ប្រភពកាំភ្លើងជនបរទេសដែលបង្កអសន្តិសុខនោះបានពីណា?

រឿងឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងជនបរទេសប្រើប្រាស់អាវុធយុទ្ធភណ្ឌសង្រ្គាមនៅកម្ពុជាកើតមានជាថ្មីទៀតហើយ។ តើកម្ពុជាយើងនៅពេលណាអាចលុបបំបាត់បញ្ហាអសកម្មផ្នែកសន្តិសុខបែបនេះបានទៅ?
តាមសេចក្តីរាយការណ៍ដោយសារព័ត៌មាននានានៅក្នុងស្រុកនិងបណ្តាញសង្គមឃើញថា ករណីនេះមិនបានកើតឡើងនៅតាមខេត្តឡើយ គឺកើតនៅរាជធានីភ្នំពេញដែលជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច វប្បធម៌របស់កម្ពុជាតែម្តង។
ករណីនេះបានត្រូវគេរាយការណ៍ថា បានកើតមាននៅក្នុងកាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងហាងខារ៉ាអូខេមួយកន្លែង នៅក្នុងអគារ «មជ្ឈមណ្ឌលរតនៈសម្បត្តិ» ដែលមានទីតាំងនៅក្នុងភូមិតាងួន២ សង្កាត់កាបទី១ ខណ្ឌពោធិ៍សែនជ័យ។
រឿងនេះគឺបង្កឡើងដោយ ជនជាតិចិន មិនស្គាល់អត្តសញ្ញាណ ចំនួន២ក្រុម មានទំនាស់គ្នា ចំនួន៣លើកក្នុងពេលផឹកស៊ីច្រៀងខារ៉ាអូខេនៅក្នុងតំបន់នោះ។
សារព័ត៌មានបានរាយការណ៍ថា នៅពេលផ្ទុះលើកទី១ និងលើកទី២ គឺកើតមានបាតុភាពដែលពួកគេ ដេញវាយកាប់ចាក់គ្នាស្តែងៗ ប៉ុន្តែពុំបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ហើយក៏ស្ងប់ស្ងាត់បន្តិច។ ប៉ុន្តែរំពេចនេះ ស្រាប់តែភាគីម្ខាងទៀត មានគ្នា៣នាក់ បានរត់ទៅយកអាវុធវែង២ដើម និងអាវុធខ្លី១ដើម ចេញពីក្នុងរថយន្ត ដែលចតនៅមុខអគារនោះទៅដេញបាញ់គូទំនាស់ ប៉ុន្តែបាញ់អត់បាន ក៏បាញ់មេឃ១គ្រាប់ រួចជិះរថយន្តគេចខ្លួនបាត់អស់តែម្ដង។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានចុះទៅធ្វើការស្រាវជ្រាវ ហើយបានរកឃើញរថយន្តចំនួន២គ្រឿង ដែលត្រូវជនជាតិចិន ប្លុងចោល នៅម្ដុំជិតកន្លែងកើតហេតុខាងលើ ព្រមទាំងបានធ្វើការឃាត់ខ្លួនបុរសជាជនសង្ស័យ ដែលជាជនជាតិចិន២នាក់ នាំទៅសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យផងដែរ។
តាមសេចក្តីរាយការណ៍សមត្ថកិច្ចបានរកឃើញអាវុធ AK47 ចំនួន២ដើម នៅក្នុងរថយន្តផងដែរ ពេលនេះនាំយកទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ជាមួយនឹងវត្ថុតាងទាំងនេះ ហើយឆ្លងតាមសាក្សី ក៏ដូចជារូបភាពកាមេរ៉ាដែលមាន សង្ឃឹមថា សមត្ថកិច្ចនឹងស្រាវជ្រាវរកក្រុមជនសង្ស័យនេះឲ្យឃើញពិតប្រាកដយកមកផ្តន្ទាទោសទៅតាមច្បាប់របស់កម្ពុជា ហើយក្រៅពីជនបង្ក សមត្ថកិច្ចក៏គួរតែស្រាវជ្រាវរុករកប្រភពនៃអាវុធទាំងនេះឲ្យឃើញ ហើយបង្រ្កាបឲ្យខានតែបានដើម្បីកុំឱ្យក្រុមជនបរទេសទាំងនេះអាចបន្តរកបានអាវុធទាំងនេះមកបង្កបញ្ហានិងគំរាមកំហែងសន្តិសុខសាធារណៈ ប៉ះពាល់ដល់ទេសចរណ៍ និង រំខានដល់ជីវភាពនិងការខិតខំរកស៊ីចិញ្ចឹមជីវិតពលរដ្ឋយើង៕
Daily Program
