ព្រោះតែការលោភលន់ ! យើងអាចក្លាយជាមនុស្សឆោតល្ងង់

ជាធម្មជាតិមនុស្សរស់នៅជាមួយនឹងកាមកិលេស សេចក្តីចង់មានចង់បាន ដែលគេហៅហាលោភៈនេះឯង ប៉ុន្តែដោយសារតែក្តីលោភនោះវាខ្លាំងពេក វាអាចបង្កទៅជាបញ្ហារហូតដល់អ្នកខ្លះឆោតហើយល្ងង់លង់ចាញ់កលល្បិចគេអស់ទ្រព្យ អស់កិត្តិយស និង បុណ្យសក្តិក៏មាន ។
ជាតិជាមនុស្សកាមកិលេសនិងសេចក្តីលោភលន់នេះវាកើតមកលើមនុស្សគ្រប់ៗគ្នាគ្រាន់តែថា អ្នកដែលចេះអប់រំចេះថ្លឹងថ្លែង ហើយមានមនសិការ គឺពួកគេអាចទប់សង្កត់ចិត្តមិនអោយវាដឹកនាំពួកគេឈានទៅរកអបាយមុខ ឫ សកម្មភាពអយស ឫ ក៏អ្វីមួយដែលនាំទៅរកការខូចប្រយោជន៍។
ប៉ុន្មានថ្ងៃមកនេះនៅលើបណ្តាញសង្គមនិងនៅតាមតុកាហ្វេមានការជជែកពិភាក្សាគ្នាជាច្រើនទាក់ទងនឹង បុរសម្នាក់ដែលមានលុយរហូតដល់ទៅខ្ទង់៧លានដុល្លារ ប៉ុន្តែព្រោះតែសេចក្តីលោភៈនេះក៏បណ្តាលឲ្យខ្លួន ខាតបងលុយទាំងនោះទៅក្រុមខិលខូច ។
រឿងនេះយើងខ្ញុំក៏មិនជាស៊ីជម្រៅដែរ ប៉ុន្តែគ្រាន់តែចង់ចែករំលែកថា រស់នៅជាមនុស្សកុំលោភលន់ ហើយចង់បានហួសប្រមាណដោយគ្មានព្រំដែនគ្មានការកំណត់ និង មិនចេះបែងចែកខុសនិងល្អឲ្យសោះ ពីព្រោះថា តែយើងលោភលន់នោះវាខ្លាំង វារមែងមិនបង្កើតប្រយោជន៍នោះទេ គឺវាអាចនាំយើងទៅរកអ្វីដែលជាក្តីវិនាសក្តីអន្តរាយ។
សេចក្តីលោភលន់ឫលោភៈនេះ គឺវាគឺជាមោបាំងដូច្នេះចូររក្សាចិត្តឲ្យនឹងធឹងកុំចង់បានរបស់អ្នកដ៏ទៃមិន សមហេតុផល ពោលគឺអ្វីដែលយើងមិនបានធ្វើ មិនបានហត់ ហើយមិនបានបញ្ចេញកម្លាំងឫ ក៏មិនបានបញ្ចេញគំនិតសតិបញ្ញានោះទេ សេចក្តីវិនាសនិងអន្តរាយអាចនឹងកើតមាន។
អ្នកខ្លះខំប្រឹងប្រែងរកស៊ីពាក់កណ្តាលជីវិតរហូតមានបាន ដូចករណីបុរសអ្នកមានធនធានម្នាក់ដែលគេ និយាយខាងលើ ព្រោះតែសេចក្តីលោភៈនេះ គឺបានបាំងភ្នែក បាំងសតិ បាំងបញ្ញា នាំឲ្យខាតបង់ប្រាក់កាសដ៏ច្រើនលើសលុប ។
ក្រៅពីនោះក៏នៅមានពលរដ្ឋយើងជាច្រើនទៀតព្រោះតែការលោភលន់នេះ ធ្លាក់ខ្លួនចាញ់បោកគេខូចខាត អស់ប្រាក់ អស់ទ្រព្យ ជាបន្តបន្ទាប់ ករណីដូចជា គេបោកថា ឈ្នះឆ្នោត គេបោកថា ឈ្នះរង្វាន់ តាមការទម្លាក់យោងដែលមានជាមាសក្លែងក្លាយដូរយកមាសពិត ។ ល។
នៅក្នុងករណីយើងលោភយើងចង់បានហើយយើងខំប្រឹងប្រែងធ្វើការងារធ្វើការរកស៊ីសន្សំប្រាក់ដោយកម្លាំងការងារការវិនិយោគរបស់យើងជាជំហានៗបន្តិចម្តងៗគឺកម្រមានបញ្ហាណាស់ ហើយបើមាន ក៏យើងនៅមាននេះមាននោះគ្រាន់តែជាជន្ទល់ផងដែរ ប៉ុន្តែការលោភលន់ហួសប្រមាណវិញគឺមានតែក្តីវិនាស ។
សរុបទៅសូមប្រុងប្រយ័ត្នពីព្រោះមនុស្សមានគ្រប់ជំពូកគ្រប់ពណ៌សម្បុរ ហើយព្រោះតែគេដឹងគេចាប់ចំណុចខ្សោយយើងដោយយកការលោភនេះជាត្រីមុខគឺគេងាយស្រួលធ្វើស៊ីយើងណាស់ ។ សូមប្រុងប្រយ័ត្ន មានតែការប្រុងប្រយ៏ត្នទេ ស្មោះត្រង់ទេ ដែលជាភាពខ្លាំងយើងអាចយកឈ្នះលើគ្រោះថ្នាក់នៃ អំពើលោភលន់នេះបាន ។
Daily Program
