ព័ត៌មានក្លែងក្លាយ អាចរុញឲ្យផ្ទុះសង្រ្គាមកាន់តែខ្លាំង !

នៅពេលនេះកម្ពុជានិងថៃសុទ្ធតែបានត្រៀមកម្លាំងរួចជាស្រេចដូចគ្នាដើម្បីបង្ការការផ្ទុះសង្រ្គាមជាថ្មី ក្រោយពេលដែលកងកម្លាំងថៃកាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥ បានវាយប្រហារមកលើកង កម្លាំងកម្ពុជាដែលកំពុងតែប្រចាំការនៅលេនដ្ឋានឈរជើងរបស់ខ្លួនរហូតពលីជីវិតយោធិនមួយរូប។
ក្រោយពេលដែលមានហេតុការណ៍នេះកើតឡើង រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកម្លាំងយោធាទៅកាន់គោលដៅភ្លាមៗ ហើយសម្តេចតេជោ ដែលជាប្រធានព្រឹទ្ធសភា ក៏បានគាំទ្រការចល័តកម្លាំងនេះផងដែរ ដោយសម្តេចបានលើកឡើងថា សព្វាវុធ និងកងទ័ព ដែលបានបញ្ជូនទៅកាន់ព្រំដែន មិនមែនដើម្បីវាយថៃ ឬធ្វើសង្គ្រាមនោះទេ តែជាការត្រៀមបម្រុងចំពោះយថាហេតុអាក្រក់ណាមួយកើតឡើង។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេសក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ស្នើឱ្យជនរួមជាតិស្ងប់ចិត្ត ហើយជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការដោះស្រាយតាមរយៈការចរចា ជាងការដោះស្រាយដោយកម្លាំងប្រដាប់អាវុធ។
សម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋស្ងប់ចិត្តលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ហើយជឿជាក់លើការដោះស្រាយរវាងរាជរដ្ឋាភិបាលទាំងពីរ។ សម្តេចក៏ស្នើឲ្យពលរដ្ឋ ត្រូវប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ដែលរុញឱ្យផ្ទុះសង្គ្រាមរវាងប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញជំនឿថា ហេតុការណ៍ផ្ទុះអាវុធនៅព្រំដែនកម្ពុជា-ថៃ មិនមែនជាបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិរបស់ថៃនោះឡើយ ហើយ សម្តេចតេជោ សន្និដ្ឋានថា ហេតុការណ៍នេះ អាចបង្កឡើងដោយបុគ្គល ឬអង្គភាព។ ហេតុការណ៍នៅព្រំដែនកម្ពុជា-ថៃ កាលពីម្សិលមិញ គឺខុសគ្នានឹងព្រឹត្តិការណ៍ឈ្លានពានកែវគិរីស្វារៈកាលពីឆ្នាំ២០០៨ ហើយអូសបន្លាយដល់ឆ្នាំ២០១១ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្លាំងទ័ព និងសព្វាវុធ ដែលបញ្ជូនទៅព្រំដែនមិនមែនដើម្បីវាយថៃនោះទេ តែករណីមានការឈ្លានពាន គឺកម្ពុជាប្រើសិទ្ធិការពារបូរណភាបទឹកដី និងអធិបតេយ្យជាតិ ហើយក៏បានបង្ហាញថា កម្ពុជាត្រៀមខ្លួនគ្រប់យន្តការនៅក្នុងការដោះស្រាយបញ្ហា ប៉ុន្តែក៏មិនចង់ឲ្យព្រំដែនមានបញ្ហាឫមានសង្រ្គាមនឹងគ្នាដែលជាប្រភពរារាំងការអភិវឌ្ឈន៍នៅតំបន់ព្រំដែន។
សរុបមកវិញនៅក្នុងស្ថានភាពបែបនេះ សូមបន្តតាមដានព័ត៌មានដែលមានប្រភពមានវិជ្ជាជីវៈត្រឹមត្រូវដើម្បីកុំអោយប្រទេសយើងនិងខ្លួនក្លាយជាជនរងគ្រោះព្រោះព័ត៌មានក្លែងក្លាយ ។ នៅក្នុងដំណាក់កាលនេះ នៅពេលដែលទទួលបានព័ត៌មានណាមួយ សូមផ្ទៀងផ្ទាត់ជាមួយនឹងប្រភពផ្លូវការច្បាស់លាស់ ៕
Daily Program
