បើស្រលាញ់ និងចង់អភិរក្សប្រាសាទតើយើងគួរធ្វើម៉េច?

បើនិយាយអំពីគំនិតស្រលាញ់ និងអភិរក្សប្រាសាទបុរាណម្នាក់ៗលើកមេដៃហើយបើលើកមេជើងកើតគឺលើកថែមទៀត ប៉ុន្តែម្នាក់ៗនៅតែបន្តទុកឲ្យប្រាសាទបុរាណនានានៅក្នុងប្រទេសនៅឡើងស្ងាត់ជ្រងំនៅតែឯងនៅកណ្តាលព្រៃ ឬក៏ទីបុរាណដ្ឋាននោះ​។​

នៅកម្ពុជាមានប្រាសាទបុរាណជាច្រើន ហើយសូម្បីតែនៅត្រឹមខេត្តសៀមរាបមួយគឺមានប្រា​សាទបុរាណជាច្រើនរហូតស្គាល់ឈ្មោះមិនអស់ផង ប៉ុន្តែប្រាសាទបុរាណនៅខេត្តសៀមរាបជាពិសេសគឺនៅក្នុងរង្វង់នៃដែនអភិរក្សរបស់ប្រាសាទអង្គរវត្តគឺមានការថែទាំ​និង​ជួសជុលត្រឹមត្រូវ គ្រាន់តែមិនសូវមានអ្នកដែលនិយមទៅលេង ឡើយជាពិសេសគឺប្អួនៗយុវវ័យ ។​

នៅពេលនេះប្រសិនបើគេបង្កើតកម្មវិធិពីរដោយមួយអោយជ្រើសរើសទៅបោះតង់នៅកន្លែងទី១រ​មណីដ្ឋានធម្មជាតិដែលមានភ្នំ មានទឹក មានដើមឈើស្រសស្អាត និង ទី២ទៅបោះតង់នៅប្រាសាទបុរាណ ដែលជាមរតកដូនតានរាប់សិបឆ្នាំកសាងឡើងមកយ៉ាងលំបាកនិងឆ្លងកាត់នូវប្រវត្តិសាស្រ្តជាច្រើន ច្បាស់ជាភាគច្រើនគឺជ្រើសរើសជម្រើសទី១មិនខាន ។

តើអោយប្រាសាទបុរាណយើងគង់វង្សយ៉ាងម៉េចបើយើងស្រលាញ់តែមាត់ហើយមិននាំគ្នាទៅលេងទៅស្គាល់ទីនោះផង​នោះ ។ ទីកន្លែងណាក៏ដូចជាទីកន្លែងណាដែរ ប្រសិនបើមិនមានមនុ​ស្សទៅដល់ទីនោះអាចនឹងគ្មានការថែរក្សា ហើយនឹងទុកឲ្យទីនោះវិវត្តន៍ទៅមុខរងការខូច រងការបំផ្លាញដោយកត្តាផ្សេងៗ ដូច្នេះវាគឺជារឿងដែលគួរឲ្យសោកស្តាយ​។​

ជាការពិតប្រសិនបើយើងទៅលេងទៅបំផ្លាញវាគឺជារឿងមួយ ប៉ុន្តែប្រសិនបើយើងនាំគ្នាទៅលេងទៅជួយអភិរក្សទៅបង្កើតកម្មវិធីនេះកម្មវធីនោះ កម្មវិធីអប់រំផ្សព្វផ្សាយផ្សេងៗឲ្យមនុស្ស ស្គាល់ទីនោះ វាគឺជារឿងមួយប្រសើរ ។

មកដល់ពេលនេះនៅទូទាំងប្រទេសកម្ពុជាមានប្រសាទបុរាណរាប់ពាន់កន្លែងហើយភាគច្រើននៃប្រាសាទនិងទីបុរាណដ្ឋានទាំងនោះគឺច្រើនតែកំពុងតែរងការខូចខាតជាបន្តបន្ទាប់ដោយកត្តាធម្មជាតិ  ជាពិសេសគឺជនអគតិ ឬក៏អ្នកដែលខ្វះការយល់ដឹង ប៉ុន្តែប្រសិនបើទីនោះមានមនុស្សទៅដល់ មានការរិះគន់ ដូច្នេះសកម្មភាពនិងជីវិតសង្គមនៅតាមសហគមន៍នៅក្នុងតំបន់នឹងមានជីបចរនិងចលនា ដូច្នេះពួកគេអាចនឹងរួមគ្នាបន្តអភិរក្សការពារធនធាននិងមរតកនេះជាបន្តបន្ទាប់ ដែលអាចនឹងរក្សាភាពគង់វង្សដល់មនុស្សជំនាន់ក្រោយនៃយើង ។​

សរុបមកវិញនៅក្នុងនាមជាខ្មែរក្រៅពីគាំទ្រនិងចូលចិត្តនិយាយអំពីធម្មជាតិ អំពីមុខរបរ អំពីនេះអំពីនោះ ក៏គួរតែនាំគ្នានិយាយម្នាក់មួយម៉ាត់ហើយនាំគ្នាទៅលេងនៅតាមទីមរណីដ្ឋាននៅតាមទីបុរាណដ្ឋាននានាផង ។ ប្រាសាទបុរាណទាំងនេះក៏គួរតែទទួលបានការការពារ ការយកចិត្តទុកដាក់​និង មានតម្លៃដូចជាប្រាសាទនានាផងដែរ៕

 

Daily Program

Livesteam thumbnail