ពេលដើរលេងទីណាក៏ដោយកុំភ្លេចរឿង កាកសំណល់!

នៅសប្តាហ៍ នេះបងប្អូនសហគមន៍ជនជាតិចិននិងវៀតណាមនឹងប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់ពួកគេ ហើយនៅក្នុងអំឡុងពេលនេះនឹងមានការហូបចុក ទទួលទានទាំងគ្រឿងស្រវឹងនិងអាហារឆ្ងាញ់ៗ រួមទាំងការដើរលេងកំសាន្តទៅរមណីដ្ឋាននានា ។
ពេលដែលដើរលេងទៅទីណាក៏ដូចជាទីណាដែរសូមបងប្អូនជួយនិងយកចិត្តទុកដាក់ជាពិសេសចំពោះ ការទុកដាក់កាកសំណល់និងថែរក្សាបរិស្ថាន ពីព្រោះសំណល់សំរាមដែលបងប្អូនបានបង្កើតវាពិតជា បំពុលគ្រប់យ៉ាងរួមទាំងបងប្អូនដែលប្រពឹត្តនេះផងដែរ ។
កុំភ្លេចណាបងប្អូន ! ថ្ងៃនេះបងប្អូនសប្បាយ ហូបចុកបំពុលគ្រប់យ៉ាង ប៉ុន្តែទៅថ្ងៃមុខបងប្អូននឹងទទួលផល ពីការបំពុលរបស់បងប្អូនវិញទេ ។ ថ្ងៃនេះអត់អី តែថ្ងៃស្អែក ឫថ្ងៃទៅមុខគេចមិនផុតឡើយ ប្រសិនបើបងប្អូនមិនយកចិត្តទុកដាក់ហើយមិនលុបបំបាត់ឥរិយាបទគ្មានទំនួលខុសត្រូវរបស់បងប្អូនទេនោះ ។
ឥឡូវនេះបងប្អូនសាកទៅដើរលេងតាមកោះទៅនឹងឃើញភស្តុតាងពិតប្រាកដពីដង្វើនិងសកម្មភាពគ្មាន ការទទួលខុសត្រូវរបស់បងប្អូនទាំងអស់គ្នាហើយ ។ កោះនានាដែលជារមណីដ្ឋាននៅក្នុងស្រុកយើង កន្លែងណាក៏ដោយស្អាតតែពេលដែលទឹកជោរទេ តែនៅពេលដែលទឹកនាចទៅវិញ ឃើញតាមឆ្នេរទេ គឺមានតែសំរាម សឹងតែគ្រប់ប្រភេទ ។
តាមការស្រាវជ្រាវមួយដែលធ្វើឡើងដោយអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជាសហការជាមួយ ទីភ្នាក់ងារវិទ្យាសាស្ត្រជាតិរបស់ប្រទេសអូស្ត្រាលី ដែលគេបានធ្វើការសិក្សាជាលើកដំបូងលើទិន្នន័យបាស្ទិកនៅទូទាំងតំបន់ឆ្នេរនៃប្រទេសកម្ពុជា ចាប់ពីខែតុលា ឆ្នាំ២០២២ដល់ខែមិថុនា ឆ្នាំ២០២៣បានរកឃើញ សក្ខីកម្មនៃការបំពុលដោយសំរាមប្លាស្ទិកដ៏លើសលុយ ។
ការសិក្សានេះបានកត់ត្រាកំទិចកំទីប្លាស្ទិកជាង ៤៧.០០០ នៅ២៤៣ទីតាំងនៅទូទាំងតំបន់ឆ្នេរ ទន្លេ និងដីគោក។ ហើយកំទិចកំទីទាំងនេះបានកំពុងតែក្លាយជាការបំពុលប្លាស្ទិកដ៏អាក្រក់ ។ វាបង្កការរំខានដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងតាមប្រភពទឹកនានា បង្កគ្រោះថ្នាក់ដល់ជីវិតសត្វនិងប៉ះពាល់ ដល់សកម្មភាព និងមុខរបរចិញ្ចឹមជីវិតរបស់មនុស្ស ដូចជាទេសចរណ៍ និងការកម្សាន្ត និងនេសាទ ជាដើម។
ការសិក្សានេះនឹងបង្កើនចំណេះដឹងសំខាន់ៗជុំវិញទិន្នន័យប្លាស្ទិកជុំវិញតំបន់ឆ្នេរក្នុងប្រទេសកម្ពុជា និងកំណត់យុទ្ធសាស្រ្តគោលដៅក្នុងការដោះស្រាយបញ្ហាបំពុលប្លាស្ទិកនៅកម្ពុជា។
សរុបទៅនៅពេលដែលយើងទៅទីណាសូមទៅដោយសប្បាយតែកុំអោយការសប្បាយមានសំណល់បន្សល់ទុកបំពុលបរិយាកាស ។ សូមបងប្អូនម្ចាស់ការនិងរីករាយជាមួយនឹងការជួបជុំរបស់បងប្អូនដោយការទទួលខុសត្រូវ ហើយសង្ឃឹមថា នឹងទុកដាក់កាកសំណល់ជាពិសេសគឺសំណល់ប្លាស្ទិកដោយត្រឹមត្រូវបំផុត។
Daily Program
