មេក្លោងករណីក្លែងក្លាយគ្រប់ប្រភពគួរតែផ្តន្ទាទោសទៅតាមច្បាប់ដោយមិនលើកលែង !

មេក្លោងរកស៊ីកេងបន្លំហើយក្លែងក្លាយផលិតផលនានា ជាពិសេស​គឺផលិតផល​អរិភាព​គួរតែចាត់វិធានការ​​ចំពោះមុខច្បាប់ដោយមិនលើកលែង ឬ យោគយល់។

កាលពីសប្តាហ៍មុននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានរកឃើញសិប្បកម្មវេចខ្ចប់ប៊ីចេង និងម្សៅស៊ុប ម៉ាក​យីហោរខុសច្បាប់។ តាមសេចក្តីរាយការណ៍​ដែលធ្វើឡើងដោយនគរបាល​ប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឲ្យដឹងថា កម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា​នៃនាយកដ្ឋាននេះនិងស្ថាប័នពាក់ព័ន្ធ បានចុះបង្ក្រាបទីតាំងសិប្បកម្មមួយកន្លែងស្ថិតនៅ​សង្កាត់ភ្លើង​ឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលបាន និងកំពុង វេចខ្ចប់ ប៊ីចេង និងម្សៅស៊ុបម៉ាក ខុសច្បាប់ ដោយមានទាំងឈ្មោះម្ចាស់សិប្បកម្ម ដែលបាននាំចូល ប៊ីចេង និងម្សៅស៊ុប គ្មានម៉ាកយីហោពីប្រទេសចិន លួចលាក់វេចខ្ចប់ដាក់ម៉ាក និងប្រើប្រាស់ស្លាកសញ្ញាគុណភាព បាកូដ ខុសពីប្រភពដើម រួច​លក់ចែកចាយ​ស្ទើរគ្រប់ទីផ្សារ​ក្នុងប្រទេស​កម្ពុជា។

ក្នុងការឆែកឆេរត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញនូវសម្ភារៈវត្ថុតាងដូចជា ប៊ីចេង ម្សៅស៊ុបវេចខ្ចប់រួច រួមនឹងសំបកថង់ សំបកកេស សំបកបាវ ម៉ាក ឆេហ្វ ៥៥ ខុសច្បាប់ ប្រមាណជាង ៣០តោន ម៉ាស៊ីនវាយកាលបរិច្ឆេទ ម៉ាស៊ីនវេចខ្ចប់ធំ ម៉ាស៊ីនវេចខ្ចប់តូច ម៉ាស៊ីនអ៊ុតកេស ​ជាដើម។

បរិមាណដល់ទៅជាង ៣០ តោននេះ មិនដឹងថា នរណាខ្លះបានភ្លក់ហើយឬនោះនោះទេ ដូច្នេះជនដែលជាមេក្លោង ត្រូវតែយកទៅ​អនុវត្តទោស​តាម​ច្បាប់ឲ្យធ្ងន់ធ្ងរ ដើម្បីកុំឲ្យ​មាន​ករណីនេះ​កើតឡើង​ជាថ្មីទៀត។ 

នេះគឺជាករណីរកឃើញមួយ ហើយក្រៅពីនោះវានៅអាចមានផលិតផលផ្សេងៗទៀតដែលឈ្មួញខិលខូចពីព្រោះតែប្រាក់ចំណេញគឺប្រើប្រាស់រូបភាពក្លែងបន្លំផ្សេងៗ។ នៅក្នុងករណីរកឃើញបែបនេះ ហើយពិរុទ្ធជនគឺប្រឈមត្រឹមតែបង់ប្រាក់ពិន័យគឺជនខិលខូចនឹងអាងយ៉ាង ហើយអាចនឹងនៅតែបង្កបញ្ហាទៅថ្ងៃមុខ ដូច្នេះវិធានការចាំបាច់នឹងរឹងមាំសំខាន់គឺគ្រប់គ្រងដោយតម្លាភាព និង​យុត្តិធម៌ គឺចាំបាច់បំផុត។

អ្នកដែលប្រព្រឹត្តបែបនេះ គឺមានទោសមិនតិចនោះទេ ដោយទីមួយគឺទោសបោកប្រាស់អតិថិជន ហើយទីពីរ គឺរកស៊ីមិនត្រឹមត្រូវ។ ក្រៅនោះអ្នកដែលពាក់ព័ន្ធជាពិសេសគឺមេក្លោងគឺចាំបាច់​ត្រូវតែវែកមុខអោយអស់ រួមនឹងអ្នកដែលពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាក៏ដោយធានារឲ្យបានសុក្រិតភាពសម្រាប់សង្គម។

          សរុបទៅ សូមចូលរួមគោរពច្បាប់ទាំងអស់គ្នា រកស៊ីដោយសុចរិត មិនក្លែងបន្លំ ឬផលិតនូវផលិតផលក្លែងក្លាយ ដើម្បីលើកកំពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ក៏ដូចជាលើកកំពស់មុខមាត់ផលិតផលខ្មែរស្របច្បាប់៕

Daily Program

Livesteam thumbnail