ពេលមេឃអាប់អួរ សូមប្រុងប្រយ័ត្នរឿងដើរលេងភ្នំ និង រមណីដ្ឋានជិតប្រភពទឹក​!

អាកាសធាតុពិតជាពិបាកស្មាន ប៉ុន្តែការព្យាករណ៍ទុកជាមុនគឺពិតជាអាចជួយចែករំលែកនិងពញាក់ការប្រុងប្រយ័ត្នបាន ដូច្នេះសូមលើកកំពស់ការប្រុងប្រយ័ត្នទៅណាមកណាសូមតាមដានការព្យាករណ៍អាកាសធាតុផងជាពិសេសនៅក្នុងរដូវវស្សាដូចជាបច្ចុប្បន្ននេះ​។​

ស្ថានភាពប្រឈមមុខនឹងគ្រោះថ្នាក់ដោយសារតែព្យុះ ភ្លៀង ផ្គររន្ទះ និង ខ្យល់កន្រ្តាក់ ដែលបណ្តាលមកពីឥទ្ធិពលនៃព្យុះទី៩ គឺបានធ្វើឲ្យមនុស្សមិនតិចនាក់ទេ ដែលភ័យរន្ធត់ ពីព្រោះវាបានគំរាមកំហែងរមណីដ្ឋានមួយចំនួននៅខាងតំបន់ភ្នំ និង សមុទ្រ ។

តាមសេចក្តីរាយការណ៍របស់អាជ្ញាធរមូលដ្ឋាន គ្រោះធម្មជាតិដែលបានបណ្តាលមកពីឥទ្ធិពលនៃព្យុះនៅស្រុកគេនោះ គឺបានបង្កការភ័យរន្ធត់ដល់ពលរដ្ឋដែលបានទៅលេងនៅខាងតំបន់ជីផាត និងនៅខាងភ្នំខ្នងផ្សារ ជាដើម ។

នៅខាងតំបន់ជីផាត ភ្លៀងលេចផ្លូវ ហើយនៅខាងខ្នងភ្នំខ្នងផ្សារមានសេចក្តីរាយការណ៍ថា ទឹកជំនន់បានហូរធ្លាក់ខ្លាំងតាមផ្លូវចុះ បង្កបញ្ហាលំបាកដល់អ្នកទេសចរជាង៥០០ នាក់ រហូតទាល់តែមានអន្តរាគមន៍ជួយសង្រ្គោះ ។ ក្រៅពីនោះនៅខេត្តមួយចំនួនក៏មានសេចក្តីរាយការណ៍ពីគ្រោះទឹកជំនន់ដោយអន្លើនៅខាងខេត្តបាត់ដំបង កំពត កំពង់ស្ពឺ កោះកុង និង ខេត្តព្រះសីហនុ ជាដើម។

អាកាសធាតុមិនទាន់ស្រឡះទេបងប្អូន ហើយតាមការជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានអះអាងថា បាតុភូតភ្លៀង ផ្គររន្ទះ និង ខ្យល់កន្រ្តាក់អាចបន្តគំរាមកំហែងតំបន់មាត់សមុទ្រ ភ្នំ ពី៤០ ទៅ៥០ភាគរយបន្តពីរបីថ្ងៃបន្ថែមទៀត ។

សូមបងប្អូនកុំប្រហែសនឹងការផ្សព្វផ្សាយនេះ ហើយមើលស្រាលការព្យាករណ៍ ពីព្រោះការព្យាករណ៍នេះផ្តល់ព័ត៌មានដល់យើងទុកជាមុននៅក្នុងការត្រៀមខ្លួននិងបង្ការហេតុការណ៍អាក្រក់កើតមានឡើងសម្រាប់យើងទាំងអស់គ្នា ។

កាលពីថ្ងៃទី​១៣ ខែកក្កដា ក្រសួងធនធានទឹក និង​ឧតុនិយម ​ក៏មានការព្យាករណ៍ថ្មីមួយថា ព្យុះទី១១កំពុងបង្ហាញខ្លួននៅក្នុងតំបន់ហើយឥទ្ធិពលរបស់វាគឺអាចធ្វើឲ្យមានភ្លៀងផ្គររន្ទះ ខ្យល់កន្រ្តាក់ នៅកម្ពុជាពី ៥០​ទៅ៧០ភាគរយបន្ថែមទៀតដោយតំបន់ដែលអាចទទួលបរិមាណទឹកភ្លៀងខ្លាំងគឺតំបន់ភ្នំ និង តំបន់សមុទ្រដែលកំពុងតែប្រឈមមុខនឹងទឹកជំនន់ស្រាប់ហើយនោះ ។

សរុបទៅ ទោះបីជាអាកាសធាតុជាបាតុភូតធម្មជាតិដែលមិនអាចទស្សន៍ទាយបានទាំងស្រុងក៏ដោយ ប៉ុន្តែការតាមដានព័ត៌មានព្យាករណ៍អាកាសធាតុជាប្រចាំ គឺជាវិធានការសាមញ្ញមួយដែលអាចជួយកាត់បន្ថយហានិភ័យ និងការពារអាយុជីវិត ព្រមទាំងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋបានយ៉ាងមានប្រសិទ្ធភាព។ ជាពិសេសក្នុងរដូវវស្សា ដែលភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ ផ្គររន្ទះ និងទឹកជំនន់អាចកើតឡើងគ្រប់ពេលវេលា ប្រជាពលរដ្ឋគួរតែបង្កើនការប្រុងប្រយ័ត្ន ជៀសវាងការធ្វើដំណើរទៅកាន់តំបន់ប្រឈមហានិភ័យ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច។ ការត្រៀមខ្លួនទុកជាមុន និងការមិនមើលស្រាលចំពោះការព្យាករណ៍អាកាសធាតុ គឺជាគន្លឹះដ៏សំខាន់ក្នុងការការពារខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍ឱ្យមានសុវត្ថិភាពពីគ្រោះមហន្តរាយធម្មជាតិ។

Daily Program

Livesteam thumbnail