យានយន្តដឹកធុនធ្ងន់គួរតែរិតបន្តឹងការត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពឲ្យហ្មត់ចត់

យានយន្តចាស់វាគឺជារឿងមួយ ប៉ុន្តែចាស់ក៏ដោយថ្មីក៏ដោយសម្រាប់យានយាន្តធុនធ្ងន់ហើយដឹកជញ្ជូនជាពិសេសទំនិញឫផលិតផលដែលធ្ងន់និងមានស្ថានភាពគ្រោះថ្នាក់ចាំបាច់គួរតែបង្កើនការរិតបន្តឹងលើការត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពឲ្យបានច្បាស់លាស់ហ្មត់ចត់មុននឹងចេញមកទ្រូងផ្លូវសាធារណៈ ។

តាមការសង្កេតជាទូទៅនៅលើទិដ្ឋភាពនៅតាមដងផ្លូវនានា ដែលឧស្សាហ៍ឃើញរថយន្តដឹកទំនិញធុនធ្ងន់ឆ្លងកាត់ ឃើញថា សកម្មភាពដឹកជញ្ជូនទំនិញ ឥវ៉ាន់ ជាពិសេសគឺដែករមូធំៗ កុងតឺណ័រជាងដើមឃើញថា មិនមានស្តង់ដាសុវត្ថិភាពត្រឹមត្រូវឡើយ ។

ស្ថានភាពបែបនេះគឺជាក្តីបារម្ភមួយ អំពីគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុនៅពេលអនាគតប្រសិនបើយើងនៅតែចេះបណ្តែតបណ្តោយ ហើយការធ្វេសប្រហែស ក៏ដូចជាខ្វះខាតការត្រួតពិនិត្យឲ្យបានហ្មត់ចត់ ។

ជាធម្មតាការដឹកជញ្ជូនរមូដុំដែកធំៗដែលមានទំងន់រាប់តោន គឺត្រូវការកំណល់ និង ច្រវាក់ចងរិតយ៉ាងរឹងមាំ ហើយយានយន្តដែលដឹកទំនិញគ្រោះថ្នាក់បែបនេះក៏គួរតែមាំទាំហើយថ្មីមានស្តងដាគ្រប់គ្រាន់ ប៉ុន្តែមិនដូច្នេះទេ រថយន្តដឹកជញ្ជូននោះក៏ចាស់ហើយពេលដឹកវិញនោះក៏មានការធ្វេសប្រហែសដែរ ។

ទិដ្ឋភាពបែបនេះឧស្សាហ៍ឃើញណាស់នៅលើផ្លូវ៣៧១ ដោយដែករមូដែលគេដឹកជញ្ជូនគឺមើលទៅមានហានិភ័យបំផុត ពីព្រោះខ្សែរដែលចងដែករមូទាំងនោះមើលទៅមិនអាចធានាមិនអោយដែករមូនោះមិនអោយរអិលបានឡើយ​ ហើយបើវារអិលក៏គ្មានសមត្ថភាពទប់ជាប់ដែរ ។ ក្រៅពីនោះ កុងតឺណ័រទៀតសោត ពេលខ្លះរថយន្តដែលដឹកនោះធ្លាក់កន្ទុយកុងតឺណ័រសឹងពាក់កណ្តាល ហើយពេលខ្លះរថយន្តដែលដឹកកុងតឺណ័រនោះមិនមានគន្លឹះសុវត្ថិភាពមិនអាចកុងតឺណ័រនោផ្លាស់ទីពេលរថយន្តដឹកជញ្ជូននៅលើផ្លូវបានដែរ ។​

ដើម្បីសុវត្ថិភាពមហាជន និង​ អ្នកធ្វើដំណើរនៅលើទ្រូងផ្លូវសាធារណៈ ​រាល់ប្រតិបត្តិការដឹកជញ្ជូនទំនិញទាំងអស់នោះគួរពិនិត្យនិងបំពាក់ប្រព័ន្ធសុវត្ថិភាពឡើងវិញ ។ សមត្ថកិច្ចនិងស្ថាប័នជំនាញក៏គួរតែត្រួតពិនិត្យចំណុចនេះឡើងវិញដែរ ។​

ករណីរអិលធ្លាក់រមូដែកមកលើផ្លូវនៅកម្ពុជាយើងហាក់មិនដែលឭនោះទេ ប៉ុន្តែប្រសិនបើបណ្តែតបណ្តោយឲ្យវាកើតគឺវាគ្រោះថ្នាក់ខ្លាំងណាស់ ពីព្រោះបើវាធ្លាក់ដែកដែលមានទម្ងន់រាប់តោនគ្មានអ្វីអាចបញ្ឈប់គ្រោះមហន្តរាយកើតមានឡើងបានឡើយ ។

ករណីរអិលធ្លាក់កុងតឺណឺនៅលើផ្លូវគឺមានជាហូរហែរដែរកន្លងមក ដូច្នេះគួរតែយកចិត្តទុកដាក់លើចំណុចអសកម្មទាំងនេះឡើងវិញ ។ សូមចាត់វិធានការបង្ការនិងការពារមុនពេលដែលគ្រោះមហន្តរាយវាកើតមាន ។ ស្ថាប័នសមត្ថកិច្ចដែលមានជំនាញពាក់ព័ន្ធគួរតែយកចិត្តទូកដាក់លើបញ្ហានេះ ប៉ុន្តែមិនមែនចុះទៅបានត្រឹមតែពិនិត្យហើយបង្កើតឱកាសរកប្រយោជន៍ឡើយ គឺគួរតែគោរពស្តង់ដាសុវត្ថិភាពជាចំបង ។ ក្រុមហ៊ុនម្ចាស់ផលិតផលនិងប្រតិបត្តិករដឹកជញ្ជូនក៏គិតគូរឡើងវិញនូវការបង្ការនិងការពារគ្រោះមហន្តរាយបែបនេះកើតមានឡើង ។ សូមបង្ការមុន ហើយប្រយ័ត្នកុំអោយវាកើត ប៉ុន្តែបើយើងប្រហែសហើយវាកើត វាគឺជាគ្រោះមហន្តរាយពិបាកស្មានដល់ ។

 

Daily Program

Livesteam thumbnail