ពេទ្យគួររិះគិតឡើងវិញ! អ្នកជំងឺដែលត្រូវការឈាមសូមកុំប្រាប់អ្នកជំងឺនៅពេលយប់ហើយ!
យើងដឹងថា ឈាម មិនមែនជារឿងងាយស្រួលនៅក្នុងការរកទេ ដូច្នេះក្រុមគ្រូពេទ្យនិងវេជ្ជបណ្ឌិតដែលទទួលខុសត្រូវនៅតាមមន្ទីរពេទ្យនានាសូមប្រាប់អ្នកជំងឺ ឬក៏ក្រុមគ្រួសារអ្នកជំងឺ ដែលកំដរឲ្យបានមុន ជាពិសេសអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាលនិងរង់ចាំការសង្រ្គោះជីវិតនៅមន្ទីរពេទ្យស្រាប់។
សម្រាប់អ្នកជំងឺដែលត្រូវការសង្រ្គោះបន្ទាន់ដោយករណីចៃដន្យហើយត្រូវបញ្ជូនដល់មន្ទីរពេទ្យនៅពេលយប់ឫពេលរាត្រី ហើយត្រូវក្រុមគ្រួពេទ្យប្រាប់ក្រុមគ្រួសារអ្នកជំងឺដែលកំដរអំពីតម្រូវការឈាមសង្រ្គោះជីវិតភ្លាមៗមិនមែនជាបញ្ហាទេ ពីព្រោះវាជារឿងដែលគ្មាននរណាអាចទស្សន៍ទាយ ឬក៏ព្យាករណ៍ទុកជាមុនបាន ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ជនរងគ្រោះបាត់បង់ឈាមច្រើន ត្រូវការឈាមបន្ទាន់ៗ ឫក៏ករណីត្រូវវះកាត់បន្ទាន់ ដែលអ្នកជំងឺមិនដឹងខ្លួនជាដើម។ ប៉ុន្តែករណីខ្លះអ្នកជំងឺគេងពេទ្យស្រាប់ ហើយក៏មានក្រុមគ្រួពេទ្យតាមដានជំងឺរាល់ថ្ងៃស្រាប់ បែរជាមានករណីត្អូញត្អែរច្រើនករណីដែរ។
សម្រាប់អ្នកជំងឺដែលនៅគេងនៅមន្ទីរពេទ្យសុខៗនៅពេលថ្ងៃ មិនមានវេជ្ជបណ្ឌិត ឬក៏ពេទ្យ ឬក៏គិលានុបដ្ឋានិយាណាមូយនីយាយអំពីតម្រូវការឈាមដើម្បីសង្រ្គោះជីវិតអ្នកជំងឺនោះទេ ប៉ុន្តែនៅពេលរាត្រី មកដល់ស្រាប់តែមានតម្រូវការឈាម ហើយក៏តាំងបង្ខំឲ្យក្រុមគ្រួសារដើររកឈាមមកសង្រ្គោះជីវិតបន្ទាន់កើតឡើង ដែលជាហេតុធ្វើឲ្យក្រុមគ្រួសារអ្នកជំងឺពិតជាពិបាកដើររកឈាមណាស់ ។
រឿងនេះគឺជាបញ្ហាមួយដែលគេលើកឡើងថា ឧស្សាហ៍ធ្លាប់ជួបជាញឹកញាប់ ដូច្នេះគួរតែមានការកែលំអរ។ នៅក្នុងករណីដែលមានតម្រូវការឈាមភ្លាមៗបែបនេះ មិនមែនជារឿងងាយស្រួលទេសម្រាប់ក្រុមគ្រួសារអ្នកជំងឺដែលត្រូវតែទៅរកឈាមខ្វាត់ខ្វែងនៅស្បៃរាត្រីនោះ។ ពេលរាត្រីគឺជាពេលដែលគេសម្រាក ដូច្នេះសាច់ញាតិបងប្អូន ខ្លះក៏គេចាំតែជួយដែរ ប៉ុន្តែនៅពេលរាត្រី គេក៏ត្រូវសម្រាក ដូច្នេះវាពិបាកសូម្បីតែទូរស័ព្ទ ដោយសារតែនៅតំបន់ខ្លះសេវាទូរសព្ទនៅតែមិនមានខ្លាំងនៅឡើយ ដូច្នេះវាពិតជាពិបាកនៅក្នុងការស្វែងរកណាស់ ហើយបើងាយស្រួលរក គឺមានតែក្រុមអ្នកចាំលក់ឈាម ដែលភាគច្រើនឈាមពួកគេមិនមានសុវត្ថិភាពសម្រាប់ជនរងគ្រោះឡើយ។
ប្រសិនបើអ្នកជំងឺពិតជាត្រូវការឈាមមែននោះ សូមប្រាក់ក្រុមគ្រួសារគេទុកជាមុន ដើម្បីគេអាចស្កាត់រក សាច់ញាតិ មិត្តភ័ក្រ ដែលមានបំណងបរិច្ចាកជួយពួកគេបាន ប៉ុន្តែលេងបន្ទាន់ៗ បែបនេះពិតជាពិបាកណាស់។
សរុបមកវិញ ក្រុមគ្រួពេទ្យគួរពិនិត្យនិងកែសម្រួលចំណុចនេះផង ហើយការដែលយើងខ្ញុំលើកឡើងគឺដើម្បីសម្រួលការលំបាក និង ក៏ដចជាដើម្បីលើកកំពស់គុណភាពនិងគុណតម្លៃរបស់ក្រុមគ្រូពេទ្យយើងមួយចំណែកបន្ថែមទៀត ខណៈដែលពេលនេះ សេវាសុខាភិបាលនៅស្រុកយើង កាន់តែមានការកែលំអរស្រាប់ទៅហើយនោះ៕