បំពុលអាហារនិងគីមីពុលក្នុងអាហារ អ្នកលក់សូមបញ្ឈប់ទៅ
នរណាក៏ត្រូវការលុយ នរណាក៏ត្រូវការមាសប្រាក់ ប៉ុន្តែប្រសិនបើលោកអ្នកចង់បានទ្រព្យសម្បត្តិទាំងនេះតាមវិធីស្មោគគ្រោក ដូចជាការនាំចូលពពួកអាហារខូចគុណភាព ដាក់ថ្នាំលើអាហារ គឺគួរតែបញ្ឈប់ទៅ។
តាមផ្លូវសង្គមវាខុសសីលធម៌ វាមិនស្មោះត្រង់ឡើយ ហើយបើនិយាយអំពីខាងជំនឿវិញគឺវាបាបធ្ងន់ណាស់ដែលយករបស់ខូចគុណភាពយកមកលក់ហើយចែកចាយអោយគេទទួលទាន។
លោកអ្នកនាំចូលវត្ថុគ្មានគុណភាព ហើយចែកចាយពេញតែប្រទេស ស្មានថាលោកអ្នកអាចគេចរួចមួយជីវិត ឬនៅថ្ងៃណាមួយលោកអ្នកនឹងអាចទទួលទានប៉ះចំអាហារទាំងនោះដោយជៀសមិនរួចឡើយ។
បើថា លោកអ្នកគេចរួច ប៉ុន្តែវាមិនប្រាកដថា កូនចៅ និងអ្នកនៅក្នុងគ្រួសារលោកអ្នកជៀសមិនរួចឡើយ ដូច្នេះគួរតែភ្ញាក់រលឹកហើយបញ្ឈប់ការធ្វើអាជីវកម្មបែបនេះជាបន្ទាន់។
រកស៊ីថ្លៃថោកចំណេញតិច ឬច្រើន សូមរកស៊ីដោយថ្លៃថ្នូរប្រកួតប្រជែងដោយស្មើភាពហើយក៏ត្រូវតែស្មោះត្រង់នឹងមុខរបរ កុំចង់បានតែលុយពេកប្រយ័ត្នទុក្ខនិងទោសវាទៅដល់ខ្លួនឯង។
មកដល់ពេលនេះ រឿងបាតុភាពដាក់ថ្នាំលើចំណីអាហារ ការនាំចូលរបស់ខូចគុណភាពគឺនៅតែមានជាហូរហែរ ជាក់ស្តែងដុចជានៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយបសុពេទ្យ ស្ថាប័នពាក់ព័ន្ធបាននាំយកផលិតផលសាច់បង្កក ហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព ចំនួន៤មុខ បរិមាណជិត៦០០គីឡូក្រាមទៅបំផ្លាញចោល។
សាច់បង្កកទាំងនេះត្រូវបានគេដឹងថាមាន ជើងជ្រូក, អណ្តាតជ្រូក, ពោះគោ និងជង្គុងជើងមាន់ដែលសមត្ថកិច្ចចាប់បានបន្ទាប់ពីគេដឹកឆ្ពោះមកភ្នំពេញកន្លែងដែលមានតម្រូវការខ្ពស់ ។
បរិមាណនេះតិចបើធៀបនឹងអ្វីដែលសមត្ថកិច្ចរឹបអូសពីមុនមក ប៉ុន្តែមកដល់ពេលនេះមិនដឹងថា មួយថ្ងៃៗមានអ្នកដែលរកស៊ីនាំចូលអាហារខូចគុណភាពបែបនេះមកលក់ប៉ុន្មាននាក់ទេ នៅពេលនេះ ។
សរុបមកវិញ គួរតែបញ្ឈប់ ប្រសិនបើអ្នកមិនបញ្ឈប់ទេ នៅថ្ងៃណាមួយអ្នកនឹងទទួលទានអាហារខូចគុណភាពនេះដែរ ហើយនៅពេលនោះទុក្ខនិងទោសដែលគេកើតក៏នឹងកើតមាននៅលើខ្លួនអ្នក និងក្រុមគ្រួសារអ្នកដែរ ដូច្នេះគួរតែបញ្ឈប់ទៅ ហើយល្មមរកស៊ីឲ្យត្រឹមត្រូវ នឹងគេហើយដើម្បីខ្លួនយើង សង្គមយើង និងប្រទេសរបស់យើង៕