ ប៉ុន្តែយុវជន និងយុវនារីសូមកុំជ្រួលជ្រើម ហើយអ្នកដែលពាក់ព័ន្ធគួរតែយកចិត្តទុកដាក់ និង​ព្យាយាមចែករំលែកក៏ដូចជាបញ្រ្ជាបអំពីផលប៉ះពាល់នៃព្រឹត្តិការណ៍នោះ។

បុណ្យនៃក្តីស្រលាញ់ ដ៏ពេញនិយមនៅលើពិភពលោក ដែលគេតែងតែរៀបចំឡើងនៅថ្ងៃទី ១៤ ខែកុម្ភៈរាល់ឆ្នាំនឹងមកដល់នៅថ្ងៃពុធសប្តាហ៍នេះ ខណៈដែលអ្នកដែលអាចរកប្រាក់ចំណូលពីព្រឹត្តិការណ៍នេះបានកំពុងតែត្រៀម ។​

នៅក្នុងនោះអ្នកដែលលក់ផ្កាកូឡាប អាចពេញនិយមជាងគេ បន្ទាប់មកក៏មានផ្កាក្រដាស ដែលមកដល់ពេលនេះ​មានអ្នកចេញកែច្នៃយកក្រដាសធ្វើផ្កាក៏បានត្រៀមមកច្រើនដែរ។ ក្រៅពីនោះ ក្រុមអ្នកដែលពាក់ព័ន្ធនឹងលក់វត្ថុអនុស្សាវរីយដូចជាទឹកអប់ ប្រេងម្សៅ នាឡិកា ហើយភោជនីដ្ឋាន រួមទាំងកន្លែងស្នាក់នៅមួយចំនួនក៏បានត្រៀមរួចរាល់ដែរ។

ការត្រៀមបម្រុងរបស់ពួកគេ គឺជារឿងធម្មតាពីព្រោះនេះជាអាជីវកម្ម និង ជាឱកាសមាសរបស់ ពួកគេ ដោយឡែកលោកគ្រូ អ្នកគ្រូ អាណាព្យាបាល ឪពុកម្តាយ និង ស្ថាប័នក៏ដូចជាភ្នាក់ងារ សង្គមដែលពាកព័ន្ធគួរតែយកចិត្តទុកដាក់ណែនាំ និងបញ្ជ្រាបអំពីផលប៉ះពាល់នៃការភ្លើត​ភ្លើន ដល់យុវជននិងយុវនារី​។

នៅពេលនេះដោយការខិតខំយកចិត្តទុកដាក់យុវវ័យជាច្រើនពួកគេបានយល់ត្រឹមត្រូវនឹងដឹង អំពីផលប៉ះពាល់ នៃព្រឹត្តិការណ៍នេះច្រើនដែរហើយ ប៉ុន្តែខ្លាចតែកាតអន្ទង និងការស្លុងអារម្មណ៍មួយភ្លែត ដូច្នេះសូមយកចិត្តទុកដាក់ ជាពិសេសគឺអាណាព្យាបាល និងឪពុកម្តាយ​ផ្ទាល់។

សូមធ្វើក្រោលអោយហើយកុំនៅពេលដែលគោ ឬសេះបាត់ បាននាំគ្នាធ្វើក្រោលតាមក្រោយ។ អ្វីៗវានឹងហួសពេលប្រសិនបើយើងខ្វះការយកចិត្តទុកដាក់ ឬ​ធ្វេសប្រហែស ។ នៅក្នុងថ្ងៃនោះ នៅក្នុងគ្រួ​សា​រគួរតែនាំគ្នាបង្កើតស្ថានការណ៍សប្បាយៗរីករាយ ដូចជាការនាំគ្នាទៅទទួលទាន អាហារជុំគ្នា ទិញផ្កាទិញវត្ថុអនុស្សាវរីយជូនគ្នានៅក្នុងគ្រួសារ។

បើមិនចេញទៅក្រៅទេនោះ អាចជាការជួបជុំគ្នាធ្វើម្ហូប ទទួលទានជុំគ្នា និយាយលេងក៏ជារឿងសប្បាយនិងកសាងភាព ស្និទស្នាលនៅក្នុងគ្រួសារ។ នៅសម័យនេះរឿងហូបចុកគឺសំបូរណាស់ ហើយឧបករ​ណ៍​ដែលចំ​អិនរបស់ទទួលទាននោះក៏សំបូរបែប គឺសឹងតែ កន្លះម៉ោងអីជួយគ្នាមួយដៃមួយជើងគឺអាចទទួលទានបានហើយ។

សរុបមកវិញសូមឲ្យថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំនេះគឺជាពេលអំណរសប្បាយរីករាយនឹងការជួបជុំគ្នានៅក្នុងគ្រួសារ ហើយក៏ពេលដែលកកក់ក្តៅបំផុត មួយដើម្បីធ្វើឲ្យគ្រួសារមានភាពកក់ក្តៅ និងសុភមង្គល​​៕

 

 

Daily Program

Livesteam thumbnail