បើមានភ្លើងស្តុបហើយមិនគោរព! ពិន័យគួរតែធ្ងន់ហើយអនុវត្តឲ្យតឹងតែងបំផុត
នៅពេលដែលទទួលបានព័ត៌មានថា ផ្លូវជាតិលេខ៥នឹងត្រូវបំពាក់ភ្លើងស្តុប វាពិតជាព័ត៌មានល្អបំផុត ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានកូនចិត្តមួយថា ទោះជាមានភ្លើងស្តុបបើមិនគោរពវាដដែលហ្នឹង ដូច្នេះប្រសិនបើមាន ហើយអ្នកណារំលោភគឺតែអនុវត្តតាមច្បាប់ឲ្យតឹងតែងបំផុត ហើយកុំលើសកុំលួសកុំកេងកុំចំណេញ ឫយកច្បាប់បង្កើតផលប្រយោជន៍ ។
តាមការចែករំលែករបស់អ្នកនាំពាក្យក្រសួងសាធារណការនិងដឹងជញ្ជូនបានឲ្យដឹងថា ភ្លើងស្តុបថ្មីចំនួន២៤ទីតាំង នឹងត្រូវដាក់ពង្រាយតាមបណ្តោយផ្លូវជាតិលេខ៥ដែលឆ្លងកាត់តាមខេត្តកំពង់ឆ្នាំង,ពោធិ៍សាត់,បាត់ដំបង និងបន្ទាយមានជ័យដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគិតគូរខ្ពស់លើចំណុចនេះ ដោយបានចង្អុលបង្ហាញឱ្យក្រុមការងារធ្វើកិច្ចការនេះឱ្យបានល្អ ឱ្យបានលឿន និងឱ្យមានប្រសិទ្ធភាពខ្ពស់។
ប្រភពពីក្រសួងបានបន្ថែមថា សម្ភារៈទាំងនោះបានដឹកទៅកាន់ទីតាំងដំឡើង ដោយបំពាក់តាមទីតាំងកំណត់ ដែលមានការសិក្សាត្រឹមត្រូវច្បាស់លាស់ ពីក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីមិត្តជប៉ុន។
មិនត្រឹមភ្លើងស្តុបនោះទេ ក្រសួងក៏នឹងបំពាក់បន្ថែមផ្លាកសញ្ញាចរាចរណ៍, ភ្លើងសញ្ញាចរាចរណ៍,ចំណាំងផ្លាតជាដើម។
នេះគឺជាព័ត៌មានមួយហើយសង្ឃឹមថា នៅពេលដែលក្រសួងតម្លើងនិងបំពាក់ឧបករណ៍ទាំងនេះហើយ ស្ថាប័នពាក់ព័ន្ធជាពិសេសគឺសមត្ថកិច្ចជំនាញនឹងពង្រឹងការត្រួតពិនិត្យច្បាប់ចរាចរណ៍ ប៉ុន្តែនៅពេលដែលពង្រឹងគឺគួរតែជៀសវាងដាច់ខាតករណីអនុវត្តលើសច្បាប់ ។ ក្រៅពីនោះក៏គួរតែកុំអនុវត្តច្បាប់ដោយឆក់ កណ្តៀតគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ។
រាល់ការផាកពិន័យគឺត្រូវអនុវត្តទៅតាមទោសទណ្ឌដែលមានចែកនៅក្នុងច្បាប់ កុំលើសកុំខ្វះកុំច្នៃ កុំកែខៃ ដើម្បីលាភសក្ការៈឫផលប្រយោជន៍ ។ ហើយអ្នកបើកបរនិងប្រើប្រាស់ផ្លូវទាំងអស់ក៏គួរតែចូលរួមគោរពនិងអនុវត្តតាមច្បាប់ឲ្យបានខ្ជាប់ខ្ជួន កុំអនុវត្តនៅមុខសមត្ថកិច្ច ហើយសមត្ថកិច្ចកុំលាក់គំនួចសម្លឹងផលប្រយោជន៍ជាធំ គឺសម្លឹងអ្វីដែលជាសុវត្ថិភាពអ្វីដែលជាការជំរុញការអនុវត្តច្បាប់ ។ ខុសថាខុស ត្រូវគឺត្រូវ ខុសគឺផាកពិន័យទៅតាមច្បាប់កំណត់។
សរុបទៅគ្រប់គ្នាគួរតែនាំគ្នាពង្រឹងហើយប្រើប្រាស់ច្បាប់ជាគោល បើយើងគ្រប់គ្នាយកច្បាប់ជាគោលមិនយកវាទៅកាឡៃឫកែច្នៃដើម្បីផលប្រយោជន៍ ឫ គោរពតែមុខសមត្ថកិច្ចអ្វីៗនឹងដដែលៗមិនខាន ។ ចូរយើងទាំងអស់គ្នានាំគ្នាគោរពច្បាប់ទាំងអស់គ្នាមិនថា ពលរដ្ឋ មន្រ្តី អ្នកតូចអ្នកធំ អ្នកមានអ្នកក្រឡើយ គឺគ្រប់គ្នាត្រូវគោរពច្បាប់ គោរពភ្លើងស្តុប ។