បើមិនបានជួយអ្វីទេ សូមកុំប៉ប៉ាច់ប៉ប៉ោយនាំឲ្យបរទេសមើលងាយ!

នៅពេលនេះក្រុមអ្នកនយោបាយនៅក្រៅប្រទេសបានចាប់ផ្តើមដើរប៉ប៉ាច់ប៉ប៉ោចផ្តេសផ្តាស់ពេញបណ្តាញសង្គម ដែលសកម្មភាពនេះ គឺទង្វើមួយដែលមិនគួរធ្វើនៅក្នុងអំឡុងពេលនេះ ដោយសារតែវាគឺជាពេលវេលាដែលយើងកំពុងតែរងនូវការគំរាមកំហែងដោយទង្វើអរិភាពពីប្រទេសជិតខាង។
អស់លោក/លោកស្រីនៅក្រៅប្រទេសគឺបានដេកក៏ស្រួល ដើរក៏ស្រួល ហើយហូបក៏ឆ្ងាញ់ ហេតុអ្វីមិនយកពេលវេលាឲ្យត្រឹមត្រូវរិះគិតពីបញ្ហាដែលមានប្រយោជន៍ និង មានគុណតម្លៃសម្រាប់សង្គម ប៉ុន្តែបែជាមកនិយាយប៉ាតណាប៉ាតណីមិនដឹងជាស្អីនាំឲ្យតែបរទេសមើលស្រាល។
អស់លោកនៅខាងក្រៅប្រទេសអស់លោកមិននៅក្នុងហេតុការណ៍អ្វីឡើយ គឺគ្រាន់តែបានជ្រាបតាមការដេកមើលឫស្តាប់ព័ត៌មានដោយត្រួសៗយ៉ាងមានសេចក្តីសុខ ប៉ុន្តែអ្នកដែលនៅក្នុងប្រទេស ជាពិសេសគឺបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែនភាគខាងលិចប្រទេសនេះទេ ដែលបានរងទុក្ខរស់នៅដោយព្រាត់ពីផ្ទះពីសម្បែង មករស់នៅតាមដែនជំរកដែលសមត្ថកិច្ចរៀបចំយ៉ាងប្រថុចញុច។
អស់លោកទាំងនេះមួយថ្ងៃៗគឺពិតជាអង្គុយតែនិយាយអំពីសភាពការណ៍បំភ្លៃ បំភ័ន្ត និង ព្យាយាមដាក់បន្ទុកនិងបន្តុះបង្អាប់នូវអ្វីដែលអ្នកដែលនៅខាងក្នុងបានកំពុងតែប្រឹងប្រែង បានកំពុងតែខិតខំ មួយថ្ងៃៗសឹងតែរកពេលសម្រាកគ្រប់គ្រាន់មិនបាន។
អស់លោកបន្ថយសម្លេងខ្លះទៅ ហើយព្យាយាមកុំបំពុលសភាពការណ៍បងប្អូនខាងកងកម្លាំងនៅសមរភូមិទាំងមុនទាំងក្រោយ គឺហត់នឿយគ្រប់គ្រាន់ហើយ នៅក្នុងបេសកម្មតាំងពី២៨ ខែឧសភា មកដល់ពេលនេះ ជាពិសេសគឺចាប់ពីថ្ងៃផ្ទុះអាវុធគឺ២៤ដល់អាធ្រាត្រ២៨ខែកក្កដា និង រហូតមកដល់ពេលនេះ។
ការប៉ះទង្គិច៥ថ្ងៃនិងភាពតានតឹងដែលបាននបន្តដល់ពេលបច្ចុប្បន្ននេះ បងប្អូនកងកម្លាំងគឺមិនទាន់បានសម្រាកពេញភ្នែកនៅឡើយទេ ដោយសារតែស្ថានភាពវានៅផុយស្រួយ ដែលនាំឲ្យពូកគេត្រូវត្រៀមខ្លួន ជានិច្ច ដូច្នេះប្រសិនបើឈប់បានគួរតែឈប់ ឫក៏និយាយដែរ ប៉ុន្តែគួរតែបន្តលើកទឹកចិត្តបងប្អូនកងកម្លាំងនានាវិញប្រសើរជាង។
មកដល់ពេលនេះបងប្អូននៅក្រៅប្រទេសជាច្រើនបានចេញមកនាំគ្នាធ្វើការតវ៉ាប្រឆាំងនឹងសកម្មភាពអមិត្តមកលើកម្ពុជាពីសំណាក់ភាគីថៃ ជាបន្តបន្ទាប់ ដូច្នេះអស់លោកគួរតែចូលរួមជាមួយពួកគេដែរ ប្រសិនបើអស់លោកនៅមានស្មារតីគោរពស្រលាញ់ជាតិពិតប្រាកដ។
សរុបទៅអ្នកដែលបាននិយាយគួរតែបញ្ចប់ទៅ ហើយបងប្អូនដែលបានឭសូមកុំយកចិត្តទុកដាក់អី ។ អ្វីដែលយើងគួរតែធ្វើនៅពេលនេះគឺបន្តគាំទ្រនិងឧបត្ថម្ភតាមលទ្ធភាពជាបន្តទៀតរហូតដល់យើងទទួលបានអំណះអំណាងនិងការធានានូវប្រក្រតីភាពឡើងវិញទើបប្រសើរ៕
Daily Program
