ផ្លូវណាក៏ដូចផ្លូវណាបើមិនគោរពច្បាប់ចរាចរណ៍ និង ប្រុងប្រយ័ត្នគ្រោះថ្នាក់នៅតែមាន

នៅដើមឆ្នាំ២០២៥ មហាវិថីសម្ដេចតេជោហ៊ុនសែន ឬ មហាវិថី៦០ម៉ែត្រ ត្រូវបានគេចាត់ទុកថាជាមហាវិថីដែលមានគ្រោះថ្នាក់ចរាចរណ៍បំផុតមួយនៅក្នុងរាជធានី ដោយសារដើមឆ្នាំនេះមានអ្នកគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងផ្ទួនៗ បណ្ដាល​ឲ្យស្លាប់និងរបួស រហូតអាជ្ញាធរចុះសិក្សានិងដាក់ចេញទាំងវិធានការសាសនានិងវិធានការណ៌បច្ចេកទេសមួយចំនួនទៀត។

តើការចាត់ទុកបែបនេះត្រឹមត្រូវដែរឬទេ? ការវិភាគនិងការវាយតម្លៃចំពោះការយល់បែបនេះមិន ខុសឬត្រូវនោះទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគ្រោះថ្នាក់ចរាចរណ៍អត់រើសថា ផ្លូវណាកើតឬមិនកើតគ្រោះថ្នាក់នោះទេ សំខាន់ឱ្យតែយើងប្រើប្រាស់ផ្លូវដោយមិនគោរពច្បាប់ចរាចរណ៍និងខ្វះការប្រុងប្រយ័ត្ន ក៏ដូចជាមិនយោគយល់អធ្យាស្រ័យវានឹងកើតមានឡើង។

ក្រៅពីនៅលើផ្លូវ ទីណាក៏ដោយឱ្យតែយើងខ្វះការប្រុងប្រយ័ត្នគឺវាសុទ្ធតែមានគ្រោះថ្នាក់ទាំងអស់ ពោលគឺគ្រោះអាចកើតមានតែមួយប៉ប្រិចភ្នែកតែប៉ុណ្ណោះ។​

នៅក្នុងករណីដែលយើងជាអ្នកប្រើប្រាស់ផ្លូវដោយប្រការទាំងនេះ គ្រោះថ្នាក់ចរាចរណ៍វានឹងកើតមានដូចតែគ្នា មិនថាតែនៅលើមហាវិថីសម្ដេចតេជោហ៊ុនសែនតែមួយនោះទេ គឺគ្រប់ផ្លូវ ដែលមានអ្នកប្រើប្រាស់ក៏ដូចជា អ្នកបើកបរយានជំនិះខ្វះការទទួលខុសត្រូវ ដោយបើកបរមិនគោរពច្បាប់ចរាចរណ៍ ប្រើប្រាស់គ្រឿងស្រវឹង បើកបរនៅក្នុងស្ថានភាពងោកងុយ បើកបរលើសល្បឿនកំណត់ និងបើកបរមិនគោរពភ្លើងសញ្ញាបញ្ជាចរាចរណ៍ជាដើម។

ដើម្បីបង្ការនិងការពារគ្រោះថ្នាក់ចរាចរណ៍ នៅលើមហាវិថីសម្ដេចតេជោហ៊ុនសែន ក៏ដូចជានៅលើមហាវិថីនានា​និងផ្លូវគ្រប់កន្លែង អ្នកកាន់ចង្កូតយានយន្ត​គ្រប់ប្រភេទ ត្រូវយកចិត្តទុកដាក់លើចំណុចអសកម្មខាងលើ ហើយត្រូវតែមានសីលធម៌និងការអធ្យាស្រ័យ។

អស់លោកអ្នក ពេលកាន់ចង្កូតឬបោះជំហានចូលលើផ្លូវ មិនថាឡើយធ្វើដំណើរដោយថ្មើរជើង គឺគ្រប់គ្នាគួរតែយកចិត្តទុកដាក់​ ប្រុងប្រយ័ត្ន ទទួលខុសត្រូវ គោរពច្បាប់ចរាចរណ៍ យោគយល់ និងអធ្យាស្រ័យ។ល។ នៅក្នុងករណីដែលយើងទាំងអស់គ្នាប្រើប្រាស់ផ្លូវដោយស្មារតីទាំងអស់នេះ ចំនួនករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសរបស់យើងអាចនឹងបន្តធ្លាក់ចុះ ហើយសុវត្ថិភាពនៅលើផ្លូវ ករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាយើងនឹងបន្តកាត់បន្ថយនិងកែលំអរបន្ថែមទៀត។

សរុបទៅ អ្នកប្រើប្រាស់ផ្លូវទាំងអស់​គ្នា សូមលើកកំពស់ការគោរពច្បាប់ចរាចរណ៍ និង ប្រើប្រាស់ផ្លូវដោយការទទួលខុសត្រូវខ្ពស់ ដើម្បីយើងអាចសម្រេចបាននូវគោលដៅលើកកម្ពស់សុវត្ថិភាព ចរាចរណ៍នៅកម្ពុជា៕

Daily Program

Livesteam thumbnail