ប្អូនៗយុវវ័យគួរនាំគ្នាលេង ល្បែងប្រជាប្រិយរបស់ជាតិ

ដើម្បីឲ្យស្គាល់និងដឹងអំពីតម្លៃនៃល្បែងប្រជាប្រិយខ្មែរ ប្អូនៗយុវវ័យគួរតែនាំគ្នាប្រឡូកហើយសប្បាយរីករាយដោយផ្ទាល់នឹងការលេងល្បែងទាំងនេះ។
ការដែលប្អូនៗមើលត្រឹមតែសៀវភៅហើយមិនបានប្រឡូកលេងសប្បាយដោយផ្ទាល់ទេនោះ គឺវាអាចឲ្យប្អូនៗងាយភ្លេចប៉ុន្តែប្រសិនបើប្អូនៗបានរៀនខ្លះហើយ ក៏ដូចជាបានអាន និង ជាពិសេសគឺបានប្រឡូកលេងសប្បាយបន្ថែមទៀតនោះប្អូនៗនឹងកាន់តែយល់ និង ស្រលាញ់ល្បែងប្រជាប្រិយរបស់យើងកាន់តែខ្លាំង ។
ពាក់ព័ន្ធនឹងល្បែងប្រជាប្រិយនេះ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញរួចហើយនូវសេចក្តីណែនាំឱ្យគ្រឹះស្ថានសិក្សាទាំងរដ្ឋនិងឯកជន បង្កលក្ខណៈឱ្យសិស្សានុសិស្ស និងយុវជនលេងល្បែងនិងរបាំប្រជាប្រិយខ្មែរនៅមុន និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីជាការចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ ដូចជា ទំនៀមទម្លាប់ ប្រពៃណីជាតិឱ្យបានគង់វង្ស។
ហើយក្រោយការជូនដំណឹងបែបនេះសាលាមួយចំនួនក៏បានកំពុងតែបង្កលក្ខណៈនិងផ្តល់ឱកាសឲ្យប្អូនៗសិស្សានុសិស្សលេងសប្បាយនិងស្វែងយល់នូវល្បែងប្រជាប្រិយទាំងនេះជាបណ្តើរៗដែរ ។
មកដល់ពេលនេះខ្លឹមសារនៃល្បែងប្រជាប្រិយដែលបន្សល់ទុកតាំងពីដូនតាមក គឺមានគុណតម្លៃនិងអត្ថប្រយោជន៍ច្រើនចំពោះសង្គម ។ វាគឺជាល្បែងដែលអាចពង្រឹងការហាត់ប្រាណ វាគឺជាល្បែងប្រជាប្រិយដែលផ្សាភ្ជាប់និងធម្មជាតិ ហើយក៏ជាល្បែងកំសាន្តដែលផ្តិតយកទិដ្ឋភាពវប្បធម៌សាសនា និង អរិយធម៌របស់ខ្មែរដែលជាប្រជាពលរដ្ឋម្ចាស់ស្រុកតាំងពីបុរមបុរាណតរៀងមក។
ល្បែងប្រជាប្រិយខ្មែរយើងគឺសុទ្ធតែមានវគ្គមានស្នើនិងបែបបទប្លែកៗនិងទាក់ទាញហើយសុទ្ធតែបង្កប់នូវអត្ថន័យជាច្រើន ដូចជាករណីល្បែងចោលឈូង គឺគេមានតំាងពីច្រៀង មានតាំងពីរាំ ដែលមានអត្ថន័យបឆ្លុះបញ្ចាំងពីជីវភាពពិតប្រាកដនៅក្នុងសង្គមកម្ពុជា ។
ល្បែងទាញព្រ័តក៏ជាល្បែងប្រជាប្រិយដែលបង្កប់នូវអត្ថន័យនៃសាមគ្គីភាពនិងការរួមគ្នាជាកម្លាំង ហើយក្រៅពីនោះនៅមានល្បែងប្រជាប្រិយជាច្រើនទៀតដូចជាស្តេចចង់ លាក់កន្សែង ខ្លែងចាប់កូនមាន់ បោះអង្គុញ និង ល្បែងកំសាន្តជាច្រើនទៀត ។
សូមប្អូនៗនាំគ្នាលេងកំសាន្តល្បែងប្រជាប្រិយនេះឲ្យបានផុលផុស ប្រយោជន៍ដើម្បីយើងបានសប្យាយរីករាយកាត់បន្ថយស្រេ្តសនិងភាពហត់នឿយពីការៀនសូត្រផង ហើយក៏ជាពេលវេលាដែលយើងអាចនឹងរៀនរាប់អានរៀនជួយគ្នា រៀនយល់ចិត្តគ្នានៅក្នុងនាមជាមិត្តរួមថ្នាក់ រួមសាលា ហើយចេះជួយគ្នានៅគ្រាមានអាសន្តកើតមានឡើង ។
សរុបទៅសូមប្អូនៗលើកកំពស់និងនាំគ្នាចូលលេងល្បែងប្រជាប្រិយនេះឲ្យបានគ្រប់ៗគ្នា ។ ប្អូនៗជាទីស្រលាញ់ល្បែងប្រជាប្រិយទាំងនេះពេលប្អូនៗលេងគឺវាមិនអត់ប្រយោជន៍ឡើយ គឺវាមានអត្ថន័យនិងអត្ថរស់ច្រើនសម្រាប់យើងជាយុវវ័យ ។ ជាការពិតលេងល្បែងប្រជាប្រិយទាំងនេះមិនសូវជាផ្តល់ផលអាក្រក់ ដូចជាលេងជះទឹក ប៉ាតម្សៅឡើយ តែវាគឺជាការលេងដោយសេចក្តីថ្លៃថ្នូ និង កសាងភាពក្លាហាននៅក្នុង សង្កមយើង ។
Daily Program
