បើមានបច្ចេកវិទ្យាក្លូនសម្លេងនៅក្នុងបណ្តាញសង្គម ! កុំនាំគ្នាលេងល្អជាង
បច្ចេកវិទ្យាឥឡូវទំនើបមែន ដោយសារតែគេគ្រាន់តែថតចម្លងសម្លេងយើងតែប៉ុន្មានវិនាទី បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលយើងនិយមហៅថា AI គឺអាចបង្កើតសម្លេងរបស់យើងបានសឹងតែដូចគ្នាបេះបិទ ដូច្នេះសូមលើកកំពស់ការប្រុងប្រយ័ត្ន ។
បច្ចេកវិទ្យាក្លូនសម្លេងនេះទំនងជាអាចមានអ្នកចេះនៅកម្ពុជា ដូច្នេះសូមលើកកំពស់ការប្រុងប្រយ័ត្ន ហើយនៅក្នុងករណីដែលបច្ចេកវិទ្យានេះ ត្រូវបានគេប្រកាសឲ្យប្រើនៅលើបណ្តាញសង្គមដែលអនុញ្ញាត ឲ្យយើងសាកល្បងប្រើប្រាស់ទោះជាហេតុផលណាក៏ដោយសូមកុំលេងល្អជាង ។
នៅពេលដែលគេបង្កើតវាបានហើយដាក់ឲ្យប្រើប្រាស់ទូលំទូលាយ ហើយយើងខ្វះការប្រុងប្រយ័ត្ននេះតែនាំគ្នាលេងសប្បាយ នោះហានិភ័យនៃសង្គម ជាពិសេសគឺសណ្តាប់ធ្នាប់សាធារណៈនិងរបៀបរបបសង្គម ព្រមទាំងអត្តសញ្ញាណរបស់យើងម្នាក់ៗនឹងត្រូវច្រឡំវិលវល់ពេញទឹកពេញដីមិនខាន ។
នៅពេលដែលគេបង្កើតបាន ហើយដាក់ឲ្យយើងប្រើ យើងចេះតែនាំគ្នាលេងសប្បាយអត្តសញ្ញាណរបស់យើងអាចនឹងត្រូវជនខិលខូចឆ្លៀតឱកាសធ្វើនេះធ្វើនោះកែច្នៃបែបនេះបែបនោះ ហើយបង្ហោះផ្តេសផ្តាស់ នោះ បញ្ហានឹងកើតមាន ។
មកដល់ពេលនេះសម្រាប់អត្តសញ្ញាណរបស់មនុស្សម្នាក់ៗគឺសំគាល់ដំបូងនូវភាពខុសៗគ្នាដោយសារតែពណ៌សំបុរ លក្ខណៈរូបសម្បត្តិនិងរូបរាងកាយ ហើយចំណុចសំខាន់មួយទៀតគឺសម្លេងនេះឯង ។ សម្លេងនេះគឺជាអត្តសញ្ញាណចំបងមួយ ដូច្នេះបើគេយកអត្តសញ្ញារបស់យើងទៅប្រើប្រាស់ យើងអាចនឹងមានបញ្ហា ប្រសិនបើក្រុមនេះ ប្រើសម្លេងរបស់យើងទៅបង្កបញ្ញាខុសច្បាប់ ។
ហើយករណីខ្លះទៀតយើងម្នាក់ៗក៏អាចនឹងគ្រោះថ្នាក់បានដែរ ប្រសិនបើក្រុមជនខិលខូចលូចបានអត្តសញ្ញាណនរណាម្នាក់ដែលជាសមាជិកក្រុមការងាររបស់យើង ហើយគេយកសម្លេងដែលគេក្លួននេះ ទៅទាមទារឲ្យយើងធ្វើនេះធ្វើនោះ ឫមួយក៏បោកប្រាស់ នោះយើងនឹងមានអាចខូចប្រយោជន៍ ឫខូចការងារ ។
សម័យនេះបណ្តាញសង្គមបានកំពុងតែធ្វើឲ្យយើងបាត់អត្តសញ្ញាណរបស់យើងបន្តិចម្តងៗ ហើយនៅពេលដែលយើងប្រហែសអោយគេយកទាំងអត្តសញ្ញាណសម្លេងយើងបានថែមទៀតនោះ វាពិតជាបញ្ហាមួយដែលគ្រោះថ្នាក់ដែលទាមទារឲ្យយើងទាំងអស់គ្នាយកចិត្តទុកដាក់ដើម្បីសុវត្ថិភាពខ្លួនយើងផង និង ដើម្បីសង្គមយើងផង ។
សរុបទៅបច្ចេកវិទ្យារីកចម្រើនមែន ហើយយើងម្នាក់ៗគឺពិតជាទទួលបានអត្ថប្រយោជន៍និងគុណតម្លៃនៃការវិវត្តទៅមុខរបស់បច្ចេកវិទ្យា ប៉ុន្តែនៅក្នុងករណីដែលយើងខ្វះការប្រុងប្រយ័ត្ន នោះយើងនឹងអាចក្លាយជាជនរងគ្រោះដោយមិនដឹងខ្លួន។ ពេលមានអ្វីថ្មីសាកចុះ ប៉ុន្តែសូមលើកកំពស់ការបុ្រងប្រយ័ត្នហើយថ្លឹង ថ្លែងវិភាគរកចំណុចល្អនិងចំណុចខ្វះខាត ក៏ដូចជាហានិភ័យចំពោះខ្លួនយើងផងដែរ ។