ពេលបើកបរសូមអង្វរកុំប្រើទូរស័ព្ទ ឬលេងបណ្តាញសង្គមអី!

នៅពេលដែលកាន់ចង្កូតយានយន្តមិនថាម៉ូតូឬរថយន្តសូមកុំលេងបណ្តាញសង្គម វាពិតជាគ្រោះថ្នាក់ខ្លួនឯងនិងអ្នកដទៃមែនទែន។
មកដល់ពេលនេះតាមការសង្កេតនៅតាមដងផ្លូវនានា អ្នកដែលកំពុងតែបើកបរហើយលេងបណ្តាញសង្គម នៅក្នុងរូបភាពការការឆ្លើយឆ្លងសារជាសម្លេង ការឆ្លើយឆ្លងសារជាសំណេរ ការនិយាយទំនាក់ទំនងគ្នា ការចុចទូរស័ព្ទឡាយនៅលើផ្លូវ ការចុចនេះចុចនោះ នៅពេលបើកបរគឺមានច្រើនមែនទែន ដែលជាបច្ច័យមួយដែលគួរតែបញ្ឈប់ដើម្បីសុវត្ថិភាពរបស់ខ្លួនយើង និងអ្នកដទៃដែលធ្វើដំណើរនៅលើទ្រូងផ្លូវ។
បងប្អូនជាទីស្រឡាញ់ និងអស់អ្នកដែលកំពុងតែកាន់ចង្កូតយានយន្តនានា នៅពេលដែលទូរស័ព្ទយើងទទួលសារនានា ជាសំណេរក្តីជាសម្លេងក្តី នៅក្នុងករណីមិនចាំបាច់កុំឆ្លើយតបអី។ នៅក្នុងករណីបន្ទាន់ឬប្រញាប់ អ្នកអាចចុះមួយភ្លែតហើយសុំចិត្តដៃគូដោយប្រាប់គេថា កំពុងតែបើកបរហើយបញ្ឈប់ការទាក់ទងទៅ គេនឹងយល់។ ហើយប្រសិនបើលោកអ្នកត្រូវការលើកឬទំនាក់ទំនងចាំបាច់ដោយខានមិនបានគឺគួរតែរកន្លែងចតឲ្យបានត្រឹមត្រូវហើយចាំ ឆ្លើយតបចុះ។
ករណីដូចជាបុរសម្នាក់ដែលបើកម៉ូតូមួយគ្រឿងដឹកក្មេងស្លៀកពាក់ឯកសណ្ឋានសាលា២នាក់ នៅលើកំណត់ផ្លូវមុនីវង្ស។ បុរសម្នាក់នេះ គឺបានធ្វើដំណើរបទស្តាំចុះពីមហាវិថីមុនីវង្សសំដៅទៅសហព័ន្ធរុស្ស៊ី ហើយបន្តដំណើរឆ្ពោះទៅមហាវិថី សំដៅទៅមហាវិថីកម្ពុជាក្រោម ហើយបន្តរហូតដល់ មហាវិថីហ្សាឌឺហ្គោល នៅម៉ោងប្រមាណជា ៥និង ៣០នាទីល្ងាចដែលមានចរាចរណ៍ណែនណាំតាន់តាប់ ប៉ុន្តែបុរសម្នាក់នេះបើកម៉ូតូឌុបក្មេងទាំងពីរបណ្តើរដោយដៃម្ខាង ហើយម្ខាងទៀតកាន់ទូរស័ព្ទចុចនិយាយ និងចុចស្តាប់រហូត នៅតាមបណ្តោយផ្លូវដែលរៀបរាប់នោះ។
នេះគឺជាស្ថានភាពនៃការធ្វើដំណើរដ៏ហានិភ័យបំផុត ប៉ុន្តែសំណាងបុរសម្នាក់នេះមិនអីហើយបានបន្តដំណើរទៅមុខបាត់។ ក្រៅពីបុរសម្នាក់នេះ នៅមានអ្នកបើកម៉ូតូ និងរថយន្តជាច្រើនទៀត ដែលបើកបរនៅក្នុងស្ថានភាពបែបនេះ។
បងប្អូន គួរតែបញ្ឈប់ ពីព្រោះទង្វើឬសកម្មភាពរបស់បងប្អូនបែបនេះ មិនមែនគ្រោះថ្នាក់តែប្អូននិងអ្នករួមដំណើរប៉ុណ្ណោះទេ វាក៏អាចនឹងបណ្តាលឲ្យគេដែលបើកបរត្រឹមត្រូវមានគ្រោះថ្នាក់ ឬកើតឡើងករណីស៊យពេលយើងទៅប៉ះគេក៏ថាបាន។
សរុបទៅដើម្បីសុវត្ថិភាពសូមបញ្ឈប់ទង្វើរដែលគ្មានទំនួសខុសត្រូវបែបនេះទៅ។ នៅក្នុងករណីបងប្អូនអស់លោកបើកបរវាគ្រោះថ្នាក់តែខ្លួនឯងមិនអីទេ ប៉ុន្តែកុំនាំគេនិងអ្នកដែលមិនដឹងរឿងឲ្យគ្រោះថ្នាក់ដោយទង្វើដែលគ្មានការទទួលខុសត្រូវបែបនេះ៕
Daily Program
