ប្រយុទ្ធនឹងគ្រឿងញៀនត្រូវការចូលរួមទាំងអស់គ្នា

រឿងគ្រឿងញៀនមិនអាចជោគជ័យបានឡើយប្រសិនបើធ្វើតែភាគីមួយ ហើយភាគីពាក់ព័ន្ធមិនចូលរួមប្រយុទ្ធប្រឆាំងឲ្យសស្រាក់សស្រាំទេនោះ។
កាលពីខែមករា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ សមត្ថកិច្ចកម្ពុជាបានបន្តអនុវត្តច្បាប់យ៉ាងក្តៅគគុកបន្តទៀត ក្រោយពេលប្រឹងប្រែងពង្រឹងនិងជំរុញដំណើរការអនុវត្តច្បាប់ពេញមួយឆ្នាំ២០២៤កន្លងមកនេះ។
តាមរបាយការណ៍ដែលសារព័ត៌មានមួយចំនួនបានចុះផ្សាយបានឲ្យដឹងថា នៅក្នុងរយៈពេល១ខែមករា ឆ្នាំ២០២៥ដើមឆ្នាំសោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងករណីគ្រឿងញៀននេះសរុបដល់ទៅ ១.៣១១ នាក់ ហើយបានរឹបអូសគ្រឿងញៀនដែលពួកគេបានជួញដូរនិងប្រើប្រាស់បានសរុបប្រមាណជា ជាង ៤២៣ គីឡូក្រាម។
ចំនួនជនសង្ស័យនិងបរិមាណគ្រឿងញៀនដែលសមត្ថកិច្ចចាត់វិធានការនេះមិនតិចឡើយ ពីព្រោះត្រឹមតែមួយខែ មានចំនួនជាង១.៣០០នាក់បែបនេះ ប្រសិនបើគ្មានការខិតខំប្រឹងប្រែងបង្រ្កាបនឹងទប់ស្កាត់ទេនោះ គឺពិតជាមិនអាចសម្រេចបានទេ។
នៅក្នុងនាមជាពលរដ្ឋ យើងខ្ញុំសូមអបអរនិងគាំទ្រនូវកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់ដោយមន្រ្តីសមត្ថកិច្ចនានាតំណាងឲ្យភ្ញាក់ងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ប៉ុន្តែនៅក្នុងករណីដែលភាគីពាក់ព័ន្ធមិនចូលរួមប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ទេនោះ កុំថាឡើយចាប់ជនសង្ស័យនិងរឹបអូសគ្រឿងញៀនបាននៅក្នុងចំនួននិងបរិមាណខាងលើ សូម្បីតែចាប់បានច្រើនជាងនេះ ក៏ការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនពិតជាមិនអាចទទួលបានជោគជ័យបានឡើយ។
អ្នកដែលចាប់បាន មិនមែនមានន័យថា ពួកគេទាំងអស់សុទ្ធតែអាចបញ្ចប់ការញៀននិងភាពគ្រោះថ្នាក់នៃគ្រឿងញៀនទាំងនោះបានឡើយ។ នៅពេលដែលពួកគេត្រូវឃាត់ខ្លួនហើយបញ្ជូនទៅកន្លែងស្តារនិតិសម្បទាននៅក្នុងករណីពួកគេមិនមានទោសធ្ងន់ធ្ងរ ពួកគេនៅតែអាចក្លាយជាអ្នកប្រើប្រាស់ឬពិរុទ្ធជនពាក់ព័ន្ធនឹងគ្រឿងញៀនដដែល ដរាបណាពួកគេនៅតែមិនទាន់កាត់ផ្តាច់ពីក្រុមឬពីបណ្តាញនៃអ្នកប្រើប្រាស់គ្រឿងញៀន។
នៅក្នុងករណីយើងចង់ឲ្យគ្រប់ជនសង្ស័យនឹងការជួញដូរឬប្រើប្រាស់គ្រឿងញៀនអាចនៅឆ្ងាយពីគ្រឿងញៀនបាន លុះត្រាតែពួកគេតាំងចិត្តតាំងកាយថា ពួកគេនឹងព្យាយាមសម្រេចឲ្យបាននៅក្នុងការការពារខ្លួនពួកគេមិនអោយពាក់ព័ន្ធនឹងគ្រឿងញៀនជាថ្មីទៀតបាន។
ដើម្បីកុំអោយពួកគេវិលត្រឡប់ទៅរកគ្រឿងញៀនបានគឺ ជាភារកិច្ចនិងតួនាទីដ៏សំខាន់របស់់ក្រុមគ្រួសារ សាច់ញាតិរបស់អ្នកប្រើប្រាស់គ្រឿងញៀននោះផ្ទាល់ សង្គមស៊ីវិល មិត្តភក្តិ ក៏ដូចជាសហគមន៍ទាំងមូល៕
Daily Program
