បើមិនបានជួយអីក៏ជួយអបអរដំណើរការកសាងព្រែកជីកហ្វូណនតេជោដែរ!

តាមប្រសាសន៍របស់ថ្នាក់ដឹកនាំទាំងស្ថាប័ននិតិបញ្ញត្តិ និងនិតិប្រតិបត្តិការសម្រេចចិត្តរបស់កម្ពុជានៅក្នុងដំណើរការកសាងព្រែកជីកហ្វូណនតេជោ គឺគ្មានអ្វីអាចទប់ស្កាត់បានឡើយ ពី​ព្រោះតែគម្រោងនេះត្រូវបានមើលឃើញថា គឺជាគម្រោងដែលនឹងផ្តល់ផលប្រយោជន៍ដ៏មហិមាដល់កម្ពុជា។

ចាប់តាំងពីកម្ពុជាទទួលបានឯករាជ្យពី​បារាំងមក កម្ពុជាក៏​មាន​គម្រោង​រៀបចំ​ឲ្យ​មាន​ព្រែក​ជីក​មួយ​ដែរ តែ​មិន​បាន​សម្រេច ហើយ​នៅ​ពេលនេះ គម្រោង​នេះ​បាន​ស្ថាបនា​ឡើង​វិញ និង​ត្រូវ​បាន​ដាក់​ឲ្យ​ចេញ​ជារូបរាង​ក្នុង​រវាង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ។ ព្រែកជីកនេះ​ មានតម្លៃជាប្រវត្តិសាស្រ្តមួយ​សម្រាប់​ប្រជាជន​កម្ពុជាយើង ដែលមានតម្លៃប្រមាណជា ១.៧០០ លានដុល្លារ។

ជាការពិតកម្ពុជាមានផ្លូវទឹកខ្វាត់ខ្វែងប្រៀបបាននឹងសរសៃឈាមនៅក្នុងខ្លូនមនុស្សមែន ប៉ុន្តែមកដល់ពេលនេះគ្មានផ្លូវទឹកឬបណ្តាញណាមួយដែលអាចតភ្ជាប់គ្នាទៅកាន់សមុទ្រឡើយ។ រាលទំនិញដែលកម្ពុជាចង់ដឹងជញ្ជូននាំចេញតាមផ្លូវសមុទ្រគឺដាច់ខាតត្រូវឡើងគោកសិន ឬក៏ត្រូវដឹកជញ្ជូនឆ្លងព្រំដែនប្រទេសជិតខាង។

ប៉ុន្តែនៅពេលដែលគម្រោងនេះកសាងរួចនោះកម្ពុជានឹងមានការតភ្ជាប់បណ្តាញផ្លូវទឹកកម្ពុជា​ ទៅសមុទ្រដែលនឹងធ្វើឲ្យកម្ពុជាកាត់បន្ថយបានថ្លៃដើមដឹកជញ្ជូនបានមួយកម្រិត ហើយម្យ៉ាងវិញទៀតវានឹងធ្វើឲ្យកម្ពុជាមានជម្រើសបន្ថែមទៀតសម្រាប់ពលរដ្ឋធ្វើដំណើរពីតំបន់សមុទ្រទៅផ្នែកផ្សេងៗនៃប្រទេសដោយប្រើប្រាស់ផ្លូវទឹក ដែលជាមធ្យោបាយដឹកជញ្ជូនតម្លៃថោក។​

ក្រៅពីបម្រើវិស័យដឹកជញ្ជូន ព្រែកជីកនេះនឹងបម្រើគុណតម្លៃផ្នែកទេសចរណ៍ ហើយវាក៏នឹងដល់​វិស័យ​កសិកម្ម ជាពិសេសគឺអភិវឌ្ឈន៍និងពង្រឹងសកម្មភាពសេដ្ឋកិច្ចតាមដងព្រែកជីក ដោយរួមទាំងវិស័យអចលនទ្រព្យផងដែរ ។

គម្រោងនេះត្រូវបានសម្តេចធិបតីប្រកាសថា នឹងកំណត់ពេលបើកការដ្ឋាននៅថ្ងៃទី៥ ខែ សី​ហា ឆ្នាំ២០២៤ខាងមុខ ហើយក្រោយមកសម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចហើយជាប្រធានព្រឹទ្ធសភា បានប្រកាសលើកទឹកចិត្តឲ្យពលរដ្ឋទូទាំងប្រទេសទូងស្គនិងរៀបចំព្រឹត្តិការណ៍ផ្សេងៗដោយរួមទាំងការបាញ់កាំជ្រួញផងដែរ ដើម្បីដំណើរការអបអរការបើកការដ្ឋានព្រែកជែកនៅពេលខាងមុខនេះ​៕

Daily Program

Livesteam thumbnail