មុននឹងហូបចុក សូមរិះគិតនិងចេះថ្នមខ្លួនថ្នមប្រាណផងបងប្អូន !
សម័យនេះអ្នកដែលមានលុយហូបចុកគឺកាន់តែបរបូរណ៍ ហើយចាក់ច្រាស់ ដូច្នេះហើយទើបបានជាម្នាក់ៗកំពុងតែមានពិរុទ្ធសុខភាពជាបន្តបន្ទាប់ ជាពិសេសគឺពពួកជំងឺមិនឆ្លងជាច្រើនប្រភេទរាប់តាំងពី ទឹកនោមផ្អែម លើសឈាម លើសខ្លាញ់ លើសសាច់ ធាតុជ្រុល បេះដូង ក្រពះ ...។ល។
ជំងឺទាំងនេះត្រូវបានគេដឹងថាមួយចំណែកធំគឺបណ្តាលមកពីបញ្ហាហូបចុកនិងផឹកមិនគិតឲ្យបានត្រឹមត្រូវ ឬខ្វះមាត្រដ្ឋាននៃសុខភាពរបស់ខ្លួន ។
នៅសម័យនេះពីព្រោះតែរបស់ហូបចុកវាមានច្រើនសំបូរបែប ហើយតម្លៃទៀតសោតក៏វាធូរស្រាល ពលរដ្ឋជាច្រើនដែលខ្វះការគិតគូរនិងខ្វះការប្រុងក៏កាន់តែមានច្រើន ដូច្នេះហើយបានជាម្នាក់ៗមានបញ្ហាសុខភាព ជាច្រើន ។
មនុស្សយើងដើម្បីរស់មានកម្លាំងកំហែង និងបញ្ញាអាចមានសមត្ថភាពបំពេញការងារប្រចាំថ្ងៃបានគឺត្រូវការហូបចុកឆ្អែតគ្រប់គ្រាន់ ប៉ុន្តែដោយសារតែរបស់វាសំបូរបែបពេក អ្នកខ្លះហូបចុកនិងផឹកលើសពីតម្រូវការប្រចាំថ្ងៃជាហេតុដែលវាបណ្តាលឲ្យមានសំណល់សារធាតុដែលទទួលបានពីអាហារនៅក្នុងខ្លួនបន្តិចម្តងៗរហូតដល់លើសតម្រូវការ។
ពពួកសារធាតុសំណល់ដែលបន្សល់នៅក្នុងខ្លួននេះ នៅពេលដែលវាគរយូរៗទៅ បណ្តាលឲ្យកើតទៅជា លើសអាស៊ីត លើសខ្លាញ់ លើសស្ករ លើសប្រៃ លើសសាច់ជាដើម។ ពពួកសំណល់អាហារដែលនៅសេសសល់នៅក្នុងខ្លួនទាំងនេះយូរៗទៀតវាបង្ករបញ្ហាជាច្រើនសម្រាប់ខ្លួនរបស់យើង ។
ការលើសនេះប្រសិនបើយើងមិនប្រយ័ត្នហើយមិនដែលពិនិត្យសុខភាព ចេះតែបន្តអូសបន្លាយយូរៗវាអាចនឹងបណ្តាលឲ្យយើងទៅជាមានបញ្ហាជាជាច្រើនដល់សុខភាព តាំងពីជំងឺស្ទះសរសៃឈាម ជំងឺលើសឈាម ជំងឺបេះដូង ជំងឺខូចតម្រង់នោម ជំងឺក្រពោះ ពោះរៀន ជំងឺឡើងគីឡូ ឬធាតុជ្រុល។
ពពួកជំងឺទាំងនេះគឺសុទ្ធតែជាប្រភេទជំងឺលាក់មុខ ហើយវាពិតជាគ្រោះថ្នាក់ណាស់បើប្រហែសវាអាចសម្លាប់យើងទាំងអស់គ្នាតែនៅក្នុងមួយពព្រិកភ្នែកតែប៉ុណ្ណោះ ដូច្នេះសូមលើកកំពស់ការប្រុងប្រយ័ត្ន ហើយគួរតែឧស្សាហធ្វើការត្រួតពិនិត្យសុខភាពជាប្រចាំផង។
ការធ្វេសប្រហែសពពួកអាហារទាំងនេះអាចសម្លាប់យើងទាំងអស់គ្នាបានយ៉ាងងាយ ។ នៅក្នុងករណីខ្លះប្រសិនបើយើងអាចសង្រ្គោះបានក៏យើងសឹងតែស្លាប់ដូចតែគ្នា ដោយសារតែយើងត្រូវពិការ បាត់បង់សមត្ថភាពពលកម្មជាដើម។
សរុបមកវិញដើម្បីសុខភាពនិងដើម្បីបង្ការកុំអោយយើងគ្រោះថ្នាក់ដោយសារតែការហូបចុក ចូលលើកកំពស់ការប្រុងប្រយ័ត្ននៅក្នុងការហូបចុក។ សូមកុំហូបតាមឃ្លានហើយទទួលទានតាមឆ្ងាញ់។ រាល់ការហូបចុកគួរតែរិះគិតអំពីសុខភាពប្រសិនបើយើងចង់រក្សាជីវិតឲ្យយូរ និងមានសុខភាពរឹងមាំ៕