បើមានបង្រ្កាប! មានបង្រ្កាប ហើយអនុវត្តតាមច្បាប់ សន្តិសុខនឹងប្រសើរ
បញ្ហាសន្តិសុខនៅក្នុងប្រទេសកម្ពុជា ដោយរួមទាំងរាជធានីភ្នំពេញ ប្រសិនបើមានករណីអសកម្មភ្លាមមានដំណោះស្រាយនិងមានវិធានការទាន់ពេលវេលានោះ បញ្ហានេះនឹងពង្រឹង ហើយសន្តិសុខនឹងប្រសើរផងដែរ។
ជាក់ស្តែងដូចជាករណីសហការគ្នារវាងស្ថាប័នសមត្ថកិច្ចជាច្រើនអង្គភាព ទាំងថ្នាក់ក្រសួង រហូតដល់មូលដ្ឋាន គឺបានចាត់វិធានការនិងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៦នាក់ ពាក់ព័ន្ធនឹងបទល្មើស ធាក់ និងយកកាំបិតប៉័ងតោ កាប់ជនរងគ្រោះប្លន់យកម៉ូតូ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន២៦ករណី ។
ជនសង្ស័យ ដែលភាគច្រើនជាយុវជន មានអាយុត្រឹមពី១៨ ទៅ ២០ ឆ្នាំ ប្រើប្រាស់ម៉ូតូជាច្រើនគ្រឿង បានព្រួតគ្នាបង្កករណីអសន្តិសុខរហូត ដែលជាបាតុភាពដ៏អវិជ្ជមាននៅក្នុងប្រទេស ដូច្នេះនេះគឺជាករណីវិជ្ជមានមួយ ហើយសមត្ថកិច្ចគួរតែពង្រឹងបន្ថែមទៀត ។
យើងខ្ញុំជាប្រជាពលរដ្ឋសូមគាំទ្រ និងសារទចំណាត់ការនិងវិធានការដែលបានដាក់ចេញរហូតដល់បានសម្រេចបិទសំណុំររឿងករណីទាំងនេះ ហើយសង្ឃឹមថា នៅពេលដែលមានករណីបទល្មើសបែបនេះ និង បទល្មើសផ្សេងៗទៀតកើតឡើងសមត្ថកិច្ចដុតដៃដុតជើងបង្រ្កាបដូចជា ករណីនេះនោះ សង្គមយើងនឹងលែងមានបញ្ហា។
សូមបន្តពង្រឹងវិធានការណ៍ក្តៅបែបនេះបន្តទៀត ហើយសូមកុំអោបដៃឈរមើលពេលពលរដ្ឋទៅប្តឹង។ នៅពេលដែលពលរដ្ឋទៅប្តឹងអស់លោកដុតដៃដុតជើង និងចាត់វិធានការឃើញលទ្ធផល ពលរដ្ឋនឹងវិជ្ជមានហើយនឹងចូលរួមយ៉ាងផុលផុសដើម្បីទប់ស្កាត់បញ្ហានេះ ជាបន្តទៀត ។
នៅក្នុងករណីពលរដ្ឋ និងកងកម្លាំងគ្រប់ស្ថាប័នសហការ និងរួបរួមសាមគ្គីគ្នាដោះស្រាយបញ្ហាទាំងនេះ ជាបន្តបន្ទាប់យើងខ្ញុំសង្ឃឹមថា មិនយូរទេ សង្គមយើងនឹងលែងមានបញ្ហ ប៉ុន្តែអ្វីដែលជាក្តីបារម្ភនោះ គឺថាអាចធ្វើតែមួយប្រាវ ហើយក៏ស្ងាត់ទៅវិញ រហូតដល់ជនល្មើសបានដៃ ធ្វើសកម្មភាពបន្តទៀត។
សរុបមកវិញនៅក្នុងករណីមានបាតុភាពបង្រ្កាប មានបង្រ្កាប គឺនឹងអស់មិនខាន ពីព្រោះជនទុច្ចរិតមានមែន ប៉ុន្តែពូកគេមានមិនច្រើនដូចជាពលរដ្ឋស្លូតត្រង់នោះទេ ហើយដូច្នេះ សូមបន្តនិងលើកកំពស់ករណីបង្រ្កាបរាល់បទល្មើសនានានៅក្នុងសង្គមរបស់យើង។ អំពើទុច្ចរិតនានា មិនគួរតែបន្តអោយកើតមានបន្តទៀតនោះឡើយ ដើម្បីសង្គមយើងមានសន្តិភាព និងមានសន្តិសុខពិតប្រាកដ៕