ប្រឡងចប់ហើយមើលលៃលកនឹកគិតអនាគតបណ្តើរៗ ហើយទំនេរជួយកិច្ចការផ្ទះខ្លះផង !

ប្អូនៗយុវជននិងយុវតីដែលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិទាំងអស់នៅពេលនេះប្រឡងបានបញ្ចប់ហើយ ក្រោយពេលដែលបានខំប្រឹងប្រែងរៀនសូត្រពេញមួយឆ្នាំកន្លងមក ដោយនៅក្នុងនោះ ប្អូនៗខ្លះព្រោះតែការរៀន មិនសូវបានជួយកិច្ចការផ្ទះទេ ដូច្នេះនៅក្នុងអំឡុងពេលសម្រាករង់ចាំលទ្ធផល​ មើលលៃលករៀនធ្វើនេះធ្វើនោះនៅក្នុងផ្ទះជំនួសដៃឪពុកម្តាយផង។

យើងដឹងថា ប្អូនៗខ្លះគឺបានធ្វើតាំងពីដើមរៀងមកហើយទោះជាពេលត្រូវជាប់រៀនមមាញឹកយ៉ាងណាក៏នៅតែឆ្លៀតជួយសម្រាលបន្ទុករឿងកិច្ចការផ្ទះជំនួសដៃជំនួសជើងឪពុកម្តាយជាប្រចាំ ហើយខ្លះក៏ ជួយខ្លះ យកលេសរៀនខ្លះ ហើយមួយចំនួនក៏មិនបានជួយអីទេ ពីព្រោះតែខ្លួនកើតមកសំណាងនៅក្នុងគ្រួសារដែលមានជីវភាពធូធារមានគេចាំធ្វើកិច្ចការនោះស្រាប់ៗ។

សម្រាប់ប្អូនៗកូនក្មួយជាយុវជននិងយុវតីដែលបានធ្វើហើយក៏ឆ្លៀតបន្តជួយបន្តទៀត ហើយអ្នកដែលធ្វើខ្លះមិនធ្វើខ្លះក៏គួរឈប់រកលេសទៀតទៅ ដើម្បីជួយសម្រួលដល់ឪពុកម្តាយដែលហត់នឿយនឹងការ ខិតខំធ្វើការរកប្រាក់ចិញ្ចឹមគ្រួសារ ។ សម្រាប់ប្អូនៗដែលមានធនធានមិនដែលបានធ្វើអីសោះ គួរតែចូលរួមប្រឡូកកិច្ចការនេះឲ្យច្រើនបន្តិចដើម្បីឲ្យផ្នឹកនិងមានបំណិនខ្លះនៅក្នុងជីវិត។

កុំមើលងាយកិច្ចការផ្ទះដែលមើលទៅកំប៉ិកកំប៉ុកងាយស្រួលនឹងធ្វើ ។ ប្អូនៗនឹងដឹងថា តើកិច្ចការនេះវាជាទំនួលខុសត្រូវយ៉ាងណា ។ កិច្ចការនេះវាស្រួលលុះត្រាតែយើងធ្លាប់ ប៉ុន្តែប្រសិនបើយើងមិនធ្លាប់គឺធ្វើអ្វីក៏ឆ្គងដែរ ។ ប្អូនៗកិច្ចការផ្ទះសម័យនេះមិនប្រកាន់ថា ប្រុសឫស្រីនោះទេ គឺត្រូវតែចេះទាំងអស់គ្នា  ហើយជួយគ្នា ។ កិច្ចការទាំងនោះគឺមានតាំងពីបោសជូតសំអាតផ្ទះ រៀនបេះរៀនចិតបន្លែ ហាន់សាច់ ហើយក៏គួរតែរៀនធ្វើម្ហូប ខ្លះៗ។

ប្អូនៗគឺចូលដល់វ័យដែលត្រូវចេះកិច្ចការទាំងនេះហើយ ។ ចំណេះពីបំណិនចេញពីកិច្ចការកំប៉ិកំប៉ុកនេះវាសំខាន់ណាស់ ជាពិសេសប្រសិនបើប្អូនៗអាចមានឱកាសជាប់អាហារូបករណ៍ទៅរៀននៅក្រៅប្រទេស គឺវាទាមទារឲ្យប្អូនៗចេះកិច្ចការនេះដោយខ្លួនឯង ពីព្រោះគ្មានអ្នកណាតាមបម្រើតាមជួយប្អូនៗរហូតនោះទេ ។ សូមរៀនហើយសាកល្បងកិច្ចការទាំងអស់នោះ ដោយយកចិត្តទុកដាក់ ហើយកុំមើលស្រាល ឫកុំអាងយើងជាកូនអ្នកមាន។​

 

​ប្អូនៗកាលណាអ្វីដែលយើងចេះយើងទម្លាប់វាជារឿងងាយស្រួលសម្រាប់យើង ប៉ុន្តែប្រសិនបើយើងមិនធ្លាប់ធ្វើស្អីក៏លំបាកដែរ ដូច្នេះនៅក្នុងអំឡុងពេលរង់ចាំលទ្ធផល គឺយកល្អយកចិត្តទុកដាក់ចំពោះកិច្ចការទាំងអស់នេះ បណ្តើរៗ។

សរុបទៅ កិច្ចការផ្ទះមើលទៅវាងាយស្រួល ប៉ុន្តែវាគីជាកិច្ចការមួយដែលធ្វើមិនចេះអស់មិនចេះហើយ មិនតែប៉ុណ្ណោះគឺត្រូវធ្វើជាប្រចាំ ។ ចំណេះដែលចេះពីកិច្ចការផ្ទះនេះ វាមានអត្ថប្រយោជន៍ណាស់ ចំពោះខ្លួនយើង ដែលចង់បានជីវិតដែលឯករាជ្យ ហើយក៏ដើម្បីខ្លួនយើងមានបំណិនខ្លះៗនៅក្នុងខ្លួនយើងពីព្រោះខ្លួនយើងនឹងត្រូវមានគ្រួសារបន្ថែមទៀតនៅពេលអនាគត ដូច្នេះសួមយកចិត្តទុកដាក់ និងខិតខំធ្វើដោយម្ចាស់ការលើខ្លួនឯង៕

Daily Program

Livesteam thumbnail