មេរោគអេដស៍អត់មានទៅណាឆ្ងាយទេ!

កុំចេះតែហ៊ាន ហើយប្រពឹ្រត្តអំពើផ្តេសផ្តាស ខ្វះភាពស្មោះត្រង់នឹងដៃគូជីវិត ពីព្រោះជំងឺ និងមេរោគអេដស៍ មិនបានទៅណានោះទេ វាគ្រាន់តែសម្ងំចាំមើលតែយើងប្រហែស នឹងអាចចូលមកក្នុងខ្លួនយើងនេះឯង។​

ជាការពិតមកដល់ពេលនេះ អេដស៍មានថ្នាំការពារ និងព្យាបាលដ៏ប្រសើរខុសពីមុនមែន ប៉ុន្តែវានៅតែជាជំងឺគ្រោះថ្នាក់ ដែលអាចសម្លាប់យើងបានដដែល ហើយអ្នកដែលឆ្លងថ្មីក៏មាន​​កត់ត្រាជាប្រចាំ និងបន្តបន្ទាប់។​

លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍រំលឹកប្រាប់សាធារណជន កាលពីដើមសប្តាហ៍កន្លងទៅនេះ​ថា សម្រាប់កម្ពុជាគឺពិតជាបានជោគជ័យនៅ​ក្នុងការទប់ស្កាត់នូវការរីករាលដាលនៃមេរោគនិងជំងឺនេះមែន ហើយអន្តរជាតិក៏​បានទទួលស្គាល់អំពីសមិទ្ធផលនៃការបង្ការនិងការពារមេរោគនិង​ជំងឺអេស៍ ដែល​កម្ពុជាយើងបានធ្វើមែន ប៉ុន្តែវានៅតែឆ្លង។

លោកបានអះអាងថា ជាទូទៅនៅក្នុងមួយឆ្នាំវានៅមានអត្រាចម្លងថ្មីប្រមាណជា ១២០០ នាក់ ហើយនិយាយឲ្យស្រួលទៅគឺថា មួយថ្ងៃគឺនៅមានអ្នកដែលឆ្លងថ្មីជាមធ្យមប្រមាណជា ៣ នាក់ ដូច្នេះកុំប្រហែស ហើយចេះតែប្រពឹ្រត្តរឿងកាមគុណនេះ ជាមួយនឹងដៃគូផ្តេសផ្តាស។

តាមរបាយការណ៍ពីក្រសួងសុខាភិបាល អ្នកដែលឆ្លងគឺក្រុមយុវវ័យមាន អាយុពី ១៥ ទៅ ២៤ ឆ្នាំ មានអត្រាខ្ពស់។ ប្រភពដដែលបានឲ្យដឹងថា អ្នកដែលកំពុងតែរស់នៅជាមួយនឹងជំងឺនេះ គឺមានចំនួន ៧៦.០០០ នាក់ នៅក្នុងនោះមានសេចក្តីរាយការណ៍ថា នៅឆ្នាំ២០២៥កន្លងទៅមានអ្នកស្លាប់៦៩៧​នាក់។​

សូមកុំប្រហែសហើយបណ្តែតបណ្តោយខ្លួនឲ្យឆ្លងមេរោគនេះ ពីព្រោះវាគឺជាហានិភ័យនៃសុខភាពរបស់បងប្អូន​ផ្ទាល់។ ដើម្បីការពារមេរោគនេះ យុវវ័យសូមកុំឆាប់ប្រឡូកនឹងការរួមភេទ  ហើយក្រៅពីនោះ គឺគួរតែមានស្នេហាស្មោះត្រង់ ដៃគូមួយនឹងមួយ។ សូមកុំអាងនេះ​អាងនោះ​ គឺពិតជារឿងដែលគ្រោះថ្នាក់ ខ្លាំងណាស់។

 

សរុបទៅមេរោគនេះ នាំគ្រោះថ្នាក់ដល់ជីវិត ប៉ុន្តែវាក៏មិនងាយឆ្លងដូចជាមេរោគកូវីដ៩ ឬ នីប៉ាសដែលគេកំពុងតែខ្លាចនិងបារម្ភនោះទេ។ វាឆ្លងតាមការប៉ះពាល់ឈាមដែលមិនទាន់កកនៅលើមុខរបួស  ការប្រើប្រាស់របស់ស្រួចចាក់ទម្លុះស្បែករួមគ្នា ការប្រើប្រាស់ម្ជុលនិងសឺរ៉ាំងរួមគ្នា ហើយជាពិសេសគឺការរួមភេទដែលមិនមានសុវត្ថិភាព ដូច្នេះប្រសិនបើយើងបង្ការខ្លួនហើយប្រុងប្រយ័ត្ន នោះ​យើងនឹងអាចរំដោះខ្លួន​ពីការឆ្លងមេរោគនេះនៅក្នុងប្រទេសរបស់យើង៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Daily Program

Livesteam thumbnail