ពាណិជ្ជកម្មនិងវិនិយោគទុននៅកម្ពុជាស្ទុះខ្លាំងសង្ឃឹមថា យើងនឹងប្រឹងប្រែងបន្ត !
ទោះបីកំណើនសេដ្ឋកិច្ចកម្ពុជាមិនខ្លាំងដូចរាល់ឆ្នាំ ហើយវិស័យទេសចរណ៍មានការធ្លាក់ចុះ ប៉ុន្តែស្ថានភាពពាណិជ្ជកម្ម និង វិនិយោគរបស់កម្ពុជានៅតែរឹងមាំហើយស្ទុះខ្លាំងបំផុតនៅក្នុងឆ្នាំ២០២៥កន្លងទៅ ដូច្នេះយើងសង្ឃឹមថា ឆ្នាំនេះយើងអាចនឹងបន្តខំប្រឹងប្រែងបន្ថែមទៀតដើម្បីធ្វើយ៉ាងណាឲ្យផលប៉ះពាល់ផ្សេងៗត្រូវបានលុបបំបាត់ ហើយប៉ះប៉ូវវិស័យដែលមានបញ្ហា ព្រមទាំងរក្សាសន្ទុះនៃវិស័យដែលខ្លាំង ស្រាប់នៅឆ្នាំចាស់ ។
ស្ថាប័នហិរញ្ញវត្ថុធំៗបានអះអាងថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះអាចទទួលបានត្រឹមក្រោម៥ភាគរយ ស្របពេលដែលវិស័យទេសចរណ៍១១ខែបានតែ ៥លាននាក់បន្តិចធ្លាក់ចុះរហូតដល់ទៅជិត១៤ ភាគរយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកម្ពុជាអាចទាក់ទាញវិនិយោគទុនបរទេសច្រើន រីឯពាណិជ្ជកម្មក៏ប្រសើរផងដែរ ។
ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានប្រកាសថា ពេញមួយឆ្នាំ២០២៥កម្ពុជាបានទាក់ទាញគម្រោងវិនិយោគសរុបដល់ទៅ ១០ពាន់លានដុល្លារ ជាមួយនឹងគម្រោងសរុប៦៣០ គម្រោង អាចបង្កើតការងារធ្វើបានដល់ទៅ៤៣ម៉ឺននាក់ ។ ប្រភពដដែលបានអះអាងកាលពីថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២៦ថា គម្រោងវិនិយោគធំជាងគេ គឺវិស័យឧស្សាហកម្មដែលមានតម្លៃ៥,៦ពាន់លានដុល្លារ វិស័យហេដ្ឋារចនាសម្ព័ន្ធជាង ៣,៨ពាន់លានដុល្លារ កសិកម្មនិងកសិ-ឧស្សាហកម្មគឺមាន៤៣៦ លានដុល្លារ និង ទេសចរណ៍គឺ១៧៥ លានដុល្លារ ។
ដោយឡែកពាណិជ្ជកម្មវិញក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាកាលពីឆ្នាំ២០២៥មានតម្លៃប្រមាណជា៦៥ ពាន់លានដុល្លារ មានការកើនឡើងប្រមាណជា ១៨ ភាគរយ ។ របាយការណ៍ដែលគេបង្ហាញនៅកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ០៨ ខែមករា បានបន្តថា កម្ពុជាបាននាំចេញទំនិញដែលមានតម្លៃ ៣១,២៨ ពាន់លានដុល្លារទៅកាន់ទីផ្សារអន្តរជាតិ កើនឡើង ១៧ ភាគរយ ធៀបនឹងតម្លៃ ២៦,៧៥ ពាន់លានដុល្លារនៅក្នុងរយៈពេលដដែលកាលពីឆ្នាំ២០២៤ ។ ទន្ទឹមនឹងនេះ ការនាំចូលមានតម្លៃសរុបប្រមាណជា ៣៣,៩៦ ពាន់លានដុល្លារ បានកើនឡើងជាង ១៨ ភាគរយ ។
ផ្អែកតាមស្ថានភាពទាំងនេះយើងទាំងអស់គ្នាសង្ឃឹមថា នៅឆ្នាំ២០២៦នេះ យើងនឹងខិតខំរកវិធីប៉ះប៉ូវឫស្តារវិស័យដែលកំពុងតែមានបញ្ហាធ្លាក់ចុះ ដើម្បីជំរុញកំណើនវិស័យនោះឡើងវិញ ហើយវិស័យដែលកើនឡើងខ្លាំងគឺកម្ពុជាមិនត្រឹមតែត្រូវថែរក្សាសន្ទុះនៃកំណើនឲ្យរឹងមាំប៉ុណ្ណោះទេ គឺថែមទាំងឲ្យរីកចំរើនឡើងបន្ថែមទៀត ។ យើងដឹងថា យើងកំពុងតែជួបការលំបាក ប៉ុន្តែសូមកុំផ្តេកផ្តួល និងការវិបាកទាំងនេះ យើងគួរតែពង្រឹងវា ហើយប្រឹងពង្រីកផ្នែកផ្សេង ។ យើងជឿងជាក់ថា ប្រសិនបើយើងអាចធ្វើបានមែននោះ យើងដឹងតែមានសេដ្ឋកិច្ចស្ទុះទៅមុខលឿននឹង គេហើយ៕